រាជធានីភ្នំពេញ ៖ ទោះបីកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង តាំងពីឆ្នាំ១៩៩៨មកម្លេះ ប៉ុន្តែមីន និងកាកសំណល់សង្គ្រាមរាប់ទស្សវត្សរ៍នៅលើទឹកកម្ពុជា នៅតែបង្កការភ័យខ្លាច គម្រាម កំហែងអាយុជីវិតពលរដ្ឋកម្ពុជារហូតមកដល់ពេលនេះ ។

ពលរដ្ឋរស់នៅក្នុងតំបន់ដែលមានមីន និងកាកសំណល់សង្គ្រាមក៏ពិបាកនឹងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួនឲ្យរីកចម្រើនលូតលាស់ណាស់ ពីពេលដីកសិកម្មពោលពេញដោយគ្រាប់មីននោះ ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជាបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ទៃក្នុង និងនៅតំបន់ព្រំដែន ។ ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានគ្រាប់មីនប្រហែលពី៤ ទៅ៦ លានគ្រាប់ ចាប់ពីខេត្តកោះកុងរហូតដល់ខេត្តព្រះវិហារ ។

លោកអភិបាលខេត្តថា គ្រប់មីន និងកាកសំណល់សង្គ្រាមទាំងនោះត្រូវបានគេដាក់នៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ និងការទម្លាក់គ្រាប់ពីលើអាកាសដោយសហរដ្ឋអាមេរិក មានជាង ២៧៥ លានតោន ។ ខេត្តឧត្តរមានជ័យជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឲ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។

«សង្គ្រាមបានចប់រលត់ទៅតែបានបន្សល់ទុកនូវគ្រប់មីននៅលើផ្ទៃដីចំនួនប្រមាណ ២៦០ ៧២ ហិកតា ដែលត្រូវសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កេរ្តិ៍ដំណែលពីសង្គ្រាមទាំងនេះមិនត្រឹមតែឆក់យកអាយុជីវិត នឹងធ្វើឲ្យពិការដល់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានឧបសគ្គ រារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀតផង» ។ នេះជាការគូសបញ្ជាក់របស់លោកប៉ែន កុសល្យ ។

អាជ្ញាធរខេត្តឧត្តរមានជ័យនិងអាជ្ញាធរមីន បានប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ ឆមាសទី១ឆ្នាំ២០២០ អត្រាជនរងគ្រោះដោយសារមីន និងកាកសំណល់សង្គ្រាម មានចំនួន ៣៦ នាក់ បានចុះថយចុះ ៤២% ប្រៀបធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន ៦២នាក់។
កម្ពុជា គ្រោងកម្ទេចសម្អាតកាកសំណល់សង្គ្រាមនិងគ្រាប់មីនឲ្យអស់ពីក្នុងដីនៅឆ្នាំ២០២៥។ លោកលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថា ការងារនេះ ត្រូវការធនធានមនុស្ស សម្ភារៈ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់។ លោកបញ្ជាក់ថាការងារដែលត្រូវនៅពេលនេះ គឺជំរុញការសផ្សព្វផ្សាយ អប់រំពលរដ្ឋ ឲ្យកាន់តែទូលំទូលាយពីគ្រោះថ្នាក់គ្រាប់មីននេះ៕
ចែករំលែកព័តមាននេះ