រាជធានីភ្នំពេញ ៖ មានប្រាក់ខែ៣ពាន់ដុល្លារអាមេរិកក្នុងមួយខែ ហើយងាកមកចិញ្ចឹមបង្កែប ស្តាប់ទៅទំនងគួរឲ្យឆ្ងល់បន្តិច ហើយអាចមានអ្នកខ្លះអាចនឹងហួសចិត្តផង ចំពោះការសម្រេចចិត្តរបស់បុរសម្នាក់នេះ ។ ប៉ុន្តែសម្រាប់ លោក រី វុទ្ធី ដែលបានចាប់មុខរបរចិញ្ចឹមកង្កែបនេះ គាត់អាចរកចំណូលចិញ្ចឹមគ្រួសារដោយស្រួលជាមួយការងារនៅនឹងផ្ទះខ្លួនឯងនេះ ។

លោកបាននិយាយដោយមោទនភាពថា គ្មានការងារអ្វីដែលប្រសើរជាងមុខរបរខ្លួនឯងនោះទេ ។ រកស៊ីខ្លួនឯងមានពេលវេលាឯករាជ្យសម្រាប់គ្រួសារច្រើនខុសពីការដែលធ្វើការឲ្យគេ ។

លោក រី វុទ្ធី ជាជាម្ចាស់កសិដ្ឋានមួយនៅ ក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ លោកបានបព្ចាប់ការសិក្សាជំនាញបច្ចេកវិទ្យាពត៌មាន (IT) កាលពីឆ្នាំ២០១២ បន្ទាប់មកគាត់បានទៅធ្វើការងារបច្ចេកទេសឲ្យក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសថៃជាង៦ឆ្នាំ ។

ការងារនៅប្រទេសថៃនោះ លោក រី វុទ្ធី ទទួលបានប្រាក់បៀវត្សប្រមាណ៣ពាន់ដុល្លារក្នុងមួយខែ ។ ប៉ុន្តែនៅឆ្នាំ២០១៦ គាត់បានវិលមកប្រទេសកំណើតវិញ ។ នៅកម្ពុជាគាត់ក៏អាចរកការងារធ្វើដែលមានប្រាក់ខែមិនតិចជាង១ពាន់ដុល្លារនោះដែរ តាមបទពិសោធន៍របស់លោក ។ តែគាត់សម្រេចចិត្តមិនធ្វើឲ្យការឲ្យគេទៀតឡើយ គាត់បានបង្កើតមុខរបរដោយខ្លួនឯងនោះ គឺរបរចិញ្ចឹមកបង្កែប ។ «ខ្ញុំសម្រេចចិត្តមិនទៅធ្វើនៅប្រទេសថៃ ព្រោះចង់មើលថែគ្រួសារក្រោយខ្ញុំបានរៀបអាពាហ៍ពិពាហ៍រួច ។ ខ្ញុំអាចរកការងារធ្វើស្រុកខ្មែរ តែខ្ញុំសម្រេចចិត្តឈប់ធ្វើការឲ្យគេទៀតហើយ ព្រោះធ្វើការឲ្យគេគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ និងមិនមានចំណូលទៀងទាត់នៅថ្ងៃអនាគត ។ មានតែការងារខ្លួនឯងទេ ទើបធ្វើឲ្យយើងឯករាជ្យ ពេលវេលានិងចំណូលទៀតទាត់» លោក វុទ្ធី បានបញ្ជាក់ ។

តាមពិត លោក រី វុទ្ធី បានផ្តើមចិញ្ចឹមកង្កែបតាំងពីឆ្នាំ២០១៦ ប៉ុន្តែគ្រាន់តែលោកមិនបានធ្វើការងារនេះដោយផ្ទាល់និងជាប់លាប់។ ពីដំបូងលោកបានប្រគល់កិច្ចការនេះឲ្យបងប្អូនអ្នកមើលថែ ហើយលោកឡើងចុះភ្នំពេញ បាងកកដើម្បីធ្វើការឲ្យគេនៅប្រទេសថៃ ។ នៅឆ្នាំ២០១៩លោកបានផ្តើមពង្រីកកសិដ្ឋានចិញ្ចឹមកបង្កែប ដោយភ្ញាស់កូនកបង្កែបលក់ផង ចិញ្ចឹមយកសាច់លក់ផង ។

ជាលទ្ធផលនៅពេលនេះ ក្នុងមួយឆ្នាំៗលោក រី វុទ្ធី បានលក់កង្កែបទៅផ្សារមិនតិចជាង១០តោនឡើយ ។ ចំណែកកូនកង្កែបរបស់គាត់ច្រើនរយក្បាលត្រូវគេទិញយកទៅចិញ្ចឹមក្នុងមួយថ្ងៃ ។

លោក រី វុទ្ធី ដែលមានអាយុ៣៤ឆ្នាំ បានិយាយថា ជាមធ្យមការចិញ្ចឹមកបង្កែបយកសាច់លក់ គឺប្រើពេលតែបីខែប៉ុណ្ណោះ។ ក្នុងរយៈពេលបីខែនេះ លោកលក់កង្កែបបានមិនតិជាង៣តោនឡើយ។ ក្នុងមួយឆ្នាំគាត់ចិញ្ចឹមកង្កែបបានពីបីទៅបួនដង ។ លោករី វុទ្ធី ឲ្យដឹងបន្ថែមថាជំងឺកូវដ១៩ ដែលធ្វើឲ្យវិស័យនានាប៉ះពាល់ខ្លាំង ប៉ុន្តែបើជាឱកាសល្អសម្រាប់ការចិញ្ចឹមកង្កែបវិញ។ «រាល់ថ្ងៃនេះ មានពលរដ្ឋច្រើនណាស់បានងាកមកចិញ្ចឹមកង្កែប ដោយសារគាត់មិនអាចទៅណាធ្វើកិច្ចការអ្វីកើត ម្យ៉ាងទៀតកង្កែបនាំចូលក៍បានកាត់បន្ថយ ទើបធ្វើឲ្យការចិញ្ចឹមក្នុងស្រុកមានសន្ទុះឡើង ហើយអ្នកចិញ្ចឹមអាចរកផលចំណេញបានគួរសម» ។

បច្ចុប្បន្នបង្កែបយសាច់ លក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាមហើយកូនកង្កែបលក់បាន៥០០រៀលក្នុងមួយក្បាល។ ម្ចាស់កសិកដ្ឋានដែលមានឈ្មោះថា មាគ៌ាជលសារលោក រី វុទ្ធី ពោលទាំងស្នាមញញឹមថា «ជាធម្យមខ្ញុំអាចរកផលចំណេញពី២០ទៅ៤០% នៃចំណូលដែលទទួលបាននោះ» ។
របៀបចិញ្ចឹមមានច្រើនវិធី មានការចិញ្ចឹមក្នុងទឹកនិងលើគោក ដូចជាចិញ្ចឹមក្នុងស្រះ ចិញ្ចឹមក្នុងកង់ឡាន និងក្នុងតង់កៅស៊ូជាដើម។ ចំណែកចំណីរបស់កង្កែបគឺមានចំណីដែលគេផលិតនិងចំណីធម្មជាតិ។ លោករី វុទ្ធី បាននិយាយថាការចិញ្ចឹមកង្កែបមិនលំបាកលើការប្រើកម្លាំងនោះទេ ប៉ុន្តែទាមទារឲ្យមានពេលវេលាមើលថែ បន្តិច។
អ្នកចិញ្ចឹមកង្កែបដែលកំពុងទទួលបានផលរូបនេះ បញ្ជាក់ថា ការចិញ្ចឹមបង្កែបនៅកម្ពុជា មានការចំណាយដើមទុនច្រើនជាងការចិញ្ចឹមនៅក្នុងប្រទេសថៃនិងវៀតណាម ដោយសារប្រទេសទាំងពីរគេអាចផលិតចំណីបានដោយខ្លួនឯងចំណេកកសិករខ្មែរទិញចំណីបង្កែបពីប្រទេសគេមកប្រកបរបរនេះ។ សាច់កង្កែបរបស់ប្រទេសវៀតអាចលក់ថោកជាកង្កែបចិញ្ចឹមក្នុងស្រុកដែរ។ និយាយមកដល់ចំនុចនេះ លោករី វុទ្ធី បានសំណូមពរដល់អាជ្ញាធរកម្ពុជាធ្វើយ៉ាងណាទប់ជួយទប់ស្កាត់កុំឲ្យមានការនាំចូលកង្កែបពីបរទេសមកចូលទីផ្សារកម្ពុជា ដើម្បីជាលើកទឹកចិត្តដល់ការចិញ្ចឹមក្នុងស្រុក។ ពីព្រោះថាក្នុងពេលបង្កែបក្នុងស្រុកលក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម កង្កែបវៀតណាមគេលក់តែ៦ពាន់រៀលប៉ុណ្ណោះក្នុងមួយកីឡូក្រាម៕
ចែករំលែកព័តមាននេះ