រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងថ្មី និងល្អមួយដែលរដ្ឋាភិបាលកម្ពុជានឹងបើកទូលាយអោយប្រជាពលរដ្ឋ ទាំងខ្មែរ និងបរទេសទទួលយកប័ណ្ណបើកបរអន្តរជាតិដែលអាចបើកបរ និងទទួលស្គាល់នៅប្រទេសចំនួន៩៩ប្រទេស រួមមានអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប ចាប់ពីពាក់កណ្ដាលខែសីហានេះតទៅ ។

នេះបើតាមការឲ្យដឹងរបស់ លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១០ ខែកក្កដានេះ ។

លោកអគ្គនាយកដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា អ្នកមានបណ្ណបើកបរជាតិអាចទៅធ្វើបានដោយស្រួល គ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាប័ណ្ណ និងរូបថត ដើម្បីទទួលបាននូវប័ណ្ណបើកបរអន្តរជាតិ ទទួលស្គាល់ដល់ទៅ៩៩ប្រទេសក្នុងនោះមានដូចជា ប្រទេសអូស្ត្រាលី បង់ក្លាដេស ប៊ុលហ្គារី ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង ឥណ្ឌា អ៊ីតាលី ប៉េរ៉ូ ហ្វីលីពីន ស៊ុយអែត ថៃឡង់ដ៍ សហរដ្ឋអាមេរិក វៀតណាម និងសាធារណរដ្ឋកូរ៉េជាដើម ។

លោកបានបន្តថា ប័ណ្ណបើកបរអន្តរជាតិ គឺមានដល់ទៅ ៧ភាសា រួមទាំងភាសាជាតិរបស់ខ្មែរ ភាសាបារាំង អង់គ្លេស រុស្ស៊ី អារ៉ាប់ ចិន និងអេស្បាញ ផងដែរ ។
សម្រាប់ការបង់ថ្លៃ ដើម្បីទទួលបានប័ណ្ណបើកបរអន្តរជាតិដែលមានសុពលភាពរយៈពេល១២ខែ គឺមានតម្លៃប្រហែល ២៥ ម៉ឺនរៀល និងចំណាយពេលត្រឹមតែមួយថ្ងៃយ៉ាងយូរ ។

លោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជួនបានមានប្រសាសន៍ថា «យើងមានប័ណ្ណបើកបរ ប៉ុន្តែជួនកាលយើងមិនមែនអាចយកឡានយើងចូល (ដីប្រទេសគេ) ។ ដូច្នេះបើសិនជាយើងធ្វើដំណើរតាមយន្តហោះយើងអាចចុះ (ដល់ប្រទេសគេ) យើងអាចជួលឡាននៅស្រុកគេយើងបើកបាន» ។

លោក ឈួន វ៉ន់ បានបញ្ជាក់បន្ថែមថា «រាល់ថ្ងៃនេះ សម្រាប់បងប្អូន (ខ្មែរ) យើងដែលចង់ទៅបើកបរនៅក្រៅប្រទេស គឺគាត់ត្រូវមកធ្វើការបញ្ជាក់នៅកន្លែងយើង យើងចេញលិខិតបញ្ជាក់មួយជាភាសាអង់គ្លេស ដែលគាត់អាចយកទៅប្រើប្រាស់នៅប្រទេសនោះបាន ។ អ៊ីចឹងប្រទេសមួយចំនួនគាត់ទទួលស្គាល់ការបញ្ជាក់របស់យើង » ។ នេះជាយន្តការអនុវត្តកន្លងមកលោកបានបន្តថា «ប៉ុន្តែពេលនេះយើងមានប័ណ្ណបើកបរអន្តរជាតិ ខ្ញុំជឿថា បងប្អូនយើងច្បាស់ជាប្តូរយកប័ណ្ណបើកបរអន្តរជាតិថ្មី ។ ក៏ប៉ុន្តែបើគាត់មានប័ណ្ណបើកបរអន្តរជាតិរបស់យើងហើយគាត់ទៅល្មើសច្បាប់ចរាចរណ៍ (នៅស្រុកគេ) គេមានសិទ្ធដកយកប័ណ្ណបើកបរអន្តរជាតិនេះទុក ប៉ុន្តែការដកទុកនោះមិនហួសពីសុពលភាពនៃវីសារយើង ដែលយើងស្នាក់នៅទីនោះទេ » ។

សម្រាប់ជនបរទេស បើគាត់មានប័ណ្ណបើកបរជាតិរបស់គាត់ គឺគាត់អាចប្តូរយកប័ណ្ណបើកបរជាតិខ្មែរបាន តែមិនមែនប័ណ្ណបើកបរអន្តរជាតិឡើយ ។ ត្រង់នេះមានន័យថា ជនបរទេសអាចដាក់ពាក្យប្រឡងយកប័ណ្ណបើកបរជាតិខ្មែរឲ្យបានសិន ហើយពេលបានប័ណ្ណបើកបរជាតិខ្មែរបានហើយ នោះគាត់អាចស្នើសុំយកប័ណ្ណបើកបរអន្តរជាតិបាន ៕
ចែករំលែកព័តមាននេះ