រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាស្ត្រីតែកាត់សក់ធ្វើជាប្រុស បានត្រូវចៅក្រមសា
លាដំបូងខេត្តកោះកុងម្នាក់ បើករថយន្តដេញបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្រោយពីជនសង្ស័យបានឆក់កាបូបរបស់គាត់ដែលនៅក្នុងនោះមានប្រាក់ជាង៦ពាន់ដុល្លារ ។
ទោះបីជាបែបណា ក្នុងពេលនោះលោកចៅក្រមវ័យក្មេងរូបនេះ មិនបានដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់គាត់ជាស្ត្រី តែងខ្លួនជាប្រុសនោះទេ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងបាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនសង្ស័យដែលរថយន្តបុកស្លាប់នេះឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ តែកាត់សក់តែងខ្លួនធ្វើប្រុស មានទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ២៣៦ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរថយន្តបុកពីក្រោយបោកក្បាលស្លាប់នៅនឹងកន្លែង ពេលព្យាយាមជិះម៉ូតូគេចខ្លួន ។
ចំណែកអ្នកដែលបើករថយន្តបុកមនុស្សស្លាប់នោះឈ្មោះ គង់ ខេមរា អាយុប្រហែល៤០ឆ្នាំ ដែលគាត់ប្រាប់ថា ជាចៅក្រមនៅសាលាដំបូងខេត្តកោះកុង ជិះរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។
តាមព័ត៌មានឱ្យដឹងថា ស្ត្រីជាជនសង្ស័យជិះម៉ូតូហុងដា ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HO-២៥៤៦ ពីខាងជើងទៅខាងត្បូង ក្នុងល្បឿនលឿន និងមានរថយនហាយឡែនឌ័រមួយគ្រឿងបើកដេញពីក្រោយ ។ លុះនៅពេលទៅដល់ចំណុចខាងលើ ក៏ត្រូវរថយន្តបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងតែម្តង ។
នៅក្នុងហេតុការណ៍នេះ ម៉ូតូត្រូវរថយន្តបុកដាច់ផ្លាកលេខ ប៉ើងខ្ទាតទៅលើចិញ្ចើមផ្លូវ ។ ភ្លាមៗគេឃើញកាបូបប្រាក់ខ្ទាតជ្រុះលើផ្លូវ ហើយម្ចាស់រថយន្តក៏ចុះរត់ទៅរើសយកមកវិញ ។
តាមម្ចាស់រថយន្ត ដែលបានអះអាងថា គាត់ជាចៅក្រមនៅសាលាដំបូងខេត្តកោះកុង បានឱ្យកោះសន្តិភាពដឹងថា គាត់ពុំមានចេតនាបុកជនសង្ស័យឱ្យស្លាប់នោះទេ ។ មុនពេលកើតហេតុ គាត់បានជិះរថយន្តទៅកាត់សក់នៅតាមផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅពេលគាត់ចុះពីថយន្តដោយកាន់កាបូបនៅនឹងដៃ ស្រាប់តែជនសង្ស័យរូបនេះ ធ្វើសកម្មភាពឆក់យកកាបូបរួចរត់គេចខ្លួន ។
ភ្លាមៗ គាត់បានជិះរថយន្តដេញតាមក្នុងគោលបំណងកៀរផ្តួលម៉ូតូ លុះមកដល់ចំណុចខាងលើ មានរថយន្តមួយគ្រឿងឆ្លងកាត់ ឯម៉ូតូជនសង្ស័យចាប់ហ្វ្រាំងបន្ថយលឿន ក៏ត្រូវរថយន្តគាត់បុកពីក្រោយបណ្តាលឱ្យជនសង្ស័យស្លាប់តែម្តង ។
តាមបុរសដែលអះអាងថា ជាចៅក្រុមរូបនេះឱ្យដឹងថា នៅក្នុងកាបូបគាត់ដែលត្រូវចោរឆក់នោះមានប្រាក់ជាង៦ពាន់ដុល្លារ ។ ក្រោយកើតហេតុ ចៅក្រុមរូបនេះ ត្រូវបាននគរបាលខណ្ឌសែនសុខ នាំទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
វីដេអូស្ដែងៗ ចោរស្រី ត្រូវរថយន្តលោកចៅក្រមបោះពួយបុកស្លាប់នៅនឹងកន្លែង
លោកចៅក្រមខេត្តកោះកុង បើករថយន្តតាមបំបុកស្ត្រីជាចោរឆក់ស្លាប់



គួររំលឹករឿងស្រដៀងគ្នា ឡើងវិញថា កាលពីវេលាម៉ោង១២ និង១០នាទីយប់ ឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ YUAN TANG ( ថាង យៀន ) អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា បើករថយន្តដេញបំបុកជនសង្ស័យ២នាក់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង ដែលបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ហេតុការណ៍នោះ ជនសង្ស័យជាចោរឆក់២នាក់ ម្នាក់ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿង ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្ត និយាយទូរស័ព្ទ ចំហកញ្ចក់ ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន ។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ត ដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យ ។
នៅល្ងាចថ្ងៃទី១៦ សីហា ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទដៃ បណ្តាលឱ្យស្លាប់ និង របួសដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន។ តាមការចោទប្រកាន់របស់កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៣បទល្មើស ទី១.បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨, ទី២.បទហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និង ៣.បទបើកបរដោយគ្មានប័ណ្ណអនុញ្ញាតិ ៧៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលកាលនោះ អាចប្រឈមជាប់ពន្ធនាគារពី៩ឆ្នាំ ទៅ២០ឆ្នាំ ៕
ចែករំលែកព័តមាននេះ