រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៨ ខែកក្កដា បានព្រមានថា រាល់គ្រប់រថយន្តនិងទំនិញគេចពន្ធដែលត្រូវបានសមត្ថកិច្ចរឹបអូសបានកន្លងមកនឹងត្រូវដាក់លក់ ក្នុងករណីបើម្ចាស់ទំនិញ និងរថយន្តគេចពន្ធមិនចូលខ្លួនដោះស្រាយជាមួយស្ថាប័នគយ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៨ ខែកក្កដា ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា យោងច្បាប់ស្តីពីគយ និងអនុលោមតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលគយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងរយៈពេលមិនលើសពី៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ចំពោះរថយន្ត និងទំនិញគេចពន្ធដែលបានរឹបអូសនឹងត្រូវដាក់លក់ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយនោះទេ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។
ប្រភពដដែលបន្តថា ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌដូចជា កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ។ ក្នុងរយៈពេលមិនលើសពី៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្តដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម៣០%ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
សូមបញ្ជាក់ថា ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបានរៀបរាប់ និងអនុលោមតាមបញ្ញត្តិមាត្រា ៥៤ និងមាត្រា៥៥ នៃច្បាប់ស្តីពីគយទេសយានយន្ត និងទំនិញទាំងនោះនឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយ(អគរ) នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈតាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ៕
ចែករំលែកព័តមាននេះ