រាជធានីភ្នំពេញ ៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស(CITES)កម្ពុជា (អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលប្រជានេសាទ ក៏ដូចជាអាជីវករលក់ដូរមួយចំនួន នៅតែបន្តនេសាទ និងលក់ត្រីប្រភេទកម្រជាច្រើនប្រភេទ ជាពិសេសគឺត្រីគល់រាំង ដែលជាប្រភេទត្រីកម្របំផុត ហើយដែលស្ទើរតែផុតពូជពីកម្ពុជាទៅហើយ ។
បើតាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែកក្កដានេះ ឯកឧត្តម ណៅ ធួក បានសរសេរថា ៖ «ខ្ញុំសូមអង្វរជនរួមជាតិ សូមមេត្តាកុំសម្លាប់ និងបរិភោគត្រីគល់រាំង ដែលជាត្រីតំណាងជាតិ កំណត់ដោយព្រះរាជក្រឹត្យ លេខនស.រកត/0305/149 ចុះថ្ងៃទី២១ មីនា ឆ្នាំ២០០៥ ។ រូបនេះ ថតបានពីផ្សារថ្មីកាលពីថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០នេះ!» ។
ថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី០៧ កក្កដា នេះ ឯកឧត្តម ណៅ ធួក បានមានប្រសាសន៍ថា ៖ “ខ្ញុំមានការសោកស្តាយមែនទែន នៅពេលដែលខ្ញុំទទួលបានព័ត៌មានថា នៅមានការនេសាទ និងលក់ដូរត្រីគល់រាំង ដែលជាប្រភេទត្រីកម្របំផុត និងជាប្រភេទត្រីតំណាងអត្តសញ្ញាណជាតិ នៅលើទីផ្សារ ។ ចំពោះត្រីប្រភេទនេះ គឺត្រូវបានហាមឃាត់តាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ឯណោះ ប៉ុន្តែប្រជានេសាទ ក៏ដូចជាអាជីវករ មួយចំនួននៅបន្តចាប់ នេសាទ ឬក៏លក់ដូរខ្លះៗ ដើម្បីបម្រើផលប្រយោជន៍បុគ្គលខ្លួន ក្រុមគ្រួសារខ្លួន ដោយពុំគិតពីផលបុណ្យ និងបាប និងការចូលរួមអភិរក្សប្រភេទត្រីកម្រនេះទៅវិញ” ។
ឯកឧត្តម ណៅ ធួក បានបន្ថែមថា “មានប្រជានេសាទមួយចំនួនធំ គឺបានចូលរួមជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ជាពិសេសប្រជានេសាទនៅតំបន់បឹងទន្លេសាប ដែលបន្ទាប់ពីនេសាទបានត្រីគល់រាំងហើយ ភាគច្រើនគឺបានចូលរួមសហការដោយព្រលែងចូលទៅក្នុងទឹកវិញ ប៉ុន្តែក្នុងករណីដែលត្រីគល់រាំងស្លាប់ហើយ ពួកគាត់បានរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធដើម្បីយកត្រីនេះទៅទុកសម្រាប់ជាប្រយោជន៍ផ្សេងៗ ដូចជាការពិសោធន៍ជាដើម ដោយប្រជានេសាទទាំងនោះគិតថា ការដោះលែងត្រីប្រភេទធំៗទាំងនេះ នឹងបានផលបុណ្យត្រលប់សងមកវិញ ប៉ុន្តែក៏នៅតែមានជនឆ្លៀតឱកាសមួយចំនួនតូច ដែលលួចនេសាទត្រីប្រភេទកម្រនេះ ដោយប្រើមងក្រឡាធំ (១តឹក ឬ២តឹក) ដើម្បីសម្រាប់តែចាប់ត្រីប្រភេទធំៗ និងកម្រទាំងអស់នេះ” ។
ឯកឧត្តម ណៅ ធួក ក៏បានសំណូមពរចំនួន០៣ ចំណុច៖ ទី១ សូមប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមយល់ដឹង ដោយកុំទិញ ឬបរិភោគត្រីកម្រ ជាពិសេសគឺត្រីគល់រាំងនេះ (បើគ្មានអ្នកហូប គឺគ្មានអ្នកលក់ បើគ្មានអ្នកលក់ ក៏គ្មានអ្នកនេសាទ) ។ ទី២ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តវិធានការផ្សព្វផ្សាយឱ្យប្រជានេសាទកាន់តែយល់ដឹង និងចូលរួមសហការការងារអភិរក្ស និងធ្វើការពិន័យ ឬក៏ដាក់ទោសទណ្ឌដល់គ្រប់ជន ដែលប្រព្រឹត្តបទល្មើសនេសាទ ។ និងទី៣ សូមប្រជានេសាទ កុំប្រើមងក្រឡាធំដើម្បីចាប់ត្រី ហើយក្នុងករណីចាប់បានត្រីប្រភេទកម្រ សូមព្រលែងចូលទៅក្នុងទឹកវិញ ។
សូមបញ្ជាក់ថា ត្រីគល់រាំង គឺជាត្រីតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ដោយហាមឃាត់ដាច់ខាត ការនេសាទ ទិញលក់ និងដឹកជញ្ជូន ហើយត្រីគល់រាំងនេះ គឺជាប្រភេទត្រីទឹកសាបដែលមានទំហំធំបំផុតមួយ គឺអាចមានប្រវែង ពី ២ម៉ែត្រ ទៅ ៣ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០គីឡូក្រាម ឯណោះ ៕




ចែករំលែកព័តមាននេះ