រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគ ដល់វិនិយោគិនកូរ៉េ ដើម្បីមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាបានត្រៀមស្វាគមន៍រួចជាស្រេច។

ការស្នើរបស់មន្ត្រី ជាន់ខ្ពស់រូបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកផាក ហឹងឃ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៧ កក្កដា ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េក្នុងពេលដ៏ខ្លីខាងមុខ។
លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក ។
លោកបានស្នើសុំឱ្យ ឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជាទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យដែលសាធារណរដ្ឋកូរ៉េមានសក្ដានុពលខ្ពស់ ៕
ចែករំលែកព័តមាននេះ