ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សិក្សា​ក្នុង​សង្គម​ខ្មែរ​នៅ​សម័យ​បុរាណ

9 ឆ្នាំ មុន

នៅ​ប្រទេស​កម្ពុជា ការ​សិក្សា​កើត​មាន​ហើយ តាំងពី​សម័យ​ព្រេងនាយ តែ​ការ​សិក្សា​នេះ​ដើម​ឡើយ​មាននៅ​តែ​ក្នុង​ព្រះរាជ​សំណាក់ ។ ព្រះរាជ​កុមា​រា ព្រះរាជ​កុមារី បុត្រ​ធីតា មន្ត្រី​តូច​ធំ សុទ្ធតែ​បាន​ទទួល​ការ​សិក្សា​បរិបូណ៌ ។ ប្រទេស​កម្ពុជា​កាន់​ព្រះពុទ្ធ​សាសនា និង​សាសនាព្រាហ្មណ៍ ដូច្នេះ​ការ​សិក្សា​

នៅ​ប្រទេស​កម្ពុជា ការ​សិក្សា​កើត​មាន​ហើយ តាំងពី​សម័យ​ព្រេងនាយ តែ​ការ​សិក្សា​នេះ​ដើម​ឡើយ​មាននៅ​តែ​ក្នុង​ព្រះរាជ​សំណាក់ ។ ព្រះរាជ​កុមា​រា ព្រះរាជ​កុមារី បុត្រ​ធីតា មន្ត្រី​តូច​ធំ សុទ្ធតែ​បាន​ទទួល​ការ​សិក្សា​បរិបូណ៌ ។ ប្រទេស​កម្ពុជា​កាន់​ព្រះពុទ្ធ​សាសនា និង​សាសនាព្រាហ្មណ៍ ដូច្នេះ​ការ​សិក្សា​ស្ថិត​ក្នុង​ឥទ្ធិពល​នៃ​សាសនា​ទាំង​ពីរ​នេះ ។

អត្ថបទ​បរិយាយ​ពី​ការ​សិក្សា​នៅ​សម័យ​បុរាណ​នេះ ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ យោង​តាម​ទស្សនាវដ្តី​ខេ​មរ​យាន​កម្ម​លេខ​៧ ឆ្នាំ​១៩៦៨ ។

សម័យ​នគរ​ភ្នំ
នៅ​សម័យ​នគរ​ភ្នំ ការ​សិក្សា​បាន​ចម្រើន​ហើយ ។ ភិក្ខុ​-​សាមណេរ បាន​ទទួល​ការ​សិក្សា​រហូត​ដល់​វិជ្ជា​ជាន់ខ្ពស់ ។ កាលនោះ​មាន​ព្រះ​ថេរៈ​អង្គ​ខ្លះ​បាន​រៀន​ដល់​ភូមិ​សិក្សា​កម្រិត​ខ្ពស់ ចេះ​វិជ្ជា​ច្រើន​ប្រការ​មាន​ភាសា​សាស្ត្រ​ជាដើម ជាក់ស្តែង​គឺ​ព្រះ​មហាថេរ​សង្ឃ​បាល ។ ក្នុង​រជ្ជកាល​ព្រះបាទ​កៅ​ណ្ឌិ​ន្យ គ្រឹ​ស្ត​សតវត្ស​ទី​៥ ព្រះ​មហា​ថេរៈ​អង្គ​នេះ​បាន​និមន្ត​ទៅ​កាន់​ប្រទេស​ចិន ។ ព្រះ​ចៅ​ក្រុង​ចិន ប្រោសប្រាណ​ណាស់​។ ព្រះ​មហាថេរ​សង្ឃ​បាល បាន​ប្រែ​ព្រះ​ត្រៃ​បិដក និង​គម្ពីរ​វិមុត្តិ​មគ្គ​ទៅ​ជា​ភាសា​ចិន​នៅ​ការិយាល័យ​នគរ​ភ្នំ (Founan Quang) នា​ប្រទេស​ចិន​។ ស្នា​ព្រះ​ហស្ត​ជា​ភាសា​ចិន មាន​សេចក្តី​វិសេសវិសាល​ណាស់ ពុំ​មាន​អ្នក​ណា​ម្នាក់​អាច​ស្មាន​បាន​ថា ជា​ស្នាដៃ​ខ្មែរ​ឡើយ ។ ដូច្នេះ​ហើយ បានជា​ព្រះ​ចៅ​ក្រុង​ចិន​សព្វព្រះរាជហឫទ័យ ហើយ​ថ្វាយ​ព្រះ​អង្គជា​សិស្ស ។ ទ្រង់​បាន​កសាង​វត្ត​មួយ​ប្រគេន សម្រាប់​ឱ្យ​គង់នៅ​ដោយ​ក្តី​ក្សេមក្សាន្ត​។ លទ្ធិពុទ្ធ​សាសនា​មហាយាន​ក្នុង​សាកលលោក បាន​ស្គាល់​ព្រះ​នាម​សង្ឃ​បាល​នេះ​ច្បាស់លាស់  ណាស់ ។ គេ​ថែម​ទាំង​បាន​ចារឹក​ព្រះ​នាម​នេះ​ទុក​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ចិន​ទៀត​ផង ។ កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា អណ្តែតត្រសែត​ខ្ពង់ខ្ពស់​ត្រឡុងត្រឡាយ​ដោយសារ​ព្រះ​មហាថេរ​អង្គ​នេះ រហូត​ដល់​សព្វថ្ងៃ ។

សម័យ​ចេ​ន​ឡា
ក្នុង​សម័យនេះ ការ​សិក្សា​ក៏​លូតលាស់​ចម្រើន​ណាស់​ដែរ ។ អ្នក​សិក្សា​អក្សរសាស្ត្រ​សំស្ក្រឹត​បាន​ទទួល​ការ​សិក្សា​ខ្ពង់ខ្ពស់​ហើយ​ដែរ ។ ក្នុង​រាជសំណាក់​មានត្រកូល​មន្ត្រីជាន់ខ្ពស់​មួយ មានការ​ចេះ​ដឹង​ដ៏​ពិសេស បានជា​ប្រធាន​មន្ត្រី​ច្រើន​រាជ្យ តាំងពី​រជ្ជកាល​ព្រះបាទ​រុ​ទ្រ​វរ្ម័ន គ្រឹ​ស្ត​សករាជ ៥១៤ រហូត​មក​ដល់​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​១ គ្រឹ​ស្ត​សករាជ ៦៨១ ។ ក្នុង​ត្រកូល​នេះ​មាន​មន្ត្រី​ម្នាក់​ឈ្មោះ​សឹ​ង្ហ​វី​រៈ​ជា​ចិន្តកវី​ឯក ក្នុង​រាជ្យ​ព្រះបាទ​ឦសាន​វរ្ម័ន គ្រឹ​ស្ត​សករាជ​៦២៦​។ កាព្យ​លោក ជា​កាព្យ​ជើងឯក ។ លោក​មាន​បុត្រា​មួយ​ឈ្មោះ​សិង្ហ​ទត្ត ធ្វើ​ជា​គ្រូពេទ្យ ហើយ​ជា​អ្នកប្រាជ្ញ​នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី  ១ ។ ព្រះរាជា​អង្គ​នេះ តែងតាំង​លោក​ជានា​យក​ក្រុង​អា​ឍ្យ​បុ​រៈ ។ លោក​សិង្ហ​ទត្ត​នេះ​ហើយ ដែល​តែង​អត្ថបទ​សិលាចារឹក​អង្គ​ជំនីក (​ពុទ្ធិកសិក្សា​ឆ្នាំ​ទី​២ លេខ​៨ ទំព័រ​៩) សរសើរ​បិតា​លោក​ថា «​ជា​កវី​ជើងឯក ចេះ​តែង​កាព្យ​ដ៏​ប្រសើរ ដែល​គេ​ផឹក​មិន​ចេះ​ឆ្អែត​» ។

សម័យ​មហានគរ
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បន្ត​ថា មក​ដល់​ពេល​នេះ​ការ​សិក្សា​ឡើង​ដល់​ថ្នាក់ខ្ពស់​បំផុត ។ មាន​អ្នកប្រាជ្ញ​ច្រើន​នាក់ ទាំង​អ្នកប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា ទាំង​ផ្នែក​សាសនាព្រាហ្មណ៍ ខ្លះ​ជា​បុរោហិត ខ្លះ​ជា​ព្រះរាជ​គ្រូ (​រាជ​គុរុ​) ។ ក្នុង​រាជសំណាក់ មាន​មហាវិទ្យាល័យ​ជាន់ខ្ពស់​សម្រាប់​ព្រះរាជ​ត្រកូល ។ នៅ​ក្នុង​វត្ត​ជ័យស្រី (​ព្រះ​ខាន់​) ព្រះ​នាង​ឥន្ទ្រ​ទេវី ជា​ព្រះ​អគ្គជាយា​នៃ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​ជា​សាកល​វិទ្យា​ធិ​ការ ។ នៅ​ក្នុង​វត្ត​រាជ​វិហារ (​តា​ព្រហ្ម​) ព្រះ​មហាថេរ​ថ្នាក់បណ្ឌិត​មាន​១៨​អង្គ ជា​សាស្ត្រាចារ្យ​មាន​២.៧៤០​អង្គ (​ប្រវត្តិ​ពុទ្ធសាសនា ប្រទេស​ខ្មែរ​ទំព័រ​៨៥) ។ ទាំង​អស់នេះ​ជា​សសរស្តម្ភ ទ្រទ្រង់​ការ​សិក្សា​នា​សម័យ​នោះ ។ ស្នាដៃ​អ្នកប្រាជ្ញ​ទាំងនេះ​មាន​តម្លៃ​រក​កាត់ថ្លៃ​មិន​បាន រក​គូ​ប្រៀប​បាន​ដោយ​កម្រ សូ​ម្បី​តែ​កវី​ព្រាហ្មណ៍​ដែល​នៅ​ក្នុង​ប្រទេស​ទន្លេ​គង្គា (​ឥណ្ឌា​) ក៏​មិន​អាច​យកឈ្នះ​បាន​ឡើយ ។ អ្នក​សិក្សា​ទាំង​ប៉ុន្មាន​កាលបើ​បានឃើញ​ស្នាដៃ​កវី​បុរាណ ពិសេស​ស្នាដៃ​កវី​សិវ​សោម ទិវាករ ព្រះ​នាង​ឥន្ទ្រ​ទេវី កិតិ​បណ្ឌិត ស្វ​រ្យ​កុមារ ។​ល​។ ហាក់ដូច​បាន​ក្រេបទឹក​អម្រឹត​ដែល​គេ​ផឹក​មិន​ចេះ​ឆ្អែត ។

សេចក្តី​ដូច​បាន​ពោល​ដោយ​សង្ខេប​មកនេះ​សរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​យើង​មានការ​សិក្សា​តាំងពី​សម័យ​ប​រុម​បុរាណ ហើយ​មានការ​សិក្សា​តាំងពី​ថ្នាក់ទាប​ដល់​ថ្នាក់ខ្ពស់​ទៀត​ផង ។

ចំពោះ​ការ​ចាត់​ថ្នាក់​សិក្សា​វិញ ទោះបី​មិន​បានដឹង​ជា​លំអិត ក៏​អាច​យល់​បាន​ថា មិន​មាន​អ្វី​ប្លែក​ពី​សម័យ​ក្រោយ គឺ​ក្នុង​គ្រឹ​ស្ត​សតវត្ស​ទី​១៩​ប៉ុន្មាន​ឡើយ ។

ការ​សិក្សា​សម័យ​បច្ចុប្បន្ន​នេះ មានការ​ចាត់​ថ្នាក់​ប្រកបដោយ​របៀបរៀបរយ​ល្អ​ទៅ​តាម​កាលៈទេសៈ ។

សម័យ​ក្រោយ​មហានគរ
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា ការ​សិក្សា​ក្នុង​គ្រឹ​ស្ត​សតវត្ស​ទី​១៦ ទី​១៧ ទី​១៨ ធ្លាក់​ចុះ​ទន់ខ្សោយ​ណាស់ ស្ទើរតែ​រលត់​ទៅ​ហើយ ។ តែ​ទោះបី​ជាយា​៉​ង​ណា ក៏​ការ​សិក្សា​នេះ​គ្រាន់តែ​រៀវ​ស្តួច​តូច តែ​មិន​ដល់​ថ្នាក់​ដាច់​នោះ​ឡើយ ។ លទ្ធិ​សាសនាព្រាហ្មណ៍​រលត់​បាត់​ទៅ​ហើយ តែ​ប្រពៃណី​សិក្សា​តាម​បែប​ព្រាហ្មណ៍​នោះ បាន​ជាប់​ស្ថិត​ស្ថិរ​រហូត​មក​ដល់​សម័យ ក្រោយ​ៗ ។ ខ្មែរ​កាន់​ពុទ្ធសាសនា ការ​សិក្សា​តែងតែ​ផ្អែក​លើ​ពុទ្ធសាសនា តែ​ប្រពៃណី​ការ​សិក្សា​នៅ​យក​តាម​លទ្ធិ​សាសនាព្រាហ្មណ៍ គឺ​យើង​ឱ្យ​កូនចៅ​ទៅ​នៅ​វត្ត (​សំដៅ​អំឡុង​ឆ្នាំ​១៩៦៨ ដែល​ទស្សនាវដ្តី​ខេ​មរ​យាន​កម្ម ផ្សាយ​ពី​អត្ថបទ​ស្តី​ពី «​ការ​សិក្សា​សម័យ​បុរាណ​» នេះ ) ព្រះ​មហាថេរ គឺ​សម្តេចព្រះសង្ឃរាជ រាជាគណៈ ឋានានុក្រម ចៅអធិការ​ជា​សាស្ត្រាចារ្យ ជា​គ្រូ ពោល​គឺ​វត្ត ជា​សាលារៀន វត្ត​ជា​សាកលវិទ្យាល័យ ។ វិជ្ជា​គ្រប់​បែប​យា​៉​ង​ស្ថិត​នៅ​ក្នុង​វត្ត ។ វត្ត​ជា​ជង្រុក ឬ​ឃ្លាំង​សារពើ​វិជ្ជា គឺ​អក្សរសាស្ត្រ គណិតសាស្ត្រ ហោរាសាស្ត្រ ពេទ្យសាស្ត្រ យុទ្ធសាស្ត្រ វិស្សកម្ម​សាស្ត្រ ។​ល​។ កុលបុត្រ កុលធីតា សុទ្ធតែ​ជា​សិស្សវត្ត ។ ចេញពី​វត្ត​ទៅ អាច​ជា​ព្រះមហាក្សត្រ សេនាបតី នាម៉ឺន​មន្ត្រី​កាន់​ក្រសួង​ត្បូង​ការ​នៅ​ក្នុង​ប្រទេស ។ ពាក្យ «​ក្រសួង​» ខ្មែរ​បុរាណ​ហៅ​ថា «​ទ្រូង​» ។

នេះ​ហើយ​ជា​ប្រពៃណី​ការ​សិក្សា​របស់​យើង​ពី​បុរាណ បានជា​គេ​ហៅ​វត្តថា «​ក្តី​=​កុ​ដ្តិ​» បាន​ន័យ​ថា អ្នក​ដែល​ចេញពី​វត្ត​សុទ្ធ​ជា​អ្នក «​ដឹងក្តី​» ។

នៅ​សតវត្ស​ទី​១៦ ទី​១៧ ទី​១៨ តាម​ដឹង​មក​ថា ការ​សិក្សា​របស់​យើង​ចុះ​រៀវ​រោយ​ពន់ពេក​ណាស់ ។ ក្នុង​សម័យ​នោះ មិនមែន​តែ​ការ​សិក្សា​ទេ អ្វី​ៗ​ក៏​ធ្លាក់​ស្រឹម​ចុះ​ទាំងអស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ។ គេ​ថា បើ​លោក​រលាយ​ហើយ ធម៌​ក៏​នឹង​ត្រូវ​រលាយ​ទៅ​ដែរ បើ​លោក​ចម្រើន​ធម៌​ក៏​ត្រូវ​ចម្រើន​ដែរ ។ តែ​លោក​ក៏​ត្រូវ​ពឹង​ធម៌ បើ​លោក​ដើរ​ម្នាក់ឯង ឥត​មានធម៌​នោះ មុខជា​ផ្ទុះ​ឆេះ​ចេញ​ជា​ភ្លើង ។

ក្នុង​សតវត្ស​ទី​១៩
មក​ដល់​សម័យនេះ​ការ​សិក្សា​ចាប់ផ្តើម​ចម្រើន​ឡើង​វិញ ។ សាស្ត្រា​ច្បាប់ សាស្ត្រាល្បែង សាស្ត្រាទេសន៍​កើតឡើង​ច្រើន ។ ការ​សិក្សា​វិជ្ជា​ជាន់ខ្ពស់​ក៏​កើត​មាន​ឡើង​វិញ ។ មាន​ចាត់ចែង​ឱ្យ​សិក្សា​ភាសាបាលី​នៅ​ក្នុង​ក្រុង ក្នុង​វត្ត ធំ​ៗ ។ អ្នកប្រាជ្ញ​ក៏​កើត​មាន​ច្រើន​ដែរ ។ ក្នុង​ព្រះរាជ​សំណាក់​ក៏​មានការ​សិក្សា នៅ​តាម​វត្ត​អារាម​ទាំងឡាយ​ទូទៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ ក៏​សុទ្ធតែ​មានការ​សិក្សា ។

ក្នុង​រាជ្យ​ព្រះបាទ​ហរិរក្ស​រា​មា (​ព្រះ​អង្គ​ដួង​) ព្រះ​អង្គជា​មហា​ស្តម្ភ​ដ៏​ប្រសើរ​ក្នុង​ការ​សិក្សា ។ ទ្រង់​ជា​អ្នកប្រាជ្ញ ទ្រង់​ជា​កវី ទ្រង់​ជា​បណ្ឌិត ទ្រង់​ជា​អ្នកនិពន្ធ​ដ៏​វិសេស ហើយ​ទ្រង់​ក៏​ជា​សាស្ត្រាចារ្យ​ឯក​ទៀត​ផង ។

ក្នុង​សម័យ​នោះ ព្រះ​បរមរាជវាំង​ឧដុង្គ​ជា​សាកលវិទ្យាល័យ ដែល​មានព្រះអង្គ​ដួង​ជា​សាកល​វិទ្យា​ធិ​ការ ។ ទ្រង់​បង្រៀន​វិជ្ជា​អក្សរសាស្ត្រ​ខ្មែរ វិជ្ជា​កាព្យ វិជ្ជា​និពន្ធ ទ្រង់​បង្រៀន​បាលី បង្រៀន​ធម៌ ទស្សនវិជ្ជា​ពុទ្ធសាសនា និង​វិជ្ជា ផ្សេង​ៗ​ទៀត​ផ្ទាល់​ព្រះ​អង្គ ។ ក្រៅពី​រាជ​ភារកិច្ច​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ដ៏​ធ្ងន់ ទ្រង់​បាន​ឆ្លៀត​ចំណាយ​ព្រះ​បរម​រាជ​វរោកាស ដ៏​មាន​តម្លៃ​របស់​ព្រះ​អង្គ​ទៅ​ក្នុង​ការ​សិក្សា ទ្រង់​បង្រៀន​ព្រះ​បរិយត្តិ​ធម៌​ដល់​ភិក្ខុ​សាមណេរ​ទៀត​ផង ។ ព្រះរាជ​ដំណាក់​ឃ្លាំង​ដែល​នៅ​ចំ​ពីមុខ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ឧដុង្គ ជា​មន្ទីរ​សិក្សា ។ ព្រះរាជ​បរិពារ ក៏​បាន​ទទួល​ការ​សិក្សា ។ ក្រៅពី​ភារកិច្ច​របស់​ខ្លួន ម្នាក់​ៗ​សិក្សា​បរិយត្តិ​ធម៌​រៀន​បែបបទ ផ្សេង​ៗ​តាម​បំណង រៀង​ៗ​ខ្លួន ដូច​ជា​ភិក្ខុ​សាមណេរ​នៅ​តាម​វត្ត​អារាម​ដែរ ។

ចាស់ទុំ​បាន​តំណាល​ថា ក្នុង​រដូវ​កាន់បិណ្ឌ​១៥​ថ្ងៃ ទូ​ទាំង​ព្រះរាជាណាចក្រ ក្នុង​ព្រះរាជ​ដំណាក់ ក៏​មាន​ធ្វើ​រាជពិធី​នេះ​ដែរ គឺ​មានការ​ធ្វើ​វត្ត​ព្រឹក​វត្ត​ល្ងាច ទៀប​ភ្លឺ ។ ពេល​ព្រឹក ព្រះរាជ​បរិពារ​ធ្វើ​វត្ត​ព្រឹក ហើយ​សូត្រ​បទ​បរាភវ​សូត្រ ដូច​នៅ​ក្នុង​វត្ត​អារាម​ដែរ ។ គេ​សូត្រ​បទ​នេះ​ពីរោះ​ណាស់ សំឡេង​ឮ​គ្រលួច​ទៅ​លើ​អាកាស​ឮ​រហូត​ចេញ​ទៅ​ក្រៅ​ព្រះ​បរមរាជវាំង​ទៀត​ផង ។ កាលនោះ​មាន​អ្នកស្រែ​ម្នាក់​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ភ្ជួរស្រែ លុះ​លី​នឹម​ដើរ​ដល់​មុខ​ព្រះ​បរមរាជវាំង ឮ​បទ​ពីរោះ​ពេក​ភាំង​ស្មារតី​គាំង​ដើរទៅ​មុខ​ពុំ​រួច ចេះ​តែ​លី​នឹម​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ទាល់តែ​ចប់​បទ​បរា ទើប​ដឹងខ្លួន​ដើរទៅ​ស្រែ​រួច ។ បទ​នេះ​គួរ​ពីរោះ​ពិត ព្រោះ​សុទ្ធតែ​សំឡេង​ស្រីស្នំ ក្រមការ​ដែល​បាន​សិក្សា​ពី​ព្រះ​ឱស្ធ​ផ្ទាល់ នៃ​ព្រះករុណា​ជា​ម្ចាស់ជីវិត ត្រឹមត្រូវ​ទៅ​តាម​ខ្ទាត​បន្ទាត់ មិនមែន​ចេះ​តែ​ស្រែក​ឱ្យ​តែ​ឮ ង៉ែ​ៗ​នោះ​ឡើយ ។

ការ​សិក្សា​វិជ្ជា​ភាសា​ខ្មែរ នៅ​ក្រោម​ព្រះ​រាជូបត្ថម្ភ​នេះ​ហ្មត់ចត់​ណាស់ ។ ពាក្យ មួយ​មា​៉​ត់​ៗ​ដែល​អាន​ចេញ​មក​សុទ្ធ​តែត្រឹម​ត្រូវជា​ភាសា​ខ្មែរ ដែល​ហៅ​ថា​បោ​រី​វាចា (​ភាសា​អ្នកក្រុង​) ដូច​ពាក្យ​ថា «​ពស់​» ត្រូវ​អាន​តួ «​ស​» ជា​ទន្តជៈ (dental) ប្រកប​ឱ្យ​ឮ​ខ្យល់ «​ស​» ចេញ​មក​តាម​ជើងធ្មេញ ។ ពាក្យ​ថា «​ពោះ​» ត្រូវ​អាន​កំបុត ព្រោះ​វិសគ៌ៈ ឬ​វិសជ៌នីយ គ្រាន់តែ​រះមុខ​ដូច្នេះ​ជាដើម ។

ព្រះករុណា​ជា​ម្ចាស់ជីវិត ទ្រង់​ជា​កវី​ឯក ។ ទ្រង់​បង្រៀន​ពាក្យកាព្យ បង្រៀន​ឱ្យ​ចេះ​តែងសេចក្តី ជា​កាព្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ តាម​លក្ខណៈ​បទ និង​តាម​ជើង​កាព្យ ដែល​មាន​ចែង​ក្នុង​កាព្យ​វិជ្ជា ដូច​សាស្ត្រា​កាកី ដែល​ជា​ព្រះរាជ​និពន្ធ​ស្រាប់ ។ សិស្ស​កវី​ក្នុង​ព្រះរាជ​សំណាក់ សុទ្ធតែ​បាន​ប្រឡង​ដោយ​ព្រះ​អង្គ​ផ្ទាល់ ស្តេច​ចេញ​ប្រថាប់​ជា​ប្រធាន​ក្នុង​ការ​ប្រឡង ។

ចាស់ទុំ​បាន​តំណាល​ថា ដង​មួយ​នោះ​ពេល​ប្រឡង​សិស្ស​កវី ព្រះករុណា​ជា​ម្ចាស់ជីវិត​ស្តេច​ចេញ​មក​ប្រថាប់​ជា​ប្រធាន​នៅ​ក្នុង​ព្រះរាជ​ដំណាក់​ឃ្លាំង សិស្ស​កវី​ចូល​មក​ប្រឡង​ពីរ​នាក់​ម្តង​ចំពោះ​ព្រះ​ភ័ក្ត្រ ។ ការ​ប្រឡង​នេះ ពុំ​មានការ​សរសេរ​ទេ គឺ​សិស្ស​កវី​ត្រូវ​សូត្រ​កាព្យ​ផ្ទាល់មាត់​តែ​ម្តង​។ សិស្ស​កវី​ម្នាក់​អង្គុយ​ក្នុង​បន្ទប់ សិស្ស​កវី​ម្នាក់​ទៀត​អង្គុយ​នៅ​ក្រៅ​បន្ទប់ ។ ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​កវី​ក្នុង​បន្ទប់​ចេញ «​អឺយ​» មុន កវី​ទី​មួយ​បញ្ចេញ​ថ្វីមាត់​ចប់ កវី​ក្រៅ​បន្ទប់​ចេញ «​អឺយ​» តប​វិញ​ភ្លាម មិន​ឱ្យ​បាត់ផ្សែង​សម្តី​មិត្ត​ខ្លួន​ទាន់​ទេ ។ កវី​ទាំង​ពីរ​លេងសម្តី​ផ្តោះផ្តង ឆ្លង​ឆ្លើយ​គ្នា ហូរ​ចេញ​ជា​ពាក្យកាព្យ ចាប់​ចុង​ជួន​រណ្តំ​គ្នា​យ៉ាង​ពីរោះ​ណែងណង គ្មាន​ឱ្យ​អាក់​បន្តិច​ឡើយ ។

ព្រះករុណា​ដែល​ទ្រង់​ជា​មេ​ប្រយោគ បាន​ផ្ទៀង​ព្រះ​កាណ៌​ចាំ​ស្តាប់ ។ កាលបើ​ឃើញ​ថា ត្រឹមត្រូវ​ហើយ ទ្រង់​សព្វព្រះរាជហឫទ័យ​ណាស់ ទ្រង់​ព្រះ​សម្រួល ហើយ​ប្រទាន​រង្វាន់​តាម​ការ​គួរ ទើប​តែងតាំង​ជា​កវី​ពេញ​លក្ខណៈ ។ សេចក្តី​នេះ​បញ្ជាក់​ថា ការ​សិក្សា​សម័យ​នោះ​ចាប់ផ្តើម​ចម្រើន​ហើយ ។ ក្នុង​ព្រះរាជ​សំណាក់​មានការ​សិក្សា​ជា​ពិសេស ។

នៅ​តាម​វត្ត​អារាម​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ ក៏​មានការ​សិក្សា​ដែរ ។ តើ​គេ​សិក្សា​តាម​របៀប​យ៉ាង​ណា ?

ការ​សិក្សា​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ដើម​ដដែល ។ មាន​តែ​កុមា​រា​ទេ​ដែល​បាន​ទទួល​ការ​សិក្សា ។ ឯ​កុមារី​វិញ ទោះបី​ពុំ​មានការ​ហាមឃាត់​ជា​ផ្លូវការ តែ​មាន​ទំនៀមទម្លាប់​ចង​ទូ​ទាំង​ប្រទេស​ថា មិន​គួរ​នឹង​ឱ្យ​ស្ត្រី​សិក្សា​ទេ វៀរលែងតែ​នៅ​ក្នុង​ព្រះរាជ​សំណាក់ ។ ការ​សិក្សា​សម័យ​នោះ សំដៅ​ទៅ​លើ​ការ​រៀនអក្សរ រៀន​អាន សូត្រ​កំណាព្យ ស្មូត្រ លេខនព្វន្ត ធម៌អាថ៌ និង​រៀន​វិជ្ជាជីវៈ ។ ក្នុង​ការ​រៀន​វិជ្ជាជីវៈ ខាង​ប្រុស​ៗ រៀន​អារ ចាំង ឈូស ដាប់ឈើ ធ្វើ​ផ្ទះ តុ ទូ ទូក ក្តារ ឥដ្ឋ ក្បឿង ត្បាញ​កញ្ជើ ល្អី កញ្ច្រែង ។​ល​។ ឯ ស្រី​ៗ​វិញ រៀន​រវៃសូត្រ អំបោះ ត្បាញ ធ្វើ​គោម ចង្កៀង ទៀន ធូប ។​ល​។ នៅ​ពេល​រៀន​ចេះ​ចប់ ម្តង​ៗ គេ​ធ្វើ​ពិធី​ប្រឡង​សាក​ចំណេះ​សិស្ស ។ ពិធី​ប្រឡង​ដែល​មាន​ភាព​ឧឡា​រិ​ក​អធិកអធម​ជាងគេ ច្រើន​ធ្វើ​នៅ​ឱកាស​មហា​កឋិន ។ បន្ទាប់​ពី​ប្រឡង​ខាង​អក្សរ លេខ និង​ធម៌អាថ៌​រួច ស្រី​ៗ​ត្រូវ​ទៅ​បញ្ចេញស្នាដៃ​ខាង​វិជ្ជាជីវៈ​ទៀត ។

គេ​ដាក់​ឱ្យ​សិស្ស​ស្រី​ទាំងនោះ​រវៃអំបោះ ត្បាញសំពត់ ដេរ​ជា​ស្បង់ ជ្រលក់​ពណ៌​ឱ្យ​ហើយ​ជា​ស្រេច​ក្នុង​មួយ​ថ្ងៃមួយ​យប់ ដើម្បី​យក​ទៅ​ដាក់​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ឱកាស​មហា​កឋិន ។ នៅ​ពេល​ជិត​ប្រឡង​នេះ ឧបាសក ឧបាសិកា ពី​ទី​ជិត​ឆ្ងាយ ចាស់ ក្មេង ក្រមុំ កំលោះ បាន​មក​មូល​មីរ ចោមរោម​ជិតជុំ មើល​សិស្ស​ប្រឡង​យ៉ាង​សប្បាយ​រីករាយ អធិកអធម ។

ការ​សិក្សា​ចែក​ទៅ​ជា​៤​ជាន់​គឺ
ជាន់​ដើម = រៀន​សរសេរ
កាល​កុមារ​ដឹងក្តី​ហើយ មាន​អាយុប្រមាណ​៧,៨,៩,១០​ឆ្នាំ មាតាបិតា​តែង​នាំ​កូន​ទៅ​ឱ្យ​សិក្សា​នៅ​វត្ត​រៀបចំ​សំពត់ ខោអាវ ខ្លួនប្រាណ​កូន ហើយ​រើស​រក​ថ្ងៃ​ល្អ ។ គេ​ច្រើន​យក​ថ្ងៃ​ព្រហស្បតិ៍ ព្រោះ​ថ្ងៃនេះ​ជា​ទេព្តា​សម្តី ហើយ​គេ​ជឿ​ថា​កុមារ​ចាប់ផ្តើម​រៀន​នៅ​ថ្ងៃនេះ​នឹង​ឆាប់​ចេះ​ដឹង ។ រើស​ថ្ងៃ​បាន​ហើយ នា​ពេល​ព្រឹក​មាតា​រៀប​អាហារ​ភោជន ទុកជា​ចង្ហាន់​ប្រគេន  លោក ។ លុះ​រៀប​រួច​ហើយ ស្វាមីភរិយា​នាំ​កូន​ទៅ​វត្ត ចូល​ទៅ​ជួប​លោកគ្រូ​ចៅអធិការ​ក្រាប​បង្គំ​បី​ដង បង្គាប់​កូន​ឱ្យ​ថ្វាយបង្គំ​បី​ដង ហើយ​លើក​ភោជនាហារ​ប្រគេន ទើប​ថយ​មក​អង្គុយ​នៅ​ទី​គួរសម លើកដៃ​ប្រណម្យ​ទូល​ថ្វាយ ៖

«​ព្រះ​តេជគុណ​ម្ចាស់​! ខ្ញុំព្រះករុណា​ទាំង​ពីរ​នាក់ នាំ​កូន​ឈ្មោះ​«…» មក​ប្រគេន​ទុកជា​សិស្ស​ឱ្យ​សិក្សា​ចំណេះវិជ្ជា មាន​អក្សរ លេខ​ជាដើម ។ សូម​ព្រះ​តេជគុណ​មេត្តាប្រោស​បង្ហាត់បង្រៀន ច្បាប់​លោក ច្បាប់​ធម៌ ចំណេះវិជ្ជា​គ្រប់​ប្រការ​ឱ្យទាន ។ ខ្ញុំព្រះករុណា​ទាំង​ពីរ​នាក់ សុំ​តែ​ភ្នែក​និង​ឆ្អឹង​ទេ សាច់ឈាម​ប្រគេន​ព្រះ​តេជគុណ​ទាំង  អស់ ។ ពាក្យ​នេះ​មាន​ន័យ​ថា សូម​មេត្តា​បង្រៀន​សព្វសារពើ​វិជ្ជា បើ​នៅ​ទាស់​ខុស​ឆ្គ​ង់​ត្រង់​ណា កាយ ឬ​វាចា​ចិត្តមេត្តា​ប្រោស​ពត់​ប្រដៅ​ឱ្យទាន ឱ្យ​ទាល់តែ​បាន​ទៅ​ជា​មនុស្ស​ចេះ​ដឹង​នឹង​គេ​» ។

និយាយ​ទូល​លោក​ហើយ បែរមក​និយាយ​នឹង​កូន​ថា ៖

«​ណែ​កូន​! ម៉ែ​នាំ​ឯង​មក​ប្រគេន​ព្រះ​តេជគុណ​ឱ្យ​សិក្សា​រៀនសូត្រ ។ កូន​ត្រូវ​ប្រតិបត្តិ​ព្រះ​តេជគុណ​កុំបី​ឱ្យ​មាន​ឆ្គាំឆ្គង មើល​បម្រើ​ទឹក​ក្តៅ​ទឹក​ត្រជាក់​តាម​ការ​គួរ ហើយ​ខំប្រឹង​រៀនសូត្រ​ឱ្យ​ចេះ​ដឹង ឱ្យ​ម៉ែ​បាន​សប្បាយចិត្ត ធ្វើ​វង្ស​ត្រកូល​យើង​ឱ្យ​រុងរឿង​តទៅ​» ។ កុមារ​ដែល​មាតាបិតា បាន​ប្រគល់​ទៅ​ឱ្យ​លោកគ្រូ​បាធ្យាយ ហើយ​ដេក​នៅ​ក្នុង​វត្ត​រហូត ហើយ​ប្រណិប័តន៍​គ្រូអាចារ្យ​តទៅ ។ ទំនៀម​នេះ​ហើយ​ជា​ប្រពៃណី​ខ្មែរ​យើង​ពី​បុរាណ ។ បើ​ពិនិត្យ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ទៅ នេះ​មិនមែន​ជា​ទំនៀមទម្លាប់​ខ្មែរ​សុទ្ធសាធ​ទេ ។ កាល​ដើម​ឡើយ​គឺ​ធ្វើ​តាម​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍ ។ ក្នុង​គម្ពីរ​ព្រាហ្មណ៍​ដូច​ច្បាប់​មនុ (Loi de Manu) ឬ​ច្បាប់​គ្រឹ​ហ្យ​សូត្រ​ស្តីថា កូន​ព្រាហ្មណ៍ កាលបើ​ដល់​អាយុ​សិក្សា​ហើយ (១០,១១,១២​ឆ្នាំ​) មាតា បិតា ត្រូវ​យក​ទៅ​ប្រគល់​ឱ្យ​ឫសី ជា​អ​ធ្យា​បក (​គ្រូបង្រៀន​) ដើម្បី​សិក្សា​ត្រៃវេទ (​ត្រ័យវិទ្យា​) ។ កុមារ​ព្រាហ្មណ៍​នេះ​ហៅ​ថា​ព្រា​ហ្ម​ចា​រិ​ន ឬ​ព្រហ្មចារី (​អ្នក​ប្រព្រឹត្ត​ឱ្យ​បាន​ទៅ​ជា​ព្រះព្រហ្ម ឬ​ប្រព្រឹត្ត​ឱ្យ​បាន​ក្តី​ប្រសើរ​) ។ កុមារ​ព្រាហ្មណ៍​នៅ​ជាមួយ​គ្រូ​រក​អាហារ​ភោជន​រក្សា​ភ្លើង​តទៅ​រហូត​ដល់​ចេះ​ចប់​ត្រៃវេទ និង​វេទាង្គ (​អង្គ​របស់​វេទ​៦​ប្រការ​) គឺ ៈ
១-​កល្បៈ សិក្សា​ឱ្យ​ចេះ​ធ្វើ​ពិធី​បូជា
២-​សិក្សា ៖ សិក្សា​សូរសាស្ត្រ
៣-​ឆ​ន ៖ សិក្សា​ក្បួន​កាព្យ
៤-​និរុត្តិ ៖ សិក្សា​អាន​វេទ​ឱ្យ​ត្រឹមត្រូវ​តាម​ជើង​កាព្យ
៥-​វ្យា​ករ​ណ៍ ៖ សិក្សា​វេយ្យាករណ៍
៦-​ជ្យោ​តិ​ស្ឋ ៖ សិក្សា​តារាសាស្ត្រ

លុះ​ចេះ​វេទ វេ​ទ្យា​ង្គ សព្វគ្រប់​ហើយ ទើប​ទទួល​បាន​នាម​ថា បារគូ (​អ្នក​ដល់​នូវ​ត្រើយ​នៃ​វិជ្ជា​) ។ ដល់​វិល​មក​ផ្ទះ​វិញ ទើប​មាតាបិតា​រៀប​ពិធី​ប្រសិទ្ធ​ឱ្យ​បាន​ពេញ​ជា​ព្រាហ្មណ៍​ពេញ​លក្ខណៈ គឺ​ទ្ធិ​ជៈ «​កើត​ពីរ​ដង​» គឺ​កើត​ពី​មាតា​ម្តង និង​កើត​ចេញពី​ត្រៃវេទ​ម្តងទៀត ។ ប្រពៃណី​ដូច​បាន​រៀបរាប់​មកនេះ ហៅ​ថា​ឧ​បន​យ​សំស្ការ គឺ​វិធី​ប្រសិទ្ធ​កូន​ឱ្យ​បានជា​ព្រាហ្មណ៍​ពេញ​លក្ខណៈ ។

ពាក្យ​ថា​ឧ​បន​យ​សំស្ការ មាន​ពីរ​មា​៉​ត់​គឺ ឧ​ប​នយន (​ឧ​ប​+​នី​) ប្រែ​ថា «​នាំ​យក​ទៅ​ប្រគល់​ឱ្យ​អ​ធ្យា​បក​=​គ្រូ​+​សំស្ការ (​សំ​+​កិ​រិ​) ប្រែ​ថា សម្រាំង ប្រសិទ្ធី ។ សំស្ការ​នេះ​នៅ​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ​ទាំងអស់​មាន​៤០​ប្រការ គឺ​ក្នុង​ជីវិត​ព្រាហ្មណ៍​ម្នាក់​ៗ​រាប់​តាំងពី​កើត​រហូត​ដល់​ស្លាប់​ទៅ​វិញ ត្រូវធ្វើ​សំស្ការ​៤០​ដង ឧទាហរណ៍ មានគភ៌​ល​ម្ព​ន​សំស្ការ (​ធ្វើ​ពិធី​ឱ្យ​ឧទរ​មានគភ៌ រហូត​ដល់​អាវាហ​វិវាហ (​ន័យ​ដើម អាវ​ហៈ​ពង្រត់​មក វិវាហៈ ពង្រត់​ទៅ គឺ​ពង្រត់​យក​កូនស្រី តម​ក​មាន​ន័យ​ថា នាំ​ទៅ​-​នាំ​មក គឺ​នាំ​ទៅ​រៀប​ការ​ឯ​ផ្ទះ​ស្រី ឬ​ផ្ទះ​ខាង​ប្រុស​) សំស្ការ​ជាទី​បំផុត ។ តែ​សព្វ​ថ្ងៃនេះ គេ​ច្រើន​ធ្វើ​តែ​១២​ប្រការ​ទេ ។ ដោយឡែក ប្រទេស​ខ្មែរ​យើង​មិន​ប្រើ​ពាក្យ «​សំស្ការ​» នេះ​ទេ ព្រោះ​យើង​កាន់​ពុទ្ធសាសនា ។ តាម​ពុទ្ធសាសនា​យើង​ប្រើ​ពាក្យ​មង្គល = «​សេចក្តីចម្រើន​» ជំនួស​វិញ ។ យើង​និយាយ​ថា អាវាហ​វិវាហមង្គល (​មង្គល​រៀប​ការ​) នាម​ករ​ណ​មង្គល (​មង្គល​ឱ្យឈ្មោះ​) សិប្ប​គ្គ​ហន​មង្គល (​មង្គល​ឱ្យ​រៀន​) ។​ល​។ ដូច្នេះ យើង​យល់​បាន​ថា ការ​សិក្សា​ប្រព្រឹត្ត​ទៅ​តាមបែប​លក្ខណៈ​ព្រះពុទ្ធ​សាសនា ។ ប៉ុន្តែ ប្រពៃណី​ជា​ព្រាហ្មណ៍​ផ្សំ​នឹង​ទំនៀម​ខ្មែរ កើត​បាន​ទៅ​ជា​អារ្យធម៌​មួយ​ឡើង​ដែល​ផ្សេង​ពី​ពុទ្ធសាសនា និង​លទ្ធិព្រាហ្មណ៍ ។

ឧបករណ៍​សិក្សា
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា កុដិ ឬ​សាលា ជា​សាលារៀន​គ្មាន​តុ កៅអី​ទេ ។ សិស្ស​ទាំងអស់​រៀន​រួម​គ្នា​តែ​កន្លែង​មួយ ។ ពេល​ព្រឹក​មិន​អាច​រៀន​បាន​ទេ ព្រោះ​ជា​ពេល​លោក​បិណ្ឌ​បាត្រ ។ ដូច្នេះ​ការ​សិក្សា​ច្រើន​ប្រព្រឹត្ត​ទៅ​នៅ​ពេល​រសៀល ចាប់ពី​ម៉ោង​មួយ ឬ​មួ​យក​ន្ល្ះ​រសៀល​ទៅ​ដល់​ពេល​ល្ងាច ម៉ោង​ប្រាំ ឬ​ប្រាំ​កន្លះ បន្ទាប់​ពី​លោក​ឆាន់ និង​សឹង​សម្រាក​ពេល​ថ្ងៃ​រួច​មក ។

ក្តារ​ឈ្នួ​ន ៖ ធ្វើ​ពី​បន្ទះ​ឈើ​ស្រាល (​ដើម​គ​) ទទឹង ០,២៥​ម៉ែត្រ បណ្តោយ ១,២០​ម៉ែត្រ មុខ​ម្ខាង​ឈូស​ស្អាត​លាប​ពណ៌​ខ្មៅ (​គេ​ច្រើន​ប្រើ​ធ្យូង​ដើម​ធ្លក សម្រាប់​លាប​ពណ៌​) សម្រាប់​សរសេរ ។ មុខ​ម្ខាង​ទៀត​គ្រាន់តែ​ឈូស​រំលីង តែ​មិន​លាប​ពណ៌​ទេ ព្រោះ​មិន​ប្រើ​សម្រាប់​សរសេរ​ឡើយ ។

ដីស ៖ គឺ​ដី​ដែល​មាន​ពណ៌​ស ។ គេ​ច្រើន​យក​ដី​នៅ​បាត​ស្រះ បាត​ស្ទឹង ទន្លេ យក​មក​លញ់​ឱ្យ​មូល ប៉ុន​ៗ​ម្រាមដៃ ហាលថ្ងៃ​ឱ្យ​ស្ងួត​ហើយ​ទើប​យក​មក​សរសេរ ។

ទឹក​ល្បប់ ៖ គឺ​ទឹក​ដែល​លាយ​ដោយ​សំណល់​ផ្សេង​ៗ ដូច​ជា​ផង់​ធ្យូង ម្រែងភ្លើង លាយ​ជាមួយនឹង​ទឹកបាយ ។ គេ​លាយ​ក្នុង​ត្រឡោក​ដូង ឬ​ក្នុង​កូន​ក្អម ទុក​សម្រាប់​លុប​ក្តារខៀន ។ ពេល​រៀន លោកគ្រូ​និមន្ត​ទៅ​កាន់​ទីកន្លែង​រៀន​។ សិស្ស​អង្គុយ​ជួបជុំ​គ្នា ដោយ​ពួក​ៗ តាម​ថ្នាក់ គឺ​សិស្ស​ទើប​រៀន​សរសេរ សិស្ស​មើល​សាស្ត្រា​ច្បាប់ សាស្ត្រាល្បែង សាស្ត្រាទេសន៍ ។ លោកគ្រូ​និមន្ត​ទៅ​ជិត​សិស្ស​ថ្មី​មុនគេ បង្គាប់​ឱ្យ​រៀន​អង្គុយបត់ជើង ឱ្យ​ដាក់​ក្តារខៀន​នៅ​លើ​ភ្លៅ យកដៃ​ឆ្វេង​ទ្រ​ក្តារ ដៃស្តាំ​កាន់​ដីស​សរសេរ ។ ដំបូង​លោកគ្រូ​ដាក់​ច្បាប់ (​អក្សរ​គំរូ​) បង្គាប់​ឱ្យ​កាន់​ដីស​ឱ្យ​សរសេរ​ពីឆ្វេង​ទៅ​ស្តាំ ។ លោក​ដឹក​ដៃ​ឱ្យ​រៀន​សរសេរ ។ ជួនកាល​បង្គាប់​ឱ្យ​សិស្ស​ដឹក​បន្ទាត់​កៀប ហើយ​បង្គាប់​សិស្ស​ឱ្យ​សរសេរ​អក្សរ​តាម​ចន្លោះ​បន្ទាត់​កៀប​នោះ ដើម្បី​ឱ្យ​អក្សរ​បាន​រត់ជួរ​ត្រង់​ល្អ ។

ជា​ពិសេស លោកគ្រូ​សរសេរ​បទ​នមស្ការ​បី​បទ ជា​អក្សរ​មូល​ទុកជា​ច្បាប់​អាទិ​តាំង​គឺ ៈ
ន​មោ ៖ សូ​មនស្ការ
ពុទ្ធា​យ ៖ ចំពោះ​ព្រះពុទ្ធ
សិ​ទ្ធំ ៖ សូម​ឱ្យ​បាន​សម្រេចការ​សិក្សា

ពេល​សិស្ស​កំពុង​សរសេរ លោកគ្រូ​បង្រៀន​ឱ្យ​អាន​បណ្តើរ ឱ្យ​អាន​បទ​នមស្ការ ជា​ភាសាសំស្ក្រឹត​នេះ ជា​ភាសា​ខ្មែរ គឺ​ឱ្យ​អាន​ថា ន មោ ពុ ទ្ធា យ សិ ទ្ធំ ឱ្យ​ចេញ​ជា​បទ​បែប​ដូច​តទៅ ៖
ន អឺយ ន​.​ន​.​ន​.
មោ​-​អឺយ មោ​.​មោ​.​មោ​.
ពុ​-​អឺយ ពុ​.​ពុ​.​ពុ​. (​អាន​ថា ពុត​)
ទ្ធា​-​អឺយ ធា​.​ធា​.​ធា
យ​-​អឺយ យ​.​យ​.​យ​.
សិ​-​អឺយ សិ​.​សិ​.​សិ​. (​អាន​ថា សិត​)
ទ្ធំ​-​អឺយ ទ្ធំ​.​ទ្ធំ​.​ទ្ធំ​. (​អាន​ថា ធំ​)

បើ​សិស្ស​សរសេរ​បទ​នមស្ការ​នេះ​បាន​ហើយ លោកគ្រូ​បង្រៀន​ឱ្យ​សរសេរ​ស្រះ​ពេញ​តួ គឺ អ អា ឥ ឦ ។​ល​។ ហើយ​បង្គាប់​ឱ្យ​អាន​ថា អ អឺយ អ​.​អ​.​អ​. ។​ល​។ តទៅ​ទៀត លោកគ្រូ​បង្រៀន​ឱ្យ​សរសេរ​ព្យញ្ជនៈ ក​.​ខ​.​គ​. ។​ល​។ ហើយ​ឱ្យ​អាន​តាម​ទំនង​ដូច​គ្នា ។ បន្ទាប់​ពី​នោះ លោក​ដាក់​ឱ្យ​រៀន​សរសេរ​ស្រះ​និស្ស័យ គឺ​ស្រះ  ា  ិ  ី រហូត​ដល់​ចប់ ។

រៀន​ចេះ​ស្រៈពេញតួ ស្រៈនិស្ស័យ និង​ព្យញ្ជនៈ អស់ហើយ លោកគ្រូ​បង្រៀន​បំបែក​ព្យញ្ជនៈ​ផ្សំ​នឹង​ស្រះ​និស្ស័យ ប្រកប​ព្យញ្ជនៈ​ផ្ញើជើង ជា​លំដាប់​ឱ្យ​ចេះ​សរសេរ និង​អាន​រត់មាត់ ។

ការ​រៀន​បែប​នេះ ហៅ​ថា «​រៀន​ផ្ទាល់មាត់​» ។ កាលបើ​សិស្ស​រៀន​ចប់​ផ្នែក​បំបែក​ផ្ញើជើង ប្រកប​ចប់​សព្វគ្រប់​ហើយ លោកគ្រូ​ប្រដៅ (​សាកល្បង​ត្រួតពិនិត្យ​សា​ឡើង​វិញ​) គឺ​សរសេរ​អក្សរ​ឱ្យ​សិស្ស​អាន​ឱ្យ​ត្រូវ ។ បើ​សិស្ស​អាន​រហ័ស​ស្ទាត់ជំនាញ​ហើយ លោកគ្រូ​ពិនិត្យ​មើលឃើញ​ថា​អាច​ទៅ​រួច​ហើយ ទើប​ឱ្យ​ឡើង​ទៅ​មើល​សាស្ត្រា​ច្បាប់ ។

ជាន់​ទី​២ ៖ រៀន​មើល​សាស្ត្រា​ច្បាប់
ការ​រៀន​មើល​សាស្ត្រា​ច្បាប់​នេះ គឺ​ដំបូង​ឱ្យ​រៀន​មើល (​អាន​) ជា​ពាក្យរាយ មិន​ទាន់​ឱ្យ​មើល (​អាន​) ជា​បទ​តាម​ច្បាប់​ទេ ព្រោះ​សាស្ត្រា​ច្បាប់​ទាំងអស់​សុទ្ធតែ​ពាក្យកាព្យ ដូច​ជា​សាស្ត្រា​ច្បាប់ក្រម កេរកាល ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់​រាជនេតិ (​ច្បាប់​ព្រះរាជ​សម្ភារ​) ។​ល​។ លោកគ្រូ​នាំ​ឱ្យ​រៀន​អាន​ត្រឹមត្រូវ​ច្បាស់លាស់ តាម​តួអក្សរ រួច​ទើប​ឱ្យ​សិស្ស​អាន​ដោយ​ខ្លួនឯង​តទៅ ។ គេ​អាន​ហើយ​អាន​ទៀត អាន​ច្រើន​លើក​ច្រើន​សា ទាល់តែ​ចាំ​ស្ទាត់​រត់មាត់ អាច​សូត្រ​មាត់ទទេ​បាន ដោយ​មិនបាច់​មើល​អក្សរ ។ ការ​អាន​នេះ លោកគ្រូ​ផ្ទៀង​មើល និមន្ត​ទៅ​អង្គុយ​ជិត ហើយ​បង្គាប់​ឱ្យ​សិស្ស​ចាប់​សាស្ត្រា​អាន តាំងពី​ដើម​ដល់​ចប់ បើ​លោក​ឃើញ​ថា សិស្ស​នេះ​ចេះ​អាន​ស្ទាត់ជំនាញ​ហើយ លោកគ្រូ​ពន្យល់​សេចក្តី​ក្នុង​សាស្ត្រា​ច្បាប់​នោះ​បន្ថែម​ទៀត ។ ធម្មតា​ច្បាប់​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ រួច​ទើប​លោក​ឱ្យ​ឡើង​មួយ​ថ្នាក់​ទៀត គឺ​មើល​សាស្ត្រាល្បែង​តទៅ ។

ជាន់​ទី​៣ ៖ រៀន​មើល​សាស្ត្រាល្បែង
ការ​រៀន​មើល​សាស្ត្រាល្បែង (​រឿងល្បើក​រឿង​ប្រលោមលោក​ជា​ពាក្យកាព្យ​) មាន​ទំនង​ដូច​គ្នា​នឹង​រៀន​មើល​សាស្ត្រា​ច្បាប់​ដែរ ។ តែ​ម្តងនេះ​លោកគ្រូ​ឱ្យ​រៀន​អាន​ចេញ​ជា​បទ ។ ព្រោះ​សាស្ត្រាល្បែង​ទាំងអស់ សុទ្ធតែ​បាន​តែង​និពន្ធ​ឡើងជា​បទ​ទាំងអស់ មាន​កាកគតិ ព្រហ្មគីតិ ភុជង្គលីលា ពំនោល បន្ទោលកាក ។​ល​។ សាស្ត្រាល្បែង​មាន​ច្រើន​ច្បាប់​ដូច​ជា​សាស្ត្រា​ច្បាប់​ដែរ គឺ​សាស្ត្រា​ជុច សុបិន ហង្ស​យន្ត វិមាន​ច័ន្ទ ស័ង្ខ​សិល្ប៍​ជ័យ ជ័យ​ទត្ត សព្វ​សិទ្ធិ ។​ល​។ លោកគ្រូ​បង្រៀន​ឱ្យ​មើល​តាម​បទ សិស្ស​ថា​តាម ទាល់តែ​ត្រូវ​បទ​ទើប​ឱ្យ​សិស្ស​អាន​ខ្លួនឯង​តទៅ ។ គេ​មើល (​អាន​) ដដែល​ៗ សា​ចុះ សា​ឡើង ទាល់តែ​ចាំ​ស្ទាត់ ទើប​ផ្លាស់​ទៅ​អាន​សាស្ត្រា​មួយ​ផ្សេង​ទៀត រហូត​ទាល់តែ​អស់ សាស្ត្រា​ដែល​មាននៅ​ក្នុង​វត្ត ។ លោកគ្រូ​ផ្ទៀង​មើល​ទៀត បើ​ឃើញ​សិស្ស​ចេះ​អាន​បទ​ត្រឹមត្រូវ​ហើយ លោក​ឱ្យ​ឡើង​ទៅ​មើល​សាស្ត្រាទេសន៍ ។

ជាន់​ទី​៤ ៖ ការ​រៀន​មើល​សាស្ត្រាទេសន៍
ការ​រៀន​មើល​សាស្ត្រាទេសន៍ មាន​ទំនង​អាន​ផ្សេង​ពី​សាស្ត្រ​ល្បែង ព្រោះ​គេ​សរសេរ​ជា​ពាក្យរាយ​ធម្មតា តែ​មិនមែន​ជា​ពាក្យរាយ​ធម្មតា​សុទ្ធសាធ​នោះ​ទេ ។ ពាក្យ ឬ​កម្រង​ពាក្យ​ទាំងនោះ ជួន​រណ្តំ​គ្នា​រដឹក​ទៅ ដែល​គេ​និយម​ហៅ​ថា​កម្រងកែវ ។ ដូច្នេះ​លោកគ្រូ​បង្រៀន​សិស្ស​ឱ្យ​អាន លើកដាក់​សំឡេង​តាម​បែប​ទេសន៍ ។ គេ​ហៅ​ថា រៀន​ទេសន៍ ។ សាស្ត្រាទេសន៍ មាន​ច្រើន​ច្បាប់​ដែរ ដូច​ជា​សាស្ត្រា​អានិសង្ស អានិសង្ស​ចម្លង​បុណ្យ អានិសង្ស​ខ្មោច ។​ល​។ រហូត​ដល់​សាស្ត្រាទេសន៍ ធំ​ៗ ដូច​ជា​ទសជាតក​ជាដើម ។

សិស្ស​រៀន​ដល់​ថ្នាក់​នេះ ចាត់ទុកជា​សិស្ស​ជាន់ខ្ពស់​ហើយ ។ អ្នកនិពន្ធ​ទសជាតក សុទ្ធតែ​ជា​អ្នកមាន​ស្នាដៃ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ។ ពាក្យពេចន៍​ខ្ពស់​មាន​អាថ៌​សេចក្តី​ស​គម្ពីរ​ភាព ពាក្យរាយ តែ​ចួន​រណ្តំ​គ្នា មើលទៅ​មិន​អាក់ ពីរោះ​ស្តាប់​គួរ​ឱ្យ​ចង់​មើល ដូច​ពាក្យ​តទៅ​នេះ ៖

«​ព្រ​ហ្មេ ម្នាល​ព្រាហ្មណ៍​អើយ ! រី​ព្រៃ​ខេត្ត​ហេមពាន្ត សឹង​ដ៏​ជា​សំណាក់​នៃ​បក្សាបក្សី តែង​អាស្រ័យ​នៅ​សព្វ​វេលា ហើរ​នា​វេហាស៍ យាស​យំ ចុះ​មក​ទំ​ដោយ​លង្វែក​មែក​សាខា ខ្ញៀវខ្ញារ ដោយ​ភាសា ឮ​សូរ​ល្វេងល្វើយ ។ ឯ​បក្សី​ទាំងឡាយ​នោះ គឺ ក្រួច ក្រៀល ខ្យង ត្រយង​យំ​ថ្ងូរ តុ​ក​ទ្រូ ហ៊ូ​ហ៊ូ តាវៅ ស្វិតចៅ អា​អាត ក្ងាន ក្ង​ក្ងោក ប៉ោលតោក ត្រុំ ថ្លុំ ស្ទាំង ភូវាំង លលក សារិកា សឹង​ហើរ​ឆ្វៀលឆ្វាត់ ឆ្លេឆ្លា​ទៅ​មក ឆ្មៀង​រក​ចំណីអាហារ ។ សំឡេង​កង្កួច ឮ​គ្រលួច​បីដូច​តូរ្យតន្ត្រី ត្រែ​ស័ង្ខ រគាំង​ភេរី ពិណពាទ្យ រនាត ពីរោះ​រងំ ។​ល​។

រី​អស់​ព្រៃ​ព្រឹក្សា​នោះ មាន​ពណ៌​ទីទៃ​ពី​គ្នា ពុំ​ដឹង​នឹង​ប្រាប់​ទេ ។ មាន​ព្រីង ព្រូស ជន្លូស​ដៃខ្លា គគីរ ឆាំឆា ពុកឆ្មា មហាហង្ស មាន​ទាំង​ព្នឹ​ល ព្នៅ បង្គា​បង្គៅ មាក់ប៉ែន គូលែន សិរមាន់ ចាន់ មាក់បាត លាំងសាត ធុ​រេ​ន មៀន ប្រដាក់ មាក់ប្រេង មាក់ប្រាង មាក់សាង មាក់ដោក ឪឡោក ស្រឡៅ តាត្រៅ អង្កោល អង្កាញ់ កណ្តក់ ចំបក់ រាំងភ្នំ ស្រគំ ពង្រ ញ កកោះ លំ​ពោះ​ក្រវាន់ ចន្ទន៍​ក្រស្នា ។​ល​។

មួយ​សោតឯ​ស្រះស្រង់ បោក្ខរណី មានទឹក​ថ្លាយង់​ដល់​ដី មីរដេរដាស​ដោយ​ផ្កា ឧប្បល​ចង្កុលណី លំចង់​ស្បង្ក័ជ សឹង​ដ៏​ដុះ​លាយ​លេច​គ្នា មាន​ផ្កា​រីក​រហង់ មាន​ហ្វូង​មច្ឆា​ហែបហែល​រេរា​ទៅ​មក ក្រ​ហោ​ក្រ​ហែ ទ្រនេល បបែល​កំភរ កំ​ភុ​ក មាន​ទាំង​ត្រី​ឆ្ពិន ត្រី​ស្លាត អណ្តាតឆ្កែ ឆ្កោក គុ​ជ្រា អណ្តែងងាំង គល់រាំង រាហូ ឆ្តោ ផ្ទក់ ក្អុក​ក្អី ត្រី​ក្រាយ ក្លាំងហាយ ក្លាំ​ង​ហាត ដងខ្ទែង ច្រកែង ទីពោ ។​ល​។​»

ព្រឹទ្ធាចារ្យ មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា ថិរវេលា​សិក្សា​នេះ មិន​មាន​កំណត់​ច្បាស់លាស់​ទេ ។ តែបើ​សិក្សា​គ្រប់​គម្រប់​៣​ឆ្នាំ ទើប​សន្មត​ថា​អស់​ការ​សិក្សា​មួយ​លើក ។ ក្នុង​ការ​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ សិស្ស​បាន​ទទួល​ការ​អប់រំ​គ្រប់យ៉ាង ។ លោកគ្រូ​មិនមែន​បង្រៀន​តែ​អក្សរ ធម៌អាថ៌​ប៉ុណ្ណឹង​ទេ លោក​អប់រំ​ធម្មចរិយា​ទៀត ។ បង្រៀន​ឱ្យ​ចេះ​គោរព​គ្រូ មាតាបិតា ញាតកា​ទូទៅ រហូត​ដល់​អ្នកធំ​អ្នកតូច ។ បង្រៀន​ឱ្យ​ចេះ​សំពះ ចេះ​ឱនលំទោន ចេះ​ដាក់ខ្លួន​ឱ្យ​សម ដឹង​ខ្ពស់ ដឹង​ទាប ស្គាល់​ខុស ស្គាល់​ត្រូវ ស្គាល់​ល្អ ស្គាល់​អាក្រក់ ស្គាល់​គុណ ស្គាល់​ទោស ស្គាល់​រាក់​ជ្រៅ រឿង​គួរ​មិន​គួរ​ធ្វើ ឱ្យ​សិស្ស​បាន​ប្រសើរ ឱ្យ​ចេះ​ដើរ​ខ្លួនឯង នៅ​ក្នុង​លោក​របស់​មនុស្ស​នេះ ទៅ​ត្រង់​ណា​ឱ្យ​គេ​ស្គាល់​ថា​ជា​កូន​អ្នក​មានពូជ ត្រកូល​ខ្ពង់ខ្ពស់ ជា​មនុស្ស​បាន​ទទួល​ការ​សិក្សា​ដ៏​ល្អ​ប្រសើរ ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ជាតិ និង​ទឹកដី ។

អាស្រ័យ​ដោយ​ការ​អប់រំ​នៅ​វត្ត​នេះ​ហើយ ទើប​បានជា​ប្រជាជន​ខ្មែរ ស្លូតត្រង់ សុភាព​រាបសា ។ កុមារ​អាយុ​១២​ឆ្នាំ ត្រូវ​បួស​ជា​សាមណេរ​សងគុណ​មាតា ។ បួស​ហើយ​បាន​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត រៀន​សាមណេរ​វិន័យ រៀន​ធម៌​សូត្រ​មន្ត រៀន​លេខនព្វន្ត រៀន​វិជ្ជា ផ្សេង​ៗ​តាម​ត្រូវការ ។ បើ​សាមណេរ​នេះ​សឹក​មក​ជា​គ្រហស្ថ មានឈ្មោះ​មួយ​គេ​ហៅ​ថា «​ជី​» ។ ដល់​អាយុ​២១​ឆ្នាំ កុមារ​នេះ​ត្រូវ​បួស​ជា​ភិក្ខុ រួច​ហើយ​មានការ​សិក្សា​បន្ត​ទៅ​ទៀត រៀន​វិន័យ រៀន​ធម៌អាថ៌ រៀនចំណេះ​វិជ្ជា ផ្សេង​ៗ ខាង​ផ្លូវលោក​តាម​ត្រូវការ ។ បើ​នៅ​ក្នុង​វត្ត​ខ្លួន ពុំ​មានការ​សិក្សា​វិជ្ជា​បច្ចេកទេស​ទេ សាមណេរ ឬ​ភិក្ខុ​អាច?