រាជធានីភ្នំពេញ ៖ សហគមន៍ចិញ្ចឹមកន្ធាយនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបញ្ជាក់ពីការបាត់បង់ទីផ្សារសត្វកន្ធាយជិត៥០ភាគរយ បន្ទាប់ពីមានឈ្មួញបាននាំចូលសត្វប្រភេទនេះពីប្រទេសជិតខាងមកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ពីព្រោះតែកន្ធាយដែលនាំចូលមានតម្លៃទាបជាងកន្ធាយចិញ្ចឹមក្នុងស្រុក ។

បើតាមលោក ហេង ម៉ារីណេ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយក៏ជាអ្នកដឹកនាំសហគមន៍ចិញ្ចឹមកន្ធាយក្នុងមូលដ្ឋានដែរនោះបានអោយដឹងថា កាលពីមុនសហគមន៍បានផ្គត់ផ្គង់សត្វកន្ធាយទៅកាន់ទីផ្សារក្នុងស្រុកស្ទើរតែទាំងស្រុង ក្នុងរង្វង់ចូលលានក្បាលកន្ធាយក្នុងមួយឆ្នាំៗ ។ ក៏ប៉ុន្តែដោយសារតែមានការនាំចូលពីប្រទេសជិតខាង ជាពិសេសការនាំចូលកន្ធាយពីប្រទេសវៀតណាមធ្វើអោយទីផ្សារកន្ធាយរបស់ប្រជាសហគន៍បានថយចុះ ព្រោះតែមិនអាចប្រកួតប្រជែងជាមួយកន្ធាយនាំចូលបាន ។

លោកបានបន្តថា « ជាការពិតណាស់ កន្លងទៅរបរកសិកម្មរបស់កសិករកម្ពុជាយើងពិតជាពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងណាស់ ទាំងការចិញ្ចឹមជ្រូក មាន់ ទាជាដើម ព្រោះគេចិញ្ចឹមបានច្រើនហើយលក់ទៅវិញក្នុងតម្លៃទាបជាងកសិករកម្ពុជាដែលចិញ្ចឹមបាន ដូច្នេះឈ្មួញក៏ទៅនាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកវិញ»។

ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ បានបន្ថែមថា កាលពីមុន លោកបានចុះកិច្ចសន្យាជាមួយកសិករចិញ្ចឹមកន្ធាយ ដើម្បីទិញកន្ធាយទាំងនោះ ដើម្បីទុកផ្គត់ផ្គង់ទៅកាន់ទីផ្សារ ដូចជាម្ចាស់ភោជនីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ទាំងភោជនីយដ្ឋានចិន និងខ្មែរ ក៏ប៉ុន្តែបន្ទាប់ពីមានការចូលជាហូរហែរ លោកក៏ខកខានក្នុងការចុះកិច្ចជាមួយកសិករហើយកសិករខ្លះក៏ខ្វះទុនក្នុងការចិញ្ចឹម នឹងធ្វើអោយពួកគាត់កាត់បន្ថយបរិមាណចិញ្ចឹមខ្លះៗទៅ ។

លោកហេង ម៉ារីណេ បានត្អូញត្អែរថា «កាលពីមុនកន្ធាយដែលយើងលក់ចេញ ក្នុងតម្លៃ ១០ដុល្លារមួយគីឡូក្រាម តែកន្ធាយនាំចូលបានលក់ត្រឹម៩ដុល្លារក្នុងមួយគីឡូក្រាម ។ នៅពេលឃើញដូច្នេះ យើងក៏បញ្ចុះមកនៅត្រឹម៩ដុល្លារដែរ ហើយកន្ទាយនាំចូលក៏បានបញ្ចុះតម្លៃមកនៅត្រឹម៨ដុល្លារ ធ្វើអោយកន្ទាយរបស់គេមានទីផ្សារជាងយើង ដូច្នេះហើយទើបយើងបានបាត់បង់ទីផ្សារជាងពាក់ កណ្ដាលទៅហើយ » ។

បើតាមលោក សុធា ដែលនិយមពិសារកន្ធាយបានឲ្យដឹងថា លោកមិនច្បាស់ថាកន្ធាយដែលលោកតែងតែទទួលទាននៅហាងមួយកន្លែងម្តុំផ្លូវភ្លោះអូរឬស្ស៊ី ជាកន្ធាយចិញ្ចឹមក្នុងស្រុក ឬក៏នាំចូលនោះទេ តែម្ចាស់ហាងអះអាងថាជាកន្ធាយចិញ្ចឹមក្នុងស្រុក ។

លោកបានបន្តថា «ការពិតទៅកន្ធាយនាពេលបច្ចុប្បន្ននេះ គឺបងប្អូនខ្មែរនិយមទទួលទានខ្លាំងណាស់ ហេតុដូច្នេះហើយតម្លៃកន្ធាយពេលនេះគឺឡើងថ្លៃជាងមុន» ។ លោក សុធា បានបន្តថាតម្លៃកន្ធាយទម្ងន់ប្រហែលមួយគីឡូ យកទៅចំហុយ ឬស្ងោរស៊ុប គឺពេញនិយមណាស់ ហើយតម្លៃឆ្នាំមុនៗមួយក្បាលតែ ៥ម៉ឺនរៀលទេ តែឥឡូវនេះគឺតម្លៃជាង៦ម៉ឺនរៀលក្នុងមួយក្បាល ។ យ៉ាងណាមិញ លោកក៏ស្នើសុំឲ្យការលក់កន្ធាយគួរតែជាកន្ធាយចិញ្ចឹមដោយពលរដ្ឋខ្មែរ ពុំគួរនាំចូលពីប្រទេសជិតខាងឡើយ ព្រោះកសិករខ្មែរយើងអាចចិញ្ចឹមបាន ៕
ចែករំលែកព័តមាននេះ