រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលឆោឡោមួយ ក្រោយពេលដែលមិត្តភក្តិ និងម្ចាស់ផ្ទះជួល បានប្រទះឃើញកញ្ញាជាតារាសម្តែង និងដើរម៉ូដមិនទាន់ល្បីឈ្មោះ ដេកស្លាប់នៅលើគ្រែពូក បន្ទាប់ពីទទួលបានព័ត៌មានពីសង្សាររបស់នាងថា នាងបានចង.កធ្វើអត្តឃាតក្នុងបន្ទប់ ។ ហេតុការណ៍នេះបង្កឱ្យមានការឆោឡោ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ធ្នូ នៅចំណុចបន្ទប់លេខ១៦៧ នៃផ្ទះជួលលេខ៦៧-៦៨ តាមបណ្តោយផ្លូវបេតុងលេខ២០៦ ស្ថិតក្នុងភូមិ៩ ក្រុម៥៣ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក ។
នារីរងគ្រោះឈ្មោះ អុល សម្ផស្ស អាយុ២៥ឆ្នាំ ជាតារាសម្តែង និងដើរម៉ូដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។ ចំណែកបុរសជាសង្សារឈ្មោះ សុខ លី អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀន ។
ប្រភពព័ត៌មានពីមិត្តភក្តិនារីរងគ្រោះ បានប្រាប់ថា នៅមុនពេលប្រទះឃើញនាង សម្ផស្ស ដេកស្លាប់លើគ្រែ គឺបុរសជាសង្សារនាងបានទូរស័ព្ទមកប្រាប់មិត្តភក្តិដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នានោះ ឱ្យទៅមើលនាងសម្ផស្សនៅក្នុងបន្ទប់ផង ប្រហែលមិនរស់ទេ ហើយក៏បិទទូរស័ព្ទទៅ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មិត្តភក្តិរបស់នាងបានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះជួល ឱ្យជួយទៅបើកទ្វារបន្ទប់របស់នាងសម្ផស្ស ថាតើមានបញ្ហាដូចបុរសជាសង្សារនាងទូរស័ព្ទមកប្រាប់ដែរឬទេ ? ខណៈម្ចាស់ផ្ទះជួលបើកទ្វារបន្ទប់ដើរចូលទៅ ក៏ប្រទះឃើញសពរបស់នាងដេកស្លាប់លើគ្រែក្នុងបន្ទប់ជួលមែន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ម្ចាស់ផ្ទះជួល បានរាយការណ៍ព័ត៌មាននេះឱ្យសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា នាងសម្ផស្សអាចចង.កនឹងចម្រឹងបង្អួចស្លាប់ ក្រោយពេលមានការឈ្លោះប្រកែកគ្នាជាមួយសង្សារ ហើយពេលដែលសង្សារនាងមកឃើញ ក៏ស្រាយទម្លាក់មកដាក់នៅលើគ្រែរួចគេចខ្លួន ព្រោះនៅលើ.កនាងមានស្នាមក្រឡៅ ។
ប្រភពពីមិត្តភក្តិនារីរងគ្រោះ បានឱ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុន នាងសម្ផស្សបានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយម្សិលមិញនេះ (ថ្ងៃទី២៣ ធ្នូ) ក៏បានឈ្លោះប្រកែកគ្នាជាមួយសង្សារម្តងទៀត និងបានលេបថ្នាំងងុយដេកអស់២០គ្រាប់ ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ដោយសារម្ចាស់ផ្ទះជួលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល ។ រហូតមកដល់យប់ថ្ងៃទី២៤ ធ្នូ គេបានប្រទះឃើញនាងដេកស្លាប់នៅលើគ្រែ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
នៅពេលនេះ គេមិនទាន់ដឹងថា ការស្លាប់នេះជាការធ្វើអត្តឃាតដោយចង.ក ឬយ៉ាងណានៅឡើយទេ ហើយមិនដឹងថាបុរសជាសង្សារនាងពេលនេះកំពុងនៅទីណាដែរ ព្រោះមិនមានអ្នកស្គាល់បុរសនេះច្បាស់លាស់ទេ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីខាងលើនេះហើយ ៕
ចែករំលែកព័តមាននេះ