ខេត្តកំពង់ចាម៖ ស្ពានបេតុងថ្មីមានទទឹង៨ម៉ែត្រ និងបណ្ដោយ៩០ម៉ែត្រ ភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងតែដំណើរការសាងសង់ រហូតមកដល់ព្រឹកថ្ងៃទី៤ កក្កដា នេះ ។ លោកអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមសហការីជាច្រើននាក់ក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងបានណែនាំដល់កងកំលាំងវិស្វកម្មក្រសួងការពារជាតិត្រូវបង្កើនការសាងសង់ធ្វើយ៉ាងណាឱ្យរួចរាល់មុនរដូវទឹកទន្លេមេគង្គឡើងមកជន់លិច និងមានគុណភាពប្រើប្រាស់បានយូរអង្វែងទៅអនាគត ។

លោកប៊ុត វុទ្ធី ប្រធានការដ្ឋានសាងសង់ស្ពានបេតុងក្រុមទី១៨០នៃក្រសួងការពារជាតិឱ្យដឹងដឹងថា ដោយបានបើកការដ្ឋានកាលពីថ្ងៃទី២៥ មិថុនា រួមជាមួយនិងឧបករណ៍បច្ចេកទេស ដោយសម្រុកសាងសង់ធ្វើយ៉ាងណាឲ្យរួចរាល់គ្រឹះសសរស្ពានចំនួន៦ ដើមផ្នែកខាងក្រោមដែលជាគ្រឹះទំរដ៏សំខាន់។ បើមើលពីស្ថានភាពទឹកទន្លេនៅក្នុងរដូវវស្សានេះកម្លាំងរបស់លោកគឺនឹងសម្រុកធ្វើទាំងយប់ទាំងថ្ងៃតែម្ដង។

លោកប៊ុត វុទ្ធី ប្រធានការដ្ឋានសាងសង់ស្ពានបេតុងប្រាប់បន្តថា មួយចំណែកនៅផ្នែកខាងលើគោកគ្រឿងចក្របានឈូសឆាយដីឲ្យទូលាយដើម្បីចាក់ថ្នឹមបេតុង ជាមួយនោះនិងប្រើប្រាស់រថយន្តស្ទូច ដើម្បីលើកធ្នឹមទៅបុកពាក់លើជើងទំរសសរស្ពាន។

តាមផែនការនិងត្រូវប្រើពេល៤ទៅ៥ខែនឹងរួចរាល់ប្រជាពលរដ្ឋរួមនឹងរថយន្តតូចធំអាចបើកឆ្លងកាត់ទៅវិញទៅមកបាន ដោយងាយស្រួល ហើយស្ពាននេះធំជាងស្ពានបាឡេចាស់។ កន្លងមកនៅព្រែកគៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ស្ពានបេតុងចាស់ ត្រូវបានរងការខូចខាតដោយសារតែគ្រោះទឹកជំនន់ក្នុងរដូវវស្សា។

ជាហេ តុបណ្ដាលឲ្យរងការខូចខាត មិនអាចធ្វើដំណើរឆ្លងកាត់បានជាមួយនោះកងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ របស់ក្រុមលោកបានទៅសាងសង់ស្ពានបេតុងថ្មីធំជាងស្ពានចាស់ដែលបានសាងសង់រួចរាល់ជាច្រើនខែមកហើយ។ បន្ទាប់ មកថ្នាក់លើក៏បានឲ្យក្រុមរបស់លោកបន្តបេសកកម្មចុះមកសាងសង់ស្ពានបេតុងនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ជាស្ពានថ្មីស្រឡាងដើម្បីបម្រើ សេវាជូនដល់ប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់ ។

លោកសុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានរំលឹកថាស្ពានបាឡេ ចាស់កសាងឡើងក្នុងអំឡុង ឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះមានសភាពទ្រុឌ ទ្រោម ដោយបានទទួលរងគ្រោះបាក់ស្រុត រលំសរសរ ១ដើមនៅត្រង់ចំណុចកណ្ដាលស្ពានកាលពីវេលាម៉ោង៦និង ៣០នាទីថ្ងៃទី០៦ កញ្ញា ២០១៩ កន្លងទៅ គ្រាន់តែទទួលបានដំណឹងនេះភ្លាមថ្នាក់ដឹកនាំខេត្តបានចាត់ឲ្យរូបលោកចុះមកពិនិត្យមើលទាំងយប់ដើម្បីបិទមិនឲ្យរថយន្តបើកឆ្លងកាត់ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ហើយដែកបង្កាន់ដៃស្ពានបាឡេទាំងសង្ខាងត្រូវបានបំពាក់បន្ថែមពីលើមួយជាន់ទៀតដើម្បីឱ្យតួស្ពានបានរឹងមាំអាចទ្រទម្ងន់សម្រាប់មនុស្សនិងយានយន្តធុនតូចបើកឆ្លងកាត់បានដែលត្រូវប្រើពេលវេលាជិតមួយខែទំរាំរកដែកបាឡេមកបំពាក់។ជាមួយនោះឯកឧត្តមហ៊ុនណេង អ្នកតំណាងរាស្ត្រមណ្ឌ លកំពង់ចាមក៏បានខ្នះខ្នែងឆ្នាំលើកិច្ចការនេះផងដែរ។



ចែករំលែកព័តមាននេះ