រាជធានីភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រកឃើញថា របាយការណ៍របស់អង្គការលីកាដូមួយដែលបានចេញផ្សាយ កាលដើមខែឧសភា មានចំណងជើងថា «ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន» ជារបាយការណ៍មិនពិតឡើយ ។

ឆ្លងតាមការពិនិត្យរបស់ការណ៍របស់លីកាដូ សមាគមហិរញ្ញវត្ថុកម្ពុជា បានចុះស្រាជ្រាវដល់ផ្ទះពលរដ្ឋដែលបានផ្តល់បទសម្ភាសឲ្យអង្គការលីកាដូ ដោយបានជួបជាមួយពលរដ្ឋ និងអាជ្ញាធរផ្ទាល់ ។ សមា គមបានជួបមនុស្សពីរនាក់ដែលបានផ្តល់សម្ភាសឲ្យអង្គការលីកាដូ គឺបុរសឈ្មោះ ខុន រ៉េត និងស្ត្រីឈ្មោះ ឈុំ វ៉ាន់ឌី ។ ពលរដ្ឋទាំងទាំងពីរនាក់នេះរស់នៅក្នុងភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់សមាគមមីក្រូហិរញ្ញវត្ថុថា ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ បានធ្វើឲ្យជីវភាពពលរដ្ឋរីកចម្រើន ហើយការចេញទៅរកការងារធ្វើនៅថ្ងៃនោះ គ្មានការបង្គាប់ ឬបញ្ជាឲ្យទៅ ពីសំណាក់ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុណាមួយឡើយ។

លោក ខុន រ៉េត ជាបុរសពោះម៉ាយ អាយុប្រមាណជាជាង ៦០ឆ្នាំ និយាយថា គាត់មិនដែលមានបទពិសោធន៍ពាក់ព័ន្ធក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយទេ។ មេភូមិបានបញ្ជាក់ដូចការអះអាងរបស់ លោករ៉េតដែរ។ ប៉ុន្តែគាត់ធ្លាប់បានខ្ចីប្រាក់ ២៥០០បាតមួយដង ពីអ្នកចងការប្រាក់ឯកជន មុនពេលដែលគាត់ធ្វើចំណាកស្រុកក្នុងអំឡុងឆ្នាំជាង២០០០ ។ លោកបានពន្យល់ថា អ្នកភូមិនេះ ជាពិសេសប្រជាជនដែលគ្មានដីធ្លីស្រែចំការ ហើយធ្វើចំណាកស្រុកទៅប្រទេសថៃ គឺអាចធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើង ដោយសារតែការងារនៅទីនោះជាការងារមានស្ថេរភាព និងទទួលប្រាក់ចំណូលខ្ពស់ ។
លោកបាននិយាយថា វាមិនមែនជាការពិតនោះទេ ពីព្រោះថា ការធ្វើការនៅប្រទេសថៃ ប្រជាជនអាចរកប្រាក់ចំណូលបានច្រើន ដោយសារនៅទីនោះមានការងារធ្វើច្រើន។ កាលពីដើមខែឧសភា កន្លងមកនេះ អង្គការសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយមានចំណងជើងថា «ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន» ។
អង្គការលីកាដូផ្ដោតសំខាន់ទៅលើភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដែល តាមរយៈការធ្វើបទសម្ភាសជាមួយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះចំនួន៣០គ្រួសារ អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បងលើកទឹកចិត្ត នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍បញ្ជាក់លើរបាយការណ៍នោះថា «គ្រួសារជាច្រើនបានចាកចេញពីផ្ទះ និងប្រទេសកំណើតរបស់ពួកគាត់ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ» ។ អ្នកនាងបានបន្តទៀតថា៖ «ពេលនេះ អតីតពលករចំណាកស្រុករាប់សែននាក់ មិនអាចធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ ដោយសារបញ្ហាវីរុសកូវីដ១៩ ដូច្នេះអង្គការលីកាដូសង្ឃឹមថា រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះដោយផ្អាកការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ» ។
ជាមួយការចុះសម្ភាសផ្ទាល់ ជាមួយពលរដ្ឋនិងអាជ្ញាធរ សមាគមហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣ ខែកក្កដានេះ បានបញ្ជាក់ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺពិតជាដៃគូដែលមិនអាចខ្វះបានក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍ដែលផ្ទុយពីរបាយការណ៍របស់អង្គការលីកាដូ៕
ចែករំលែកព័តមាននេះ