រាជធានីភ្នំពេញ ៖ កន្លងមកគេកត់សម្គាល់ឃើញថាកីឡាធ្ងន់ៗដូចជាការឡើងភ្នំជាដើម ច្រើនតែបុរសភេទជាអ្នកមានចំណង់ចំណូលចិត្ត ខណៈសុភាពនារីភាគច្រើននិយមហាត់កីឡាស្រាលៗ ។ ក៏ប៉ុន្តែនិន្នាការជាពេលបច្ចុប្បន្ននេះ គេបានឃើញនារីខ្មែរកាន់តែច្រើនឡើងៗនិយមលេងកីឡាលក្ខណៈប្រថុយប្រថាន ទាំងការនិយមបើកម៉ូតូធំ ការបាញ់កាំភ្លើង និងកីឡាឡើងភ្នំជាដើម ។ ដល់ចំណុចនេះ ក៏កើតជាសំណួរមួយថា តើមានបងប្អូនណាខ្លះស្គាល់កីឡាឡើងភ្នំ?

សម្រាប់លោកអ្នកដែលកំពុងសិក្សាតាមសាលាឯកជននានា គឺប្រាកដជាធ្លាប់ លឺគេហៅថា កីឡាឡើងជញ្ជាំង ។ នៅក្នុងប្រទេសកម្ពុជាមិនសូវមានសាលាបង្រៀនឡើងជញ្ជាំងនេះច្រើនទេ បើទោះបីជាមានចំនួនអ្នកចាប់អារម្មណ៍កើនឡើងក៏ដោយ ។ ងាកមកនិយាយពីការឡើងភ្នំវិញ អ្នកខ្លះ មិនបានទៅរៀនទេ គ្រាន់តែសាកល្បងនៃការឡើងលើភ្នំពីកម្ពស់ទាបរហូតដល់កំពូលតែម្តង ក្នុងគោលបំណងគិតថា វាពិតជាមានភាពស្រស់ស្រាយ និងពិតជាពិសេសនៅពេលបានឃើញទេសភាពលើកំពូលភ្នំដែលមិនសូវមានអ្នកឡើងទៅដល់ ។

នៅថ្ងៃនេះសារព័ត៌មានកោះសន្តិភាពបានសម្ភាសជាមួយស្រីស្អាតៗ ដែលមានចិត្តក្លាហាន មិនចាញ់បុរសភេទនោះ ដើម្បីដឹងអំពីមូលហេតុក៏ដូចជា ឧបសគ្គបែបណាដែលពួកគាត់ពើបប្រទះ ។ ជាគ្រូបង្រៀនខាងផ្នែកកីឡាហែលទឹកនៅក្នុងសាលាអន្តរជាតិមួយដែរ ក្នុងទីក្រុងភ្នំពេញ លក្ខិណា បាននិយាយថា គាត់គ្រាន់តែចង់ឡើងភ្នំ ដើម្បីទៅមើលឃើញទេសភាពលើកំពូលភ្នំ វាពិតជាស្អាតប្លែក នៅពេលយើងឡើងទៅដល់កំពូលភ្នំ ។

ប្អូនស្រី លក្ខិណា បានបន្តថា «អ្នកឡើងភ្នំភាគច្រើន តែងតែចង់ឡើងអោយដល់កំពូល យើងចង់ឃើញធម្មជាតិនៅលើកំពូលនោះ និងចង់មើលពីលើនឹងទៅក្រោមថា តើធម្មជាតិនៅខាងក្រោមស្រស់ស្អាតយ៉ាងណា ។ វាជាការបង្កើតភាពស្រស់ស្រាយ ដែលនាំឱ្យចិត្តរឹតតែស្រឡាញ់ធម្មជាតិខ្លាំងឡើង» ។ «ការឡើងភ្នំនេះ ខ្ញុំមិនបានរៀនទេ គ្រាន់តែអ្នកជំនាញប្រាប់ពីរបៀបពាក់កាន់ និងជាន់ ឬការតោងឡើងពួកយើងចំណាយពេល ស្តាប់ការពន្យល់ត្រឹមតែកន្លះម៉ោងក៏ចាប់ផ្តើមការអនុវត្តន៍តែម្តង ។ វាពិតជាអស្ចារ្យ នៅពេលដែលយើងគ្រាន់តែមានចិត្តស្រឡាញ់ធម្មជាតិ ហើយក្តីស្រឡាញ់នោះបានបណ្តាលឱ្យចិត្តរបស់យើងធ្វើដំណើរទៅមុខ ដោយគ្មានការរុញរា និងជំនះរាល់កិច្ចការលំបាក» ។

លក្ខិណាបានលើកទឹកចិត្តដល់បងប្អូន មិត្តៗនារីដែលមានបំណងចង់ឡើងតែមិនហ៊ាន ដោយលើកឡើង៤ចំណុចថា ទី១ សូមកុំគិតខ្លួនឯងថា ជាភេទទន់ខ្សោយ បើបុរសៗធ្វើបាន យើងជានារីក៏ត្រូវតែទៅរួច ។ ទី២ រឹងមាំឡើង ជឿជាក់លើកខ្លួនឯង , ទី៣ ហ៊ានសាកល្បងនូវអ្វីដែលខ្លួនពេញចិត្ត ហើយធ្វើវាឲ្យអស់សមត្ថភាព និងទី៤ កុំខ្លាចបើធ្វើមិនបានចាត់ទុកជាបទពិសោធន៍ តែបើធ្វើបាននោះជាលទ្ធផលល្អ ។
ក្នុងការសាកល្បងជាលើកដំបូង បងស្រី សុខលាភ ជាគ្រូពេទ្យសង្គ្រោះបឋមនៅសាលា អន្តរជាតិមួយកន្លែង ក្នុងទីក្រុងភ្នំពេញបានឱ្យដឹងថា គាត់បានឡើងម្តងដែរដោយដំបូង គាត់បានបដិសេធជាមួយមិត្តភ័ក្ត្រដែលបបួលគាត់ឡើងលេងលើកំពូលភ្នំតាមខ្សែរ៉ត ។
បងស្រី សុខលាភ បាននិយាយថា «មិត្តភ័ក្ត្រខ្ញុំបានបបួលខ្ញុំ តែខ្ញុំមិនហ៊ានទេ ខ្ញុំខ្លាចខ្ពស់ដែរ ប៉ុន្តែមិនប៉ុន្មាននាទីក្រោយមកខ្ញុំបានខ្សឹបប្រាប់ខ្លួនឯង គេឡើងបាន ម្តេចខ្ញុំឡើងមិនបាន ដូចនេះខ្ញុំត្រូវតែជំនះនូវភាពភ័យខ្លាចរបស់ខ្លួនឯង ទើបភ្លាមៗខ្ញុំសម្រេចចិត្តឡើងទៅជាមួយពួកគេ ។ ខ្ញុំឡើងដំបូងត្រឹមកម្ពស់ទាបសិន បន្ទាប់មកខ្ញុំគិតថា វាមិនពិបាកទេ ដូចនេះខ្ញុំក៏បន្តឡើងទៅដល់កំពូលភ្នំដូចគេ ។
បងស្រី សុខលាភ បន្តថា «តាមពិតទៅគេមិនមែនចេះតែឡើងនោះទេ គេមានខ្សែសុវត្ថិភាព សម្រាប់តោងពេលយើងរអិលដៃ ឬជើងធ្លាក់មកក្រោមវិញ» ។ កាលនៅក្មេងធ្លាប់តែឡើងដើមឈើ ឥឡូវឡើងភ្នំ មានអារម្មណ៍ថា ពិតជាប្លែក និងមានមោទនភាពណាស់ពេលបានឡើងដល់កំពូល ។ បងស្រី សុខលាភ បានបន្ថែមថា ជាការពិតណាស់ថាការឡើងភ្នំនេះជួយធ្វើឱ្យសាច់ដុំមាំងមួន និងអាចជួយកាត់បន្ថយភាពតានតឹងទៀតផង (release stress) ។
បងស្រី សោភ័ណ បានបន្តថា «ការឡើងភ្នំនេះវាពិតជាបានជួយដល់របស់ខ្ញុំមានភាពស្រស់ស្រាយ និងខ្ញុំចូលចិត្តទេសភាពបៃតង ព្រៃព្រឹក្សា ម្យ៉ាងទៀតខ្ញុំប្រហែលជាមនុស្សចូលចិត្តខ្ពស់ផងដែរ។ មានព្រៃមួយចំនួន ដែលខ្ញុំដើរទៅដល់ ទាំងក្រៅប្រទេស និងក្នុងប្រទេស ។ នៅពេលយើងបានដើរព្រៃម្តងៗ មានអារម្មណ៍ថា យើងដូចជាមានសេរីភាព ផ្លូវកាយ និងផ្លូវចិត្ត» ។ នៅក្នុងប្រទេសកម្ពុជាយើងមានកន្លែងទេសចរណ៍ច្រើនណាស់ដែលយើងអាចធ្វើដំណើរកម្សាន្ត ក៏ដូចជា ការឡើងលើភ្នំលេង ។ ប៉ុន្តែក៏ត្រូវការជ្រើសរើសពេលវេលាសមស្របមួយផងដែរ ។
បងស្រី សោភ័ណ បន្ថែមថា ការជ្រើសរើសពេលវេលាឡើងភ្នំក៏សំខាន់ដែរ ប្រសិនបើយើងជ្រើសរើសក្នុងខែ ដែលក្តៅខ្លាំង វាអាចប្រឈម និងការហួតហែង ដូចនេះវាអាចបណ្តាលឱ្យយើងដាច់ទឹក ។ ហើយបើយើងជ្រើសរើសក្នុងខែភ្លៀងវិញ យើងអាចជួបបញ្ហាខ្លះៗដែរ ដូចជា មានសត្វល្អិតមួយចំនួនដែលរស់ក្នុងរដូវទឹកឡើង ឬទឹកភ្លៀងនឹងវានាំគ្នាចេញមកឧទារហណ៍ សត្វទាក ឈ្លើង ចៃ អស់នឹងអាចតោងខាំជើងយើងបាន ៕
ចែករំលែកព័តមាននេះ