ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​កុលាប​ប៉ៃលិន​»​កើត​ពី​ការ​ជីករែង​យក​ត្បូង

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ឈ្មោះ «​កុលាប​ប៉ៃលិន ហៅ​អាង​តា​ជាវ​» ស្ថិត​នៅ​ទិស​ខាងត្បូង​ជាប់ជើង​ភ្នំ​យ៉ា​ត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ថ្មី​… តែងតែ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ។

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ឈ្មោះ «​កុលាប​ប៉ៃលិន ហៅ​អាង​តា​ជាវ​» ស្ថិត​នៅ​ទិស​ខាងត្បូង​ជាប់ជើង​ភ្នំ​យ៉ា​ត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ថ្មី​… តែងតែ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ។ ចំណែក នៅ​រៀងរាល់ថ្ងៃ​ឈប់​សម្រាក នា​ចុង​ស​ប្តា​ហ៍ មាន​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ឥត​ដាច់ បាន​ទៅ​អង្គុយ​លេង​លំហែកាយ​នៅ​ក្រោម​ដើម​តា​ង៉ែ​ន ក្បែរ​មាត់​ស្រះ ដើម្បី​បំបាត់​ក្តី​កង្វល់ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ ។ 

កាលពី​ពេល ថ្មី​ៗ​នេះ លោក​សោម វង្ស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន ឱ្យ​ដឹង​ថា គាត់​មានស្រុក​កំណើត​នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង តែ​កាលពី​ឆ្នាំ​២០០៤ បាន​ទៅ​រកស៊ី​រែង​ត្បូង​នៅ​ខេត្ត​ប៉ៃលិន និង​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ជា ឌី​ណា ឪពុក​ឈ្មោះ​ជា ជាវ ប្រកប​របរ​ជីក​និង​ទិញ​ត្បូង ។

ក្រោយ​ពី​រៀប​ការ​រួច លោក​សោម វង្ស ប្រកប​មុខរបរ​ជីក និង​រែង​ត្បូង​ជាមួយ​ឪពុកក្មេក រហូត​ដល់​ក្លាយទៅជា​ស្រះ​មួយ​ដ៏​ធំ ហើយដោយ​មើលឃើញ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត និង​មាន​ខ្យល់​ត្រជាក់​ស្រួល ទើប​លោក​នឹក​បង្កើត​ជា​រមណីយដ្ឋាន​តែ​ម្តង ដោយ​ដាក់​ឈ្មោះ​ថា «​រមណីយដ្ឋាន​កុលាប​ប៉ៃលិន​» ព្រមទាំង​សុំ​ច្បាប់​ពី​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០០៤ ។ រមណីយដ្ឋាន​នេះ​មាន​ផ្ទៃដី​៨​ហិ​កតា មាន​តួ​អាង​សម្រាប់​លេង​កម្សាន្ត​ជាង​២​ហិ​កតា មាន​ជម្រៅ​ទឹក​២០​ម៉ែត្រ មាន​ទា​ទឹក​ចំនួន​២​គ្រឿង ទូក​ជិះ​លេង​ចំនួន​៨​គ្រឿង មាន​ខ្យូ​ស​ចំនួន​២៤ ។ ក្រៅពី​នេះ​មាន​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ចំនួន​៨០០​ដើម​នៅ​ជុំវិញ​ស្រះ ក្លាយទៅជា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​អ្នកទេសចរ​អង្គុយ​លេង​កម្សាន្ត​លំហែកាយ ។ រមណីយដ្ឋាន «​កុលាប​ប៉ៃលិន​» ពី​មុន​មានឈ្មោះ «​អាង​តា​ជាវ​» ដែល​អ្នកស្រុក​ប៉ៃលិន​ដឹង​និង​ស្គាល់ គ្រប់​ៗ​គ្នា ។

លោក​សោម វង្ស រៀបរាប់​បន្ត​ថា នៅ​ថ្ងៃ​បុណ្យ​ជាតិ ធំ​ៗ មាន​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត​នៅ «​កុលាប​ប៉ៃលិន​» ដែល​ភាគច្រើន​ទៅ​ពី​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ និង​ខេត្តសៀមរាប ។ ចំណែកឯ​ថ្ងៃ​សោ​រ៍ និង​ថ្ងៃអាទិត្យ ក៏​មាន​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ដែរ ប៉ុន្តែ​ច្រើន​តែ​អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ។ នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លង​ទៅ មាន​អ្នកទេសចរ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១.០០០​នាក់ គឺ​រក​កន្លែង​ឱ្យ​អង្គុយ​លេង​មិន​បាន​ឡើយ ។

លោក​សោម វង្ស កំពុង​តែ​រៀបចំ​ចាក់​ផ្លូវ​បេតុង​ផ្លូវ​ចូល​ក្នុង​រមណី​ដ្ឋា​ន ព្រមទាំង​រៀបចំ​សួនច្បារ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ ចូល​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​របស់​លោក ៕