មីយ៉ាន់ម៉ា ៖ តាមប្រភពព័ត៌មាន Aljazeera បានឱ្យដឹងថា ការរអិលបាក់ដីនៅអណ្តូងរ៉ែថ្មមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៦២នាក់ និងរងរបួស៥៤នាក់ទៀត នៅក្នុងគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយ ដែលបានវាយប្រហារមកលើឧស្សាហកម្មជីករ៉ែនេះ។

នាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យមីយ៉ាន់ម៉ា បានសរសេរនៅលើហ្វេសប៊ុកថា ឧប្បត្តិហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Hpakant នៃរដ្ឋ Kachin ដែលសំបូរដោយថ្មគុជ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
នាយកដ្ឋាននេះ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «នៅម៉ោង ៧និង១៥នាទីល្ងាច គេបានរកឃើញសាកសព១៦២នាក់ ហើយមនុស្ស៥៤នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ»។

សេចក្តីថ្លែងការណ៍បាននិយាយថា៖ «អ្នករុករករ៉ែគុជ ត្រូវបានវាយប្រហារដោយសារតែរលកភក់»។
រូបថតដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក បានបង្ហាញពីសកម្មភាពរបស់ក្រុមស្វែងរក និងជួយសង្គ្រោះ ដែលបានដើរឆ្លងកាត់ជ្រលងភ្នំមួយ ដែលមើលទៅដូចជាជន់លិចដោយការរអិលបាក់ដី។
គួររំលឹកថា ៖ កម្មករអណ្ដូងរ៉ែ កំពុងដេកលក់ ស្រាប់តែបាក់ដីសង្កត់ពីលើឆក់យកជីវិត១១៣នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ Aljazeera (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ