ខេត្តកំពង់ឆ្នាំង៖ គ្រាដែលព្រះអាទិត្យកំពុងបញ្ចេញកំដៅក្តៅហែងលើភពផែនដី ដោយគ្មានពពកមកជួយបិទបាំងនាវេលាថ្ងៃត្រង់ រលកកំដៅបានកើនឡើង មើលឃើញព្រេចៗ ដូចថ្ងៃកំពុងបណ្តើរកូន ។ នៅលើស្ពានធ្វើពីដើមប្ញស្សីក្រាលក្តារ៣-៤សន្លឹក ក្រឡេកឃើញក្រុមកម្មករ២-៣នាក់ កំពុងមមារញឹកលើកចំណីត្រីដែលកិនស្រេច ចាក់ចូលក្នុងស្រះ ដែលមានត្រីឆ្តោរាប់ម៉ឺនក្បាលកំពុងរង់ចាំអាហារ តាមពេលកំណត់។

សម្លេងលាន់ប្រាវៗចេញពីក្នុងទឹកជាសន្ធឹកហ្វូងត្រីឆ្តោខ្មៅពពកបានស្ទុះដណ្តើមចំណីស៊ី ដោយត្រីខ្លះបានស្ទុះផុតពីក្នុងទឹក មកសំដិលដេកលើចំណីដែលមិនទាន់លិច ភ្លេចគិតដល់មនុស្សដែលកំពុងឈរមើលសកម្មភាពពួកវា ។ វាជាការពិត ក្នុងខណៈពេលដែលកម្មករកំពុងឲ្យចំណីត្រីដែលមិនយូរមិនឆាប់នឹងធំធាត់ ហើយផ្តល់ផលជាទីគាប់ចិត្តនោះ ម្ចាស់សិប្បកម្មចិញ្ចឹមត្រីបានគយគន់យ៉ាងយកចិត្តទុកដាក់ និងពេញចិត្តបំផុត។

ទោះបីជាយ៉ាងណាក្តី រឿងរ៉ាវដែលបង្កប់នៅពីក្រោយរបរចិញ្ចឹមត្រីឆ្តោនេះ គ្មានអ្វីដែលគួរឲ្យពេញចិត្តនោះឡើយ ពោលគឺត្រីឆ្តោមួយក្បាល ពេលធំធាត់ល្មមចាប់លក់ គឺបានបំផ្លាញត្រីធម្មជាតិដែលគេចាប់ពីទន្លេបឹងបួរនានា រហូតដល់ទៅ៤គីឡូឯណោះ ហើយការចាប់កូនត្រីមកធ្វើជាចំណីត្រីឆ្តោនេះ ក៏ត្រូវគេប្រើឧបករណ៍នេសាទខុសច្បាប់ផងដែរ។ សូម្បីតែខ្យល់ដែលបក់ចេញពីស្រះចិញ្ចឹមត្រីនោះក៏ហាក់ដូចជាបញ្ហាក់ថាការចិញ្ចឹមត្រីនេះមានបញ្ហាដែរ ព្រោះក្លិនឆ្អាបចេញពីក្នុងទឹកពណ៌ក្រម៉ៅលាយនឹងក្លិនចំណីធ្វើពីកូនត្រីស្រស់ដែលយើងស្ទើរតែទ្រាំមិនបាន។ នៅក្បែរមាត់ស្រះមិនឆ្ងាយពីគ្នាប៉ុន្មាន សម្លេងម៉ាស៊ីន កិនកូនត្រីល្អិត ៗ ក៍បានលាន់ទ្រហឹងអ៊ឺងអាប់រកស្តាប់អ្វីមិនឮ ដែលនេះជាសកម្មភាពរបស់ក្រុមកម្មករ យកកូនត្រីល្អិតៗកិន ធ្វើជាចំណីត្រីឆ្តោស៊ីជាអាហារប្រចាំថ្ងៃ។

បុរសវ័យចំណាស់ជាម្ចាស់សិប្បកម្មចិញ្ជឹមត្រី បានចាប់ផ្តើមរៀបរាប់ ដោយមិនបញ្ជេញ ឈ្មោះថា៖ គាត់ជាអតីតមន្ត្រីរដ្ឋបាលជលផលចូលនិវឌ្ឍន៍ ដោយសារភាពអំពីចំណុចអវិជ្ជមាននៃការចិញ្ចឹមត្រីឆ្តោ ។ បុរសរូបនោះ បាននិយាយថា៖ «ការចិញ្ជឹមត្រីឆ្តោ ពិតជាមានចំណែកក្នុងការបំផ្លាញធនធានមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះត្រីឆ្តោ គឺស៊ីសាច់ជាអាហារ។ អ្នកចិញ្ចឹមត្រូវទិញកូនត្រីតូចៗ ដែលបានពីបទល្មើសនេសាទមកឱ្យវា
ស៊ី។»

អតីតមន្ត្រីជលផលចូលនិវឌ្ឍន៍រូបនោះបន្តថា ពេលខែទឹកឡើងលិចខ្នងកោះ កូនត្រីគ្រប់ប្រភេទ ខ្លះទើបញាស់ ខ្លះទៀតញាស់បានច្រើនថ្ងៃ បានហែលត្រសងតាមស្មៅ តាមដុបព្រៃស្បាតដែលលិចទឹក។ «ពេលនោះហើយ បទល្មើសនេសាទដោយប្រើឧបករណ៍ស្បៃមុង ក៍បានចាប់ផ្តើមដែរ។» គាត់និយាយ ដោយលើកកែវទឹកតែ មកផ្លុំបន្ថយកំដៅមុនពិសារ រួចគាត់បានបន្តថា៖ «ដូចអស់លោកដឹងស្រាប់! ពាក្យថាស្បៃមុង គឺក្រឡាតូចល្អិតណាស់ សូម្បីកូនត្រីប៉ុនជើងធូបក៍ចេញមិនរួចដែរ។ ប៉ុន្តែ ក្រុមអ្នកប្រព្រិត្តបទល្មើសបានចូលស្បៃមុងនេះ មកធ្វើជាឧករណ៍ចាប់ត្រី។»

អតីតមន្ត្រីជលផលដដែល បានរៀបរាប់បន្តបែបកំប្លែងថា៖ «គេយកស្បៃមុងមកធ្វើជារបាំង និងធ្វើជាលប ដើម្បីដាក់ចាប់ត្រី ទាំងតូចទាំងធំ ចាប់គ្មានសល់ សូម្បីមេត្រី កូនត្រី ចៅត្រី ជីទួត ជីលួត ជីលា ត្រីក៍មិនសល់ដែរ។» ។ កាលគាត់ នៅមានតួនាទីជាមន្ត្រីរដ្ឋបាលជលផល ពេលចុះបង្ក្រាបបទល្មើសនេសាទ ជួបរបាំងស្បៃមុងម្តងៗ បានលើកលបស្បៃមុងចាក់កូនត្រីលែងឱ្យចូលក្នុងទន្លេវិញ ក្នុង១លបៗមានកូនត្រីរាប់លានក្បាល។ បើនិយាយឱ្យងាយស្តាប់ ក្នុង១លបៗ កូនត្រីគ្រប់ប្រភេទ ដែលមានទំហំប្រមាណផ្លែធូប មានប្រមាណពី១០ទៅ២០គីឡូ ឬច្រើនជាងនេះទ្វេដង។

ដោយសារឃើញ ទិដ្ឋភាពបែបនេះហើយ ទើបច្បាប់ស្តីពីជលផល បានចាត់ទុកការនេសាទ ដោយប្រើឩករណ៍ស្បៃមុង ជាឧបករណ៍ល្មើសច្បាប់ធ្ងន់ធ្ងរ។»បុរសជាម្ចាស់សិប្បកម្មចិញ្ជឹមត្រីរូបនោះបានបន្ថែមថា ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងកសិកម្ម បានសម្រេចបិទអាជីវកម្មចិញ្ជឹមត្រីឆ្តោម្តងរួចមកហើយ ដោយសារការចិញ្ជឹមត្រីឆ្តោនេះ គឺជាដើមហេតុដែលធ្វើឱ្យធនធានជលផលរងការវិនាសហិនហោច។ ប៉ុន្តែ ក្រោយមក ក្រសួងបានអនុញ្ញាត្តិឱ្យមានការចិញ្ចឹមឡើងវិញ ។ប៉ុន្តែមានលក្ខណឱ្យស៊ីចំណីសិប្បនិមិត្ត ។ ទាំងនេះគឺ ដើម្បីស្តារធនធានជលផលដែលរិចរិលទៅ ។

យ៉ាងនេះក្តី ម្ចាស់សិប្បកម្មចិញ្ជឹមត្រីខាងលើនៅបាននិយាយថា៖ នៅរដូវទឹកស្រក អ្នកចិញ្ចឹមត្រីឆ្តោទាំងអស់ទិញកូនត្រីសមុទ្រមកកិនជាចំណីឱ្យត្រីឆ្តោស៊ី។ កូនត្រីសមុទ្រគេដឹកយកមកលក់ដល់កន្លែង តម្លៃ១៧០០រៀលក្នុង១គីឡូក្រាម ពេលខ្លះឡើងដល់២ពាន់រៀល និងពេលត្រីខ្សត់ អាចឡើងដល់៣ពាន់រៀលពេលវាខ្សត់មែនទែន។ ប៉ុន្តែ បើនៅពេលទឹកឡើង គឺមានកូនត្រីទឹកសាប បានពីរបាំងស្បៃមុង ដែលក្នុង ១គីឡូក្រាមថ្លៃតែ១០០០ ទៅ១២០០រៀលប៉ុណ្ណោះ។

បុរសរូបនោះបានបញ្ជាក់ថា៖គាត់បានចាប់មុខរបរចិញ្ចឹមត្រីឆ្តោជាង៣ឆ្នាំហើយ ។ ឆ្នាំនេះ គាត់ដាក់ចិញ្ជឹមកូនត្រីឆ្តោសរុបជាង២០ម៉ឺនក្បាល ដោយចិញ្ចឹមក្នុងស្រះចំនួន៤ ក្នុងស្រះនិមួយៗមានទំហំជាងកន្លះហិកតា ។បច្ចុប្បន្ន ត្រីឆ្តោគាត់១ក្បាលមានទម្ងន់ជាងកន្លះគីឡូក្រាមហើយ។ លោកបានបញ្ជាក់ថា៖ ការចិញ្ចឹមត្រីឆ្តោគឺប្រើរយៈពេលពី៦ទៅ៧ខែគឺដល់ពេលចាប់លក់ហើយ។ បើតាមការគណនាកូនត្រីឆ្តោ១ក្បាល ពីចាប់ផ្តើមចិញ្ចឹមរហូតដល់ចាប់លក់ វាត្រូវស៊ីចំណីអស់ ៤គីឡក្រាម ។ បើក្នុងត្រីឆ្តោ១ក្បាលស៊ីចំណីស្រស់អស់៤គីឡូក្រាម ដូចច្ឆេះត្រីឆ្តោគាត់មានជាង២០ម៉ឺនក្បាល វានឹងត្រូវការកូនត្រីជាចំណីដល់ទៅចំនួន៨០០តោនឯណោះ ។

ដោយឡែកតាមការបញ្ជាក់របស់មន្ត្រីខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឱយដឹងថា បច្ចុប្បន្នមានអ្នកចិញ្ចឹមត្រីគ្រប់ប្រភេទមានជាង៥០០កន្លែង នៅទូរទាំងខេត្ត ដែលស្ថិតនៅជាប់បឹងទន្លេសាបខ្លះ និងខ្លះទៀត ចិញ្ជឹមក្នុងស្រះ ។ត្រីចិញ្ជឹមទាំហងជាង៥០០កន្លែង មាន២ប្រភេទ គឺប្រភេទទី១ ត្រីចិញ្ជឹមដែលស៊ីចំណីសិប្បនិមិត្ត ខ្លះហៅចំណីគ្រាប់ ឬចំណីការ៉ុងមាន ដូចជាត្រីប្រា ត្រីពោធ៍ និងខ្យា គឺមានជាង៣០០កន្លែង និងប្រភេទទី២ ការចិញ្ជឹមត្រីឆ្តោ ដែលស៊ីចំណីស្រស់មានគឺមានជាង២០០កន្លែង ។
ចែករំលែកព័តមាននេះ