រាជធានីភ្នំពេញ ៖ បទពិសោធន៍ជោគជ័យនៅក្នុងអាជីវកម្មរបស់សហគ្រិនម្នាក់ៗ គឺខុសពីគ្នា ហើយក៏មានចំណុចខ្លះក៏ដូចគ្នាដែរ នោះ គឺការមានផែនការច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ។

យ៉ាងណា មិញភាពជោគជ័យនៅក្នុងមុខជំនួញក៏គួបផ្សំឱកាសហុចឲ្យដោយមិនដឹងខ្លួន ឬក៏ត្រូវមានភាពឆ្លាតវ៉ៃក្នុងការចាប់យកឱកាស ជាពិសេសនោះគឺជាបង្កើតស្ពានឆ្លងទៅក្តោបទីផ្សារសម្រាប់ផលិតផល ។
សុភាសិតខ្មែរតែងតែពោលថា នៅពីក្រោយភាពជោគជ័យរបស់បុរស គឺមានស្ត្រីខ្លាំងមួយរូប។ ក៏ប៉ុន្តែសម្រាប់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនឱសថ PPM និងក្រុមហ៊ុនផលិត ផលសរីរាង្គ Confirel ហាក់មានភាពខុសប្លែកពីអ្នកជំនួញដទៃ ព្រោះភាពជោគជ័យរបស់លោកទទួលបានមុនពេលលោកចាប់កសាងជីវិតគ្រួសារទៅទៀត ។

លោកឱសថបណ្ឌិតបានបញ្ជាក់ថា «សម្រាប់ខ្ញុំ គឺខ្ញុំទទួលបានភាពជោគជ័យក្នុងនាមជាសហគ្រិនមួយរូបទៅហើយតាំងពីរូបខ្ញុំនៅម្នាក់ឯងម្លេះ ។ ដូច្នេះគឺវាចេញពីការខិតខំផ្ទាល់ខ្លួន ការយល់ឃើញផ្ទាល់ខ្លួន ហើយខ្ញុំក៏មិនដែលគិតទៅពឹងគេទេ មួយជីវិតនេះ សូម្បីតែខ្ចីលុយគេក៏មិនធ្លាប់ដែរ ដែលនេះគឺជាទម្លាប់មួយតាំងពីវ័យ ១១ ឆ្នាំ រឿងសុំគេអីនឹងគឺអត់មានទេ ។ អ៊ីចឹងធ្វើអ្វីពឹងលើកម្លាំងខ្លួនឯងទាំងអស់ មិនដែលខ្ចីគេទេ ។ ប៉ុន្តែក្នុងឆាកជីវិត យើងមិនអាចរស់នៅម្នាក់ឯង ឬរស់នៅក្រៅសង្គម បានទេ សូម្បីតែជើងយើងក៏ត្រូវមានពីរដែរ ប៉ុន្តែបើយើងមានពីរ យើងក៏រត់លឿនជាងគេដែរ ប៉ុន្តែក៏មិនត្រូវគិតថា ទាល់តែមានពីរទើបធ្វើអ្វីកើតទេ ។

ជាក់ស្តែងអ្នកដែលគាត់មានជើងមួយ ក៏គាត់នៅតែខំរត់ ដូចគេដូចឯង ទោះរត់មិនបានលឿនដូចអ្នកជើងពីរ តែគាត់ក៏មានទឹកចិត្ត ហើយទទួលបានជើងឯកខាងរត់ជើងមួយដែរ ។ លោកឱសថបណ្ឌិត បានឲ្យដឹងបន្ថែមថា «ជោគជ័យរបស់ខ្ញុំ គឺវាចេញពីគំនិត ការយល់ឃើញរបស់ខ្ញុំផ្ទាល់ និងការចាប់យកឱកាស ព្រោះក្នុងជីវិតរបស់យើងតែងតែមានឱកាស ។
បើទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ បើឱកាសមិនទាន់មកដល់ ក៏យើងមិនទាន់អាចសម្រេចបានដែរ។ ឧទាហរណ៍ដូចជា ពេលដែលខ្ញុំត្រឡប់មកកម្ពុជាវិញ ពេលកម្ពុជាស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ច រហូតដល់ឆ្នាំ ១៩៩២ ពេលយើងស៊ីញ៉េចុះសន្និសញ្ញាទីក្រុងប៉ារីស គឺប្រទេសយើងនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ច អ៊ីចឹងយើងមិនអាចធ្វើអ្វីបាននៅប្រទេសកម្ពុជាយើងទេ ។ ពេលនោះ ខ្ញុំបានបង្កើតជាស្ពាន តាមរយៈការផ្ញើថ្នាំជាកញ្ចប់មកប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៨៤ កាលដែលយើងធ្វើពេលនោះ មិនទាន់បានគិតពីការរកស៊ីអីទេ គឺគិតត្រឹមតែប្រទេសកម្ពុជាយើងដែលទើបតែឆ្លងកាត់របបប៉ុល ពត ហើយ គេមិនត្រូវទោះមានបញ្ហាអ្វីក៏ដោយ ក៏គេមិនត្រូវទៅធ្វើបាបប្រជាពលរដ្ឋយើងដែលមិនដឹងអីដែរ» ។
សហគ្រិនជោគជ័យរូបនេះបានបន្តថា «អ៊ីចឹងដោយសារតែយើងជាអ្នកបច្ចេកទេសខាងផ្នែកថ្នាំ ឱសថ អ៊ីចឹងយើងក៏គិតថាតើយើងអាចធ្វើអ្វីបាន អាចជួយអ្វីបានដល់ប្រទេសរបស់យើងតាមរយៈការជួយពី ចម្ងាញ។ អ៊ីចឹង ទោះបីជាគេមានការដាក់ទណ្ឌកម្ម ហ៊ាមមិនឲ្យរកស៊ី មិនឲ្យផ្ញើលុយ មកកម្ពុជាយើង តែធម្មតាមានច្បាប់ (ដាក់ទណ្ឌកម្ម) ក៏មានទ្វារអាចចូលបានដែរ អញ្ចឹងយើងក៏គិតដល់គន្លឹះ ឬវិធីណាអាចជួយប្រទេសកំណើតរបស់ខ្លួនបាន អ៊ីចឹងខ្ញុំមើលឃើញចន្លោះមួយដែលយើងអាចចូលមកបាន នោះគឺតាមរយៈជំនួយមនុស្សធម៌ ។
ត្រង់នេះមានន័យថាអ្វីដែលទាក់ទងទៅនឹងមនុស្សធម៌ គឺគេមានការអត់ឱនឲ្យខ្លះ តែនៅមានកម្រិតរបស់គេ ឧទាហរណ៍ជំនាន់នោះគឺយើងអាចផ្ញើជាថ្នាំអីបាន តែគឺចំណុះគឺមិនឲ្យលើស ១០០០ ហ្វ្រង់ ។ ពេលដែលខ្ញុំបានធ្វើបែបនេះ ធ្វើឲ្យគេស្គាល់នូវផលិតផលដែលខ្ញុំបាននាំចូលនិងផ្ញើមកស្រុកខ្មែរ ក៏ដូចជាទីផ្សារថ្នាំរបស់ខ្ញុំ ហើយប្រជាពលរដ្ឋខ្មែរក៏បានស្គាល់រូបខ្ញុំដែរ អញ្ចឹងពេលត្រឡប់មកស្រុកខ្មែរវិញ គឺយើងអត់បានទៅរកទីផ្សារអីទេ គឺគ្រាន់តែមកមើលប្រទេសកម្ពុជាយើង ប្រែក្លាយទៅជាយ៉ាងណាទៅ បន្ទាប់ពីកាលដែលយើងបានជួបប្រទះនឹងសង្គ្រាមនៅក្នុងប្រទេសយើងនោះ ។
លោកឧកញ៉ា ហៃ លីអ៊ាង បញ្ជាក់ជាថ្មីម្តងទៀតថា « អញ្ចឹងនោះក៏ជាឱកាស ដែលធ្វើឲ្យខ្ញុំចាប់ផ្តើម ភ្លាម នូវមុខរបរផ្នែកថ្នាំពេទ្យនេះ រហូតដល់សព្វថ្ងៃដែលយើងអាចនាំចេញទៅប្រទេសជាច្រើនលើសកលលោកយើងនេះ ។ នេះគឺជាឧទាហរណ៍មួយស្តីពីឱកាស ដែលយើងអត់បានគិតទុកជាមុនទេ ព្រោះការវិលត្រឡប់មកខ្មែរដំបូងគ្រាន់តែចង់ដឹងថាកម្ពុជាយើងវាប្រែក្លាយទៅជាយ៉ាងម៉េចទៅ ហើយជំនាន់នោះស្អីក៏យើងអត់មានដែរ សូម្បីតែថ្នាំពេទ្យដែលយើងលក់ក៏ឥតមានច្បាប់អត់មានអីដែរ ក៏ប៉ុន្តែពេលយើងមកដល់ស្រុកខ្មែរ យើងឃើញមានឱកាស អញ្ចឹងក៏យើងបានឆ្លៀតឱកាសនឹងចាប់ផ្តើមជំនួញខាងថ្នាំតែម្តងទៅ» ៕
ចែករំលែកព័តមាននេះ