រាជធានីភ្នំពេញ ៖ ក្នុងបំណងផ្ដល់ឱកាសដល់អ្នកទិញរថយន្តបន្តគ្នា មានលទ្ធភាពមកបំពេញលិខិតស្នាមផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានត្រឹមត្រូវ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសពន្យារពេល៣ខែបន្ថែមទៀត ចំពោះការផ្ទេរកម្មសិទ្ធិយានយន្តដែលបានទិញ-លក់តគ្នារកម្ចាស់ដើមមិនឃើញ គឺរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។

ការសម្រេចពន្យារពេលនេះ គឺដើម្បីឱ្យម្ចាស់យានយន្តដែលបានទិញ-លក់តៗគ្នារកម្ចាស់ដើម
មិនឃើញ អាចដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តមកជារបស់ខ្លួនដោយស្របច្បាប់ ។
សម្រាប់អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នារកម្ចាស់ដើមមិនទាន់ឃើញ ហើយមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ដោយភ្ជាប់នូវសំណុំឯកសារមួយចំនួនដូចជាពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ មានផ្តិតមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់(តួឬសាក់ស៊ី) ដែលចម្លងដាក់ជាក់ស្ដែងពីយានយន្ត ។

ប័ណ្ណសម្គាល់(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ។
ពលរដ្ឋខ្មែរត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមាន
សមត្ថកិច្ច បើជនបរទេសត្រូវមានលិខិតឆ្លងដែន និងទិដ្ឋការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។ បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់-ទិញ កិច្ចសន្យាធានាដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល ។

ក្រសួងសាធារណការនិងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានឯកភាពស្នើគោលការណ៍
ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយដូចជា ការបង់ប្រាក់សេវានិងពន្ធប្រថាប់ត្រារួមគ្នា
ក្នុងវិក្កយបត្រតែមួយ ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញនិងរអ៊ូរទាំអំពីបែបបទបំពេញឯក
សាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃយានយន្តមកម្ចាស់កាន់កាប់ចុងក្រោយ ។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នក
នាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះ នឹងត្រូវចំណាយពេលតែ១ថ្ងៃ ប្រសិនបើមិនមានការប្តូរផ្លាកលេខ និងរយៈពេល២ទៅ៣ថ្ងៃ ប្រសិនបើមានការប្តូរផ្លាកលេខ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ