រាជធានីភ្នំពេញ ៖ គ្រាន់តែក្រឡេកឃើញមួយភ្លែត គ្រប់គ្នាពិតជាមិនអាចបង្វែរចក្ខុចេញពីសម្រស់ «ភ្លៅនាង» បានឡើយ ហើយម្នាក់ៗនឹងចោទសួរឡើងថា «តើនាងជានរណា» ដោយសារតែ «ភ្លៅនាង» មួយនេះមានរូបរាងខ្ពស់ស្រឡៈ សស្រឡូន និងចាយសម្រស់ពណ៌យ៉ាងឆើតឆាយ ស្អាតប្លែកដាច់គេ ស្រស់ស្អាតរហូតពិបាកនឹងពណ៌នា ។

ដើម «ភ្លៅនាង» លាក់ខ្លួនក្នុងព្រៃ និងចាយសម្រស់កាន់តែឆើតឆាយក្នុងខែមិថុនា ឬកក្កដា ដែលជាពេលវេលាដើម «ភ្លៅនាង» ចេញផ្កាពេញដើម ដែលអ្នកនិយមធ្វើដំណើរកម្សាន្តតាមដងព្រៃព្រឹក្សា ពិតជាលង់សម្រស់នាង ហើយផ្តិតយករូបភាពស្រស់ឆើតឆាយមួយនេះជាប់ក្នុងដួងចិត្ត ។
យ៉ាងណាមិញ បើតាមការឲ្យដឹងពីបងប្អូនដែលនិយមធ្វើដំណើរកម្សាន្តត្រាចចរតាមព្រៃព្រឹក្សា អមដោយទឹកជ្រោះស្រស់ស្អាតនោះបានឲ្យដឹងថា ដើមភ្លៅនាងដុះនៅតំបន់ព្រៃភ្នំ ហើយជាអំបូរផ្កាដើមពូជផ្សេងគ្នា តែផ្កាអំបូតែមួយ អញ្ចឹងហើយបានមានឈ្មោះផ្សេងគ្នា ឬអ្នកស្រុកតាមតំបន់ឲ្យឈ្មោះផ្សេងគ្នា ដូចជា ដើមត្របែកព្រៃ ដើមស្រឡៅជូ ដើមស្រឡៅព្រៃ ដើមភ្លៅនាង ហៅឈ្មោះខុសគ្នាតាមតំបន់ ។ ក៏ប៉ុន្តែវាជាប្រភេទដើមពូជផ្សេងគ្នា តែផ្កាអំបូរតែមួយ អញ្ចឹងហើយបានមានឈ្មោះផ្សេងគ្នា ។

បើតាមលោក សុធី បុរសខ្មែរមួយរូបដែលនិយមដើរព្រៃបានឲ្យដឹងថា ដើមភ្លៅនាង មានឈ្មោះជាភាសាអង់គ្លេស ៖ Burma lancewood , Moulmein Lancewood និងឈ្មោះវិទ្យាសាស្ដ្រ ៖ Homalium tomentosum (Vent.) Benth ។ លោកបានបន្តទៀតថា ដើមភ្លៅនាង មានរាងស្រឡូនខ្ពស់ ដើមធំៗ ហើយពេលចេញផ្កានាខែមិថុនា និងកក្កដា គឺស្រស់ស្អាតរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ។

តែគួរឲ្យសោកស្តាយបំផុត ដើមភ្លៅនាង មិនសូវជាមានដុះច្រើន បែរជាកំពុងជួបគ្រោះភ័យត្រូវមនុស្សមួយចំនួនកាប់យកមកធ្វើជាគ្រឿងសង្ហារឹម ឬកាប់ធ្វើជាតុបាយ អីជាដើម ដែលការណ៍នេះមិនគួរកើតមានទាល់តែសោះ ព្រោះវាជាប្រភេទឈើព្រៃមានផ្កាស្អាត ហើយចំណាយពេលរាប់សិបឆ្នាំទំរាំបានដើមធំ និងចេញផ្កា ដែលការទុកដើមនាង គឺជារឿងល្អបំផុតក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ដែលនិយមដំណើរកម្សាន្តលក្ខណៈធម្មជាតិព្រៃព្រឹក្សាជ្រោះជ្រងជ្រលងដងអូរ ព្រោះសម្រស់ដើមភ្លៅនាង គឺស្អាតបំផុត ផ្កាពណ៌ស្វាយលាយស រេរាំងតាមកម្លាំងវាយោ គ្រាន់តែបានឃើញក៏មានអារម្មណ៍ស្រស់ស្រាយ និងបាត់អស់នូវទុក្ខកង្វល់ ។

ងាកទៅប្រវត្តិរបស់ដើម «ភ្លៅនាង» វិញទាំង Admin និងប្រិយមិត្តអ្នកអានប្រាកដជាពិបាកនឹងទប់ទឹកភ្នែកមិនឲ្យស្រក់ចុះខ្លាំងណាស់ ។ រឿងដើមភ្លៅនាង គឺពាក់ព័ន្ធនឹងរឿងដំណាលមួយថា ជាច្រើនទស្សវត្សមកហើយកាលនោះមានព្រះរាជាមួយអង្គមានមហេសីនិងស្រីស្នំជាច្រើននាក់ ប៉ុន្តែព្រះអង្គសព្វព្រះទ័យ នឹងនាងម្នាក់ឈ្មោះ ច័ន្ទ ជាងគេ ដូច្នេះទ្រង់ក៏បានយកនាងធ្វើជាស្រីស្នំពៅគេ ។
នាងច័ន្ទ មានរូបសម្រស់ស្រស់សោភា និងស្អាតជាងស្រីស្នំនិងមហេសីទាំងអស់ នាងមានសាច់ស ម្រាមដៃស្រឡូនក្រចកវែងៗគ្រប់ម្រាមទាំង១០ដូចជាស្លាបព្រា តែអភ័ព្វអ្វី នាងពុំមានព្រះរាជបុត្រនឹងគេទេ។ ព្រះរាជាតែងតែយាងរកនាងច័ន្ទ រៀងរាល់ថ្ងៃ ។
នាងច័ន្ទមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតលើនារីទាំងពួងនោះទេ នាងថែមទាំងពូកែមើលថែបម្រើនិងពូកែធ្វើម្ហូបចំណីត្រូវចិត្តព្រះរាជទៀតផង ។ ហេតុដូច្នេះព្រះរាជា ក៏បានលើកនាងធ្វើជាព្រះអគ្គមហេសីធំជាងគេ។ រហូតធ្វើឲ្យមហេសី និងស្រីស្នំទាំងអស់ខឹងស្អប់នាងច័ន្ទ ដែលជាកូនរាស្ត្រសាមញ្ញសុទ្ធសាទ បែរជាបានព្រះស្វាមីលើកតម្កើងជាអគ្គមហេសីធំ ។
ដោយក្តីច្រណែនឈ្នានីសរបស់មហេសី និងពួកស្រីស្នំទាំងនោះ ពួកគេបានរិះរកមធ្យោបាយបំបែកបំបាក់នាងច័ន្ទ ដោយទៅមួលបង្កាច់នាងច័ន្ទ នៅចំពោះមុខព្រះរាជាថា នាងប្រមាថព្រះរាជាដោយយកក្រចកដៃរបស់នាងទៅដួសបាយ ផ្សំគ្រឿងធ្វើសម្លរឲ្យព្រះអង្គ រហូតព្រះរាជាចាត់ទុកថា ការប្រើប្រាស់ក្រចកដួសសម្លរ បាយទឹកឲ្យព្រះអង្គបែបនេះជាការប្រមាថព្រះអង្គ ក៏បញ្ជារពួកពេជ្ឈឃាតឲ្យយកនាងច័ន្ទ ទៅសម្លាប់ចោល ។ លុះនាងដឹងសេចក្ដីនោះ ក៏បានរត់ភៀសខ្លួនតែមិនអាចគេចផុតពីពួកពេជ្ឈឃាដឡើយ ទោះនាងខំរត់គេចយ៉ាងណាក៏ដោយ ។ មុននឹងត្រូវពេជ្ឈឃាដសម្លាប់ នាងច័ន្ទ បានផ្សងសច្ចាថា អាការៈទាំង ៣២ របស់នាងបានទៅជាឈ្មោះរុក្ខាលតាវល្លិ៍ ទាំងនេះ ហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះនៅនឹងឈើទាំងនោះ ។
បន្ទាប់ពីការស្លាប់ទៅឈ្មោះរបស់នាង បានចងជាប់ឈ្មោះដើម «ចន្ទន៍គ្រិស្នា» ។ ឯ ចំណែកនៃរាងកាយដទៃបានទៅជា៖ ១- កេសានាង ជាប់នឹងផ្លែពោត ហៅថាសក់ពោត ។ ២- រោមរបស់នាង ជាប់នឹងម្អម។ ៣- សាច់របស់នាងជាប់នឹងដើមចាក។ ៤ – ឯ សាច់ភ្លៅដែលសទ្រលុកត្រលន់របស់នាង ជាប់នឹងដើមភ្លៅនាង ៕
ចែករំលែកព័តមាននេះ