រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម


រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ផ្លូវ​កោង​ក៏​បាន​ជ្រុល​ចង្កូត​ឡើង សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៦ ហើយ​បុក​រះ​បណ្តាល​ឲ្យ​បាក់​រលើង​ដើម​ជ្រៃក្រឹម​ជា​ច្រើន​ដើម និង​បុក​រលើង​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​មួយ​ដើម​រថយន្ត​បែក​កង់​ទៅ​មុខ​លែង​រួច​។ គ្រោះថ្នាក់​ចរាចរណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​ថ្ងៃត្រង់ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​វត្ត​សូ​រិ​យា​ពោធិ៍​មាស ហៅ​វត្ត​ក្តី​ចាស់ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ឥដ្ឋ ពាក់​លេខ ភ្នំពេញ ៣C-០៤០៥ បើកបរ​ដោយ​ឈ្មោះ អូន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ឡឥដ្ឋ​នៅ​ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ចេញពី​រាជធានី​ភ្នំពេញ​) ក្នុង​ល្បឿន​លឿន​។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​បុក​រះ​តែ​ម្តង​។

តាម​សាក្សី​បាន ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឡើង​សួន​គេ​ឃើញ​រថយន្ត​បាន​បើក​លើ​សួន​បុក​រះ បណ្តាល​ឲ្យ​បាក់ និង​រលើង ដើម​ជ្រៃក្រឹម បាក់​លូ ព្រមទាំង​បុក​បង្គោល​ភ្លើង​ទើបតែ​ដាក់​មិន​ទាន់​បំពាក់​គោម​ផង​ក៏​ត្រូវ​បាន បាក់​រលើង​ទាំង​គ្រឹះ អូស​ក្រោម​រថយន្ត​ប្រមាណ​៤០​ម៉ែត្រ​ទើប​ឈប់​។ តាម​អ្នកបើកបរ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ដោយសារ​តែ​រថយន្ត​បែក​កង់​ទាញ​ចង្កូត​ឡើង​សួន​។

នៅ​ពេល​ឡើង សួន​មាន​យានយន្ត​ដែល​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​បញ្ច្រាស​ច្រើន គាត់​ក៏​បាន​ទប់​ចង្កូត​ទាំង​បែក​កង់​នៅ លើ​សួន​តែ​ម្តង​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មានការ​សង្ស័យ​ថា ផ្លូវ​កោង​បើក​លឿន​ជ្រុល​ឡើង សួន​។ គួរ​បញ្ជាក់​ថា ត្រង់​ចំណុច​ផ្លូវ​កោង​នោះ​តែ​កើត​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយសារ​តែ បើកបរ​ក្នុង​ល្បឿន​លឿន​៕ ដោយ ៖ ម៉េ​ង ធា

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ