WHO ៖ «​កូ​វី​ដ​១៩ នឹង​មិន​ទាន់​បញ្ចប់​ឆាប់​ៗ​នេះ​ទេ​»


តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បានឱ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​១៩ នៅ​យូរ​ទៀត​ណាស់​ទម្រាំ​តែ​ឃើញ​កោះ​ត្រើយ ដែល​វា​នឹង​មិន​អាច​ដល់ទី​អ​វ​សាន្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃ​ច័ន្ទ លោក Tedros បាន​មាន​ប្រសាសន៍​ថា​៖ «​រឿង​នេះ​មិន​ទាន់​ជិត​ដល់ទី​បញ្ចប់​នៅឡើយ​ទេ​។ ទោះបីជា​ប្រទេស​ជា​ច្រើន​មានការ​ធូរស្បើយ​ក៏​ដោយ ជំងឺ​នេះ​នៅ​តែ​បន្ត​រាតត្បាត​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ពួក​យើង​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ទាំងអស់​គ្នា ហើយ​ក៏​នៅ​ពេល​យូរ​ទៀត​ដែរ​»​។

លោក Tedros ក៏​បាន​និយាយ​ផង​ដែរ​ថា មក​ដល់​ថ្ងៃ​អង្គា​រ៍​នេះ គឺជា​គម្រប់​ខួប​៦​ខែ​ហើយ ចាប់តាំងពី​អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​របាយការណ៍​ដំបូង​នៃ​ករណី​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន ពី​មូលហេតុ​ដែល​មិន​ស្គាល់​មួយ ដែល​ក្រោយមក​ត្រូវ​បាន​គេ​កំណត់ ថា​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

លោក​អគ្គនាយក បាន​និយាយ​ថា​៖ «​នេះ​គឺជា​ខួប​៦​ខែ នៃ​ការ​ផ្ទុះ​ឡើង ស្រប​ពេល​ជាមួយនឹង​ការ​ឈាន​ដល់ ១០​លាន​ករណី​ឆ្លង​សរុប និង ៥​សែន​ករណី​ស្លាប់​»​។

លោក Tedros បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​ពេលវេលា​សម្រាប់​យើង​ទាំងអស់​គ្នា ដើម្បី​គិត​ត្រឡប់​ទៅ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក និង​វា​ជា​មេរៀន​ជីវិត​ផង​ដែរ ហើយ​យើង​បាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​សម្រាប់​សង្គ្រោះ​ជីវិត​។ កាលពី​៦​ខែ​មុន​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង អាច​ដឹង​ថា ជីវិត​លើ​លោក​នា​ពេល​នេះ​ទៅ​ជា​អ៊ីចឹង​ទេ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ