រយៈពេល​៤​ខែ​ឆ្នាំ​នេះ ៖ ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ភ្នំពេញ​មានការ​ធ្លាក់​ចុះ​ជាង​៤៦%


រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​មក​ទស្សនា​រាជធានី​ភ្នំពេញ មាន​ចំនួន​ថយ​ចុះ​ប្រមាណ​៤៦,២% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៩ កន្លង​ទៅ​។

លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈ ពេល​៤​ខែ​ដើមឆ្នាំ​២០២០ អំឡុង​ពេល​ដែល​ពិភពលោក​ក៏​ដូច​ជា​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​រាជធានី​ភ្នំពេញ​មាន​ចំនួន​៧៧៥.៧៥០​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ដើមឆ្នាំ​២០១៩ គឺ​មានការ​ថយ​ចុះ​ប្រមាណ​៤៦,២% ឯណោះ ។

លោក​បញ្ជាក​បន្ថែម​ថា ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ ទេសចរណ៍​អន្តរជាតិ​ចំនួន​៤.៤០៤.៨៩៥​នាក់ កើនឡើង​ប្រមាណ​២២% បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៨​។
លោក ម៉​ម វាសនា ក៏​បាន​លើក​ឡើង​ឲ្យ​ដឹងផង​ដែរ អំពី​ស្ថានភាព​មូលដ្ឋាន​អាជីវកម្ម រាជធានី​ភ្នំពេញ ខណៈ​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​សេវាកម្ម​ស្នាក់​នៅ​ចំនួន​៨១៤​ទីតាំង ស្មើនឹង ២៥.១០៤​បន្ទប់ ។ សេវាកម្ម​ហូប​ចុក​មាន​ចំនួន​៤៩៧​ទីតាំង ។ សេវាកម្ម​មណ្ឌល កម្សាន្ត​ទេស ចរណ៍​១៣៤​ទីតាំង ។ សេវាកម្ម​ម៉ាស្សា​សុខភាព​ចំនួន​១២៣​ទីតាំង ។ សេវាកម្ម ដឹក​ជញ្ជូន​ផ្លូវ ទឹក​និង​ផ្លូវគោក​ក្នុង​នោះ​កាណូត​ទេសចរណ៍​មាន​ចំនួន​៦១​ទីតាំង​និង​រថយន្ត ទេសចរណ៍​មាន ចំនួន​៩​ក្រុមហ៊ុន ។

ចំណែក​សេវាកម្ម​កីឡា​ទេសចរណ៍​មាន​ចំនួន​១១​ទីតាំង​រួម​ទាំង​សេវាកម្ម​ម​គ្គុ​ទ្ទេស​ក៏ ទេសចរណ៍​ដែល​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ចំនួន​១០៩៩​នាក់​និង​សេវាកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់​ងារទេសចរណ៍​មាន​ចំនួន​៣៩៩​ក្រុមហ៊ុន ហើយ​មាន​បុគ្គលិក​បំរើ​ការងារ​ចំនួន​២.២២៥ នាក់ ។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​ឲ្យ​ដឹង​ដែរ​អំពី​ការ​អនុវត្តន៍​វិធានការ​សុវត្ថិភាព ទេសចរណ៍​ក្នុង ដំណាក់​កាល​កូ​វី​ដ​១៩ ជំ​ហ៊ាន​ទី​១ ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ផ្តើម​ចេញពី​ការ​អនុវត្ត​តាម​សារា ចរ​ណែនាំ​លេខ​០០៤​សរណ​ន ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ របស់​ក្រសួងទេសចរណ៍ ស្តី​ពី ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ទៅ​លើ​អាជីវកម្ម​ទេសចរណ៍​ទាំង​០៦​ប្រភេទ​រួម​មាន ៖ វិធាន​សុវត្ថិ​ភាព​សម្រាប់​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​, សេវាកម្ម​ភោជនីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ។

ចំពោះ​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចប្រជុំ ក្រុមការងារ​ស្តី​ពី​ការ​ផ្សព្វផ្សាយ ណែនាំ និង​តាមដាន​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ រួម​ទាំង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​រួម​ទាំង​ការ​បញ្ជូន​ក្រុមការងារ​បាន​ចុះ​ផ្សព្វផ្សាយ​អំពី វិធានការ​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត ។

លោក ម៉​ម វាសនា ក៏​បាន​លើក​ឡើង​អំពី​ទិស​ដៅ​សម្រាប់​ការ​អនុវត្តន៍​បន្ត​ផង​ដែរ ក្នុង​នោះ​បន្ត​ចុះ​វាយតម្លៃ​អាជីវកម្ម​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ផ្តល់​ជា​ឡា​បែ​ល សុវត្ថិភាព​ជូន​អាជីវកម្ម​ទាំងអស់ ដែល​ជា​គាំទ្រ​លើកទឹកចិត្ត​ដល់​អាជីវកម្ម​ដែល​បាន​គិតគូរ​ពី​វិ ធាន​ការ​សុវត្ថិភាព​បាន​ល្អ​និង​ជា​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​អាជីវកម្ម​ទេសចរណ៍ និង​ដើម្បី​រក្សា​បាន​នូវ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រតិបត្តិការ​ទេសចរណ៍ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ