ប្រទេសអេស្ប៉ាញ ៖ យោងតាមប្រភពពត៌មានរបស់អេស្ប៉ាញបានឱ្យដឹងថា ក្រុមសេះបង្កង់ Juventus នឹងចុះកុងត្រាជាមួយកីឡាករអន្តរជាតិប្រេស៊ីល Arthur Melo របស់ក្លិបអ្នកមានបុណ្យ Barcelona បន្ទាប់ពីខ្សែបម្រើរូបនេះ ត្រូវបានរាយការណ៍ថា បានយល់លើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកអុីតាលី ក្រោយជាប់ការធ្វើតេស្តសុខភាពរួចរាល់។
កីឡាករ Arthur Meloសេចក្តីរាយការណ៍ពីកាសែត Mundo Deportivo និង Marca របស់ប្រទេសអេស្ប៉ាញ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការដោះដូរកីឡាកររវាងក្លឹបទាំងពីរ ដែលពាក់ព័ន្ធនឹងខ្សែបម្រើ Miralem Pjanic ដែលនឹងត្រូវផ្លាស់មកចូលរួមជាមួយក្លិប Barcelona រដូវកាលក្រោយ ។
កីឡាករ Miralem Pjanicប្រភពដដែលបានបន្តទៀតថា Juventus នឹងត្រូវចំណាយប្រាក់ចំនួន ៧០ លានអឺរ៉ូផ្តល់ទៅឱ្យក្លិប Barca សម្រាប់ខ្សែបម្រើ Arthur វ័យ ២៣ឆ្នាំ ហើយពួកគេ (Juventus) នឹងទទួលបាន ៦០លានអឺរ៉ូវិញ ពីការចាកចេញរបស់ខ្សែបម្រើ Pjanic ដែលមានវ័យ ៣០ឆ្នាំទៅកាន់ក្លិប Barca ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំ។ កីឡាករទាំងពីរ នឹងត្រូវបន្តលេងឱ្យក្លិបបច្ចុប្បន្នរបស់ខ្លួន រហូតដល់បញ្ចប់រដូវកាលនេះ មុនពេលផ្លាស់ទៅចូលរួមជាមួយក្លិបថ្មីរបស់ពូកគេ។
សូមជម្រាបជូនថា Arthur ត្រូវបានគេថតរូបជាប់ពេលមកដល់ទីក្រុង Turin ប្រទេសអ៊ីតាលី សម្រាប់ការធ្វើតេស្តសុខភាពរបស់គេជាមួយក្រុម Juventus កាលពីថ្ងៃអាទិត្យផងដែរ៕
ចែករំលែកព័តមាននេះ