ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សុំទាន​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ បើ​មិន​ចុះ​ឈ្មោះ​កន្លែង​រស់នៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សុំទាន​នៅ​ភ្នំពេញ​ដែល​គ្មាន​អាសយដ្ឋាន​ច្បាស់លាស់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា ជា​ពលរដ្ឋ​ក្រីក្រ​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​នោះ​ឡើយ​។ មន្ត្រី​អះអាង​ថា​ការ​ផ្តល់ ប័ណ្ណ​សមធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេល​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឡើង​ចំពោះ អ្នកមាន​អាសយដ្ឋាន​ពិតប្រាកដ​។…

រាជធានី​ភ្នំពេញ ៖ អ្នក​សុំទាន​នៅ​ភ្នំពេញ​ដែល​គ្មាន​អាសយដ្ឋាន​ច្បាស់លាស់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា ជា​ពលរដ្ឋ​ក្រីក្រ​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​នោះ​ឡើយ​។ មន្ត្រី​អះអាង​ថា​ការ​ផ្តល់ ប័ណ្ណ​សមធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេល​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឡើង​ចំពោះ អ្នកមាន​អាសយដ្ឋាន​ពិតប្រាកដ​។ អ្នក​សុំទាន​ដែល​មិន​មាន​អាសយដ្ឋាន​ច្បាស់លាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ទទួល​បាន​ប័ណ្ណ​សមធម៌​ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​នៅ​គ្រា​លំបាក​ដោយ​កូ​វី​ដ​-១៩​នេះ​ទេ​។

នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្ដី​ពី «​នីតិវិធី និង​ដំណើរការ​អនុវត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​» មន្ត្រី​បាន​បញ្ជាក់​ថា ប្រ​សិន​ពលរដ្ឋ​អ្នក​សុំទាន​នៅ​ភ្នំពេញ ចង់បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​នៅ​ពេល​នេះ ពួក​គាត់​អាច​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​សមធម៌​នៅ​ឃុំ សង្កាត់​ដែល ពួក​គាត់​មាន​លំនៅ​ដ្ឋា​ន​ច្បាស់លាស់​ដើម្បី​អាជ្ញាធរ​សម្ភាស​វាយតម្លៃ​ផ្តល់​ប្រាក់​ឧ​ត្ថ​ម្ភ​ដូច​ពលរដ្ឋ​ក្រីក្រ​ដទៃ​ទៀត​។ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី តិ​សម្បទា បាន​លើក​ឡើង​ថា នៅ​កម្ពុជា​មាន​អ្នក​សុំទាន​បី​ប្រភេទ មួយ​គឺ​អ្នក​សុំទាន​អាជីព ទី​២​អ្នក​សុំទាន​តាម​រដូវ​កាល និង​ទី​៣​អ្នក​សុំទាន​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ គឺ​អ្នក​សុំទាន​ដែល​មាន មេខ្លោង​នៅ​ពីក្រោយ ជួញដូរ​កម្លាំង​ពលកម្ម​ពួក​គាត់​ឲ្យ​ដើរ​សុំទាន​។

លោក​ប្រធាន​នាយកដ្ឋាន សុខមាលភាព​សង្គម​លើក​ឡើង​ថា កន្លង​មក​អ្នក​សុំទាន​មិន​ចង់ទៅ​ស្នាក់​នៅ​មណ្ឌល​សង្គមកិច្ច របស់​ក្រសួង​ឡើយ​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ និង​បណ្តុះបណ្តាល ដោយសារ​ពួក​គាត់​ថា​គ្មាន​សេរីភាព​នោះ​។ មន្ត្រី​លើក​ឡើង​ថា មានការ​ស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ​២០១៨ រក​ឃើញ​ថា​អ្នក​សុំទាន​អាច​រក​ប្រាក់​យ៉ាង តិច​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​តាម​រយៈ​ការ​ដើរ​សុំ​ប្រាក់​តាម​ទី​សាធារណៈ ដែល​ប្រការ​នេះ​ជា​មូលហេតុ ដែល​ពួក​គាត់​មិន​ចង់ទៅ​ស្នាក់​នៅ​មណ្ឌល​សង្គមកិច្ច​។ មណ្ឌល​ដែល​មាន​សេវា​បណ្តុះបណ្តាល​វិជ្ជា និង​ផ្តល់​ថវិកា​ដើម្បី​ឲ្យ​គាត់​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​មូលដ្ឋាន​វិញ​នោះ​។

មន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​បញ្ជាក់​ថា រដ្ឋ​ពិតជា​មិន​ចង់​ឲ្យ​មាន​អ្នក​សុំទាន​ដើរ​សុំទាន​នោះ​ឡើយ ប៉ុន្តែ​នេះ​ជា​បញ្ហា​សង្គម​ប្រទេស​ណា​ក៏​មាន​។ លោក ឈួ​រ សុ​បញ្ញា គូសបញ្ជាក់​ថា​ប្រសិនជា​គេ​ចង់​ជួយ​អ្នក​សុំទាន គួរ​ឈប់​ផ្តល់​ប្រាក់​ដល់​ពួក​គាត់ ហើយ​ណែនាំ​ពួក​គាត់ ឲ្យ​មក​ទទួល​សេវា​មណ្ឌល​សង្គមកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព​ពួក​គាត់​។ មន្ត្រី​ថែម​ទាំង​បាន​បញ្ជាក់​ថា ការ​ផ្តល់​ប័ណ្ណ​សមធម៌​ដល់​អ្នក​សុំទាន​នៅ​ភ្នំពេញ​ជា​ការ​លើកទឹកចិត្ត​ឲ្យ​មាន អ្នក​សុំទាន​នៅ​ទីក្រុង​កាន់តែ​ច្រើន​។ ប៉ុន្តែ​សិន​ជា​ពួក​គាត់​មាន​បញ្ហា​ជីវភាព សុំ​ទៅ​ដាក់​ពាក្យ​នៅ​ឃុំ​សង្កាត់ ដែល​គាត់​មាន​លំនៅ​ដ្ឋា​ន​ពិតប្រាកដ​។ លោក សំ​ហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​បញ្ជាក់​ថា ប្រ​សិន​ពលរដ្ឋ​អ្នក​សុំទាន​មិន​មាន​ប័ណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​ក្នុង​ជុំ​ទី​១ គឺ​ពួក​គាត់​ដាក់​សុំ​ពេល​នេះ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​ជុំ​ទី​២ បាន​។ លោក​ថា រដ្ឋ​មិន​ទុក​ចោល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយ​នោះ​ឡើយ​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ