ប្រទេសអង់គ្លេស ៖ របាយការណ៍ពីគេហទំព័រ theguardian បានឱ្យដឹងថាក្លិប Everton កំពុងធ្វើការទាក់ទង់ ដើម្បីចុះហត្ថលេខានាំយកកីឡាករលេចធ្លោរបស់ប្រទេសកូរ៉េខាងត្បូងម្នាក់ មកកាន់ទឹកដីប្រទេសអង់គ្លេសរដូវកាលក្រោយ។
ខ្សែការពារកណ្តាល Kim Min-jae របស់ក្រុម Beijing Guoan នៅលីគកំពូលចិន (CSL) ដែលបច្ចុប្បន្នកំពុងឡើងជើងខ្លាំង និងជាកីឡាករដែលលេចធ្លោនៅតំបន់អាស៊ី ត្រូវបានរាយការណ៍ថា កំពុងជាប់ទាក់ទិនការផ្ទេរទៅកាន់ក្របខណ្ឌ Premier League ជាមួយក្រុម Everton ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Carlo Ancelotti ។
សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ ២៣ឆ្នាំ ដែលមានរហស្សនាមថា «Monster» ត្រូវបានក្លិបច្ចុប្បន្ន Beijing Guoan បានកំណត់តម្លៃ ១៣,៥លានផោន សម្រាប់ក្លិបណាដែលចង់បានខ្សែការពារកម្ពស់ ១,៩ ម៉ែត្ររូបនេះ។ តាមរបាយការណ៍ពី theguardian បានឱ្យដឹងថា ក្រៅពី Everton ដែលមានភាគរយខ្ពស់ ក៏មានក្លិបធំៗនៅអឺរ៉ុបជាច្រើនផ្សេងទៀត ក៏កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Min-jae ដែលមានដូចជា៖ RB Leipzig, Lazio, Porto និង PSV ប៉ុន្តែគំនិតរបស់គេគឺចង់ផ្លាស់មកលេងប្រទេសអង់គ្លេស។ ខណៈក្លិប Watford និង Southampton ក៏ត្រូវបានរាយការណ៍ថា ចង់បានកីឡាកររូបនេះផងដែរ។
សូមបញ្ជាក់ថា Kim Min-jae លេចធ្លោ និងជោគជ័យខ្លាំងជាមួយក្រុម Jeonbuk Hyundai នៅលីគកំពូលកូរ៉េខាងត្បូង ដោយឈ្នះជើងឯកលីគនៅឆ្នាំ ២០១៧ និង ២០១៨ និងមានឈ្មោះក្នុងក្រុមកីឡាករឆ្នើមប្រចាំរដូវកាលផងដែរ។ Kim បានមកចូលរួមជាមួយក្លិប Beijing Guoan ក្នុងតម្លៃ ៤.៥ លានផោនកាលពីខែមករា ឆ្នាំ២០១៩ ហើយបានបន្តអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំងបន្ថែមទៀត។
Kim ក៏ធ្លាប់ជាផ្នែកមួយនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម ២៣ឆ្នាំ ដែលបានផ្តួលជប៉ុនក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ ហើយគេបានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនជាមួយក្រុមឈុតធំក្នុងព្រឹត្តិការណ៍ Asian Cup កាលពីឆ្នាំមុន បើទោះបីជាពួកគេរងការបរាជ័យត្រឹមវគ្គ ៨ក្រុមចុងក្រោយដោយប្រទេសកាតាក៏ដោយ ប៉ុន្តែ Kim ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមកីឡាករល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ ៕
ចែករំលែកព័តមាននេះ