ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ដ្រី​ព្រៃឈើ​ពីរ​រូប និង​មន្ដ្រី​ការិយាល័យ​មន្ទីរ​កសិកម្ម​មួយ​រូប

13 ឆ្នាំ មុន

ខេត្ដ​រតនគីរី ៖ នៅ​សាល​ប្រជុំ​សាលាខេត្ដ​នា​រសៀល​ថ្ងៃ​ទី​២១ មេ​សា បាន​ធ្វើ​ពិធីប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធានខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​មួយ​រូប​ ឱ្យទៅបំពេញការងារ​នៅ​ស្នាក់​ការ​កណ្ដាល​រដ្ឋបាលព្រៃឈើ ហើយ​ដាក់​ជំនួស​ដោយ​លោកនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​ប្រចាំ​នៅ​ ខេត្ដស្ទឹង​ត្រែង និង​ផ្ទេរ​ភារកិច្ច​លោកនាយ​កា​រិយា​ល័យ​ផែនការ​គណនេយ្យ​មន្ទីរ​កសិកម្មខេត្ដ ​ឱ្យទៅ​ជា​នាយការិយាល័យ​ក​សិ​ឧស្សាហកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ

ខេត្ដ​រតនគីរី ៖ នៅ​សាល​ប្រជុំ​សាលាខេត្ដ​នា​រសៀល​ថ្ងៃ​ទី​២១ មេ​សា បាន​ធ្វើ​ពិធីប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធានខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​មួយ​រូប​ឱ្យទៅបំពេញការងារ​នៅ​ស្នាក់​ការ​កណ្ដាល​រដ្ឋបាលព្រៃឈើ ហើយ​ដាក់​ជំនួស​ដោយ​លោកនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​ប្រចាំ​នៅ​ខេត្ដស្ទឹង​ត្រែង និង​ផ្ទេរ​ភារកិច្ច​លោកនាយ​កា​រិយា​ល័យ​ផែនការ​គណនេយ្យ​មន្ទីរ​កសិកម្មខេត្ដ​ឱ្យទៅ​ជា​នាយការិយាល័យ​ក​សិ​ឧស្សាហកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដ​។ ទោះបីជា​បែបណា​ក្ដី ពិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ​អសា​ធារណៈ ព្រោះ​មិន​ឱ្យ​អ្នកកាសែត អ្នក​ថតទូរទស្សន៍​ចូល​យក​ព័ត៌មាន​ទេ ។ពិធី​នោះ​ស្ថិត​ក្រោម​អធិបតីភាព​លោកចាន់ សុ​វ​ឌ្ឍ អនុរដ្ឋលេខាធិការ​ក្រសួង​ក​សិកម្ម ទទួល​បន្ទុក​ការងារ​ព្រៃឈើ ព្រមទាំងមានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ លោក​ប៉ាវ ហម​ផា​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​ជុំវិញខេត្ដ និង​មេបញ្ជាការ មេបញ្ជាការ​រង កងកំលាំង​ទាំង​៣​ប្រភេទ និង​មន្ដ្រីរាជការ​មួយចំនួន​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មាន​មន្ដ្រីចំនួន​បី​រូប​ត្រូវ​តែងតាំង និង​ផ្លាស់​ប្ដូរ​ផ្ទេរភារកិច្ច ទី​១-​លោក​យូ​កាន វិមាន ប្រធានខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្រូវ​ផ្ទេរ​ភារកិច្ច ទៅ​ស្នាក់​ការ​កណ្ដាល​រដ្ឋបាល​ព្រៃឈើ​, ២-​លោក​វង្ស សុខ​សេរី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ដស្ទឹងត្រែង​មក​កាន់​តំណែង​ជា ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​រតនគីរី ជំនួស​លោក​យូ​កាន វិមាន និង​ទី​៣-​លោក សេង សុង​ហេង ប្រធាន​ការិយាល័យ​ផែនការ​គណនេយ្យ​នៃ​មន្ទីរ​កសិកម្ម​ត្រូវ​ផ្ទេរ​ភារកិច្ច​ឱ្យទៅ​កាន់​ជា​ប្រធាន​ការិយាល័យ​ក​សិឧស្សាហកម្ម​វិញ ព្រោះ​ពី​មុន​មក​កា​រិ​យាល័យ​កសិឧស្សាហកម្ម​នៃ​មន្ទីរ​កសិកម្ម​ពុំទាន់​មាន​ប្រធាន​នៅឡើយ គឺ​មាន​លោក​សេង ក្រុ​ញ ជា​អនុប្រធាន​ការិយាល័យ​ទទួល​បន្ទុក ក្ដាប់​រួម ឯ​ការិយាល័យ​ផែនការ​គណនេយ្យ ជំនួស​ដោយ​លោក​សៅ សុ​ន​ថៃ ជា​អនុប្រធាន​ទទួល​បន្ទុក​ជា​ប្រធាន​ស្ដីទី ។

ប្រភព​មិន​ផ្លូវការ​បង្ហើប​ឱ្យ​ដឹង​ថា ការផ្លាស់​ប្ដូរ​មន្ដ្រី​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​នេះ គឺ​ដោយ​មាន​បញ្ហា​ផ្ទៃក្នុង​របស់​មន្ទីរ​លើ​ការ ចំណាយ ចំណូល​ប្រាក់ និង​គំរោង​ផ្សេង​ៗ ។ ឯការ​ផ្លាស់​ប្ដូរ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​វិញ គឺជាការ​ចាត់តាំង​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ដែល​តែងតែ​ផ្លាស់​ប្ដូរ បទ​ពិសោធន៍​មន្ដ្រី​នីមួយ​ៗ​ស្ទើរ​ទូ​ទាំង​ប្រទេស ស្រប​នឹង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​បទបញ្ជា​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន  នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តែងតែ​មាន​ប្រសាសន៍​កន្លង​មក​ថា ព្រៃឈើ​តែង តែ​មាន​សត្រូវ​ច្រើន​ទាំង​ការ​កាប់​រាន​ព្រៃ យក​ដី​ធ្វើ​កម្មសិទ្ធិ​ក៏​ប៉ះពាល់​ព្រៃឈើ ការ​កាប់ ឈើ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ក៏​រឹតតែ​ប៉ះពាល់​ព្រៃឈើ ដូច្នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ព្រៃឈើ​ពិតជា​មាន សត្រូវ​ច្រើន​មែន ទាំង​ក្នុង​ស្ថាប័ន​ព្រៃឈើ និង​ក្រៅ​ស្ថាប័ន​ព្រៃឈើ​ដែល​ទាញ​យក​ផលប្រយោជន៍​អំពី​ព្រៃឈើ​ ។