ខេត្ដស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី ១២ មេសា លោកអ៊ឹង សាមាន ប្រធានសាលាមហាធម៌មេត្រី ធៀន ហឺ ខេត្ដស្វាយរៀង បាននាំអំណោយសប្បុរសជនចំនួន២៨ ម៉ឺនរៀល ទឹកក្រូច១២កំប៉ុង និងនំ១ធុងធំ ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះដែលប្ដីឈ្មោះប្រាក់ សាវ៉ាង អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះម៉ៅ ចន្ថា អាយុ៤៣ឆ្នាំ នៅភូមិតាស្អាង ឃុំចម្លង ស្រុកស្វាយជ្រំ។ គ្រួសារនេះបានត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី៥ មេសា វេលាម៉ោង១១យប់ ដោយសារទុស្សេខ្សែភ្លើង ។
សប្បុរសជនរួមមាន លោកអ៊ឹង សាមាន និងភរិយា ៥ម៉ឺនរៀល លោកឃូ ស្រ៊ុន និងភរិយា ៥ម៉ឺនរៀល លោកអ៊ឹង សាម៉ុល និងភរិយា៤ម៉ឺនរៀល លោករ៉ៃ ដារ៉ា និង ភរិយា៤ម៉ឺនរៀល អ្នកស្រីអ៊ឹង ពៅ និងស្វាមី ៥ម៉ឺនរៀល អ្នកស្រីអ៊ឹង គឹមលាង ៥ម៉ឺនរៀល។ លោកអ៊ឹង សាមាន បានប្រាប់កោះសន្ដិភាពថា មហាធម៌មេត្រីធៀន ហឺ គឺជាព្រះវិហារចិនបង្កើតឡើងដើម្បីសង្គ្រោះដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះ ទឹកជំនន់ ទុរគតជនពេលស្លាប់ទៅគ្មានប្រាក់ទិញក្ដារមឈូសបញ្ចុះសពឬបូជា និងជាពិសេសក្មេងកំព្រាគ្មានលទ្ធភាពសិក្សាគឺព្រះវិហារទទួលចិញ្ចឹមនៅក្នុងព្រះវិហារ និងផ្ដល់ការរៀនសូត្រ ។
ព្រះវិហារស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។ នេះជាលើកទី១ ហើយដែលព្រះវិហារចិនមហាធម៌មេត្រី ធៀន ហឺ ខេត្ដស្វាយរៀង បានចូលរួមធ្វើជាប្រិយមិត្ដកាសែតកោះសន្ដិភាពដើម្បីជួយដល់ជនរងគ្រោះនិងទុរគតជនកុមារកំព្រាគ្មានទីពឹងក្នុងខេត្ដស្វាយរៀង ឬរងគ្រោះ ដោយភ្លើងឆេះផ្ទះ ទទួលរងនូវទឹកជំនន់លិចភូមិ ផ្ទះសម្បែង ដើម្បីជួយសំរាលទុក្ខ មិនរើសអើងពីជាតិសាសន៍ ឬពណ៌សម្បុរទេគឺ មនុស្សទូទៅក្នុងខេត្ដ ។ សូមបញ្ជាក់ផងដែរថា ជនរងគ្រោះប្រាក់ សាវ៉ាង មានកូន៣នាក់ ត្រូវភ្លើងឆេះផ្ទះទំហំ៧ម៉ែត្រិ៍៨ម៉ែត្រ សសរ បេតុងរនាបឫស្សី ជញ្ជាំងនិងដំបូលប្រក់ស័ង្កសីអស់ម៉ដ្ឋតែម្ដង ។ អគ្គីភ័យបានកើតឡើងខណៈជនរងគ្រោះនិងកូនៗកំពុងដេកលង់លក់ដែលក្រៅពីតួផ្ទះនៅមានសំលៀកបំពាក់ កន្ទេល មុង ភួយ ចាន ឆ្នាំង លុយកាក់ ស្រូវអង្ករ គឺឆេះគ្មានសល់ ។
នៅថ្ងៃទី៨ មេសា សាខាកាកបាទក្រហមកម្ពុជាស្វាយរៀងបានផ្ដល់អំណោយអង្ករ៥០គីឡូក្រាម ធុងទឹក១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ តង់១ ។ លោក ប្រាក់ សាវ៉ាង និងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ព្រមទាំងកាកបាទក្រហម ជាពិសេសលោកឧកញ៉ាថុង អ៊ុយប៉ាង និងសហការីកោះសន្ដិភាពទាំងអស់ដែលតែងតែ ផ្ដល់ព័ត៌មានដល់សប្បុរសជនបានទាន់ពេលវេលា សូមឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាមានអាយុយឺនយូរ និងប្រកបការងារបានជោគជ័យ ៕
ចែករំលែកព័តមាននេះ