ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរចាក់ផ្តាច់យកជីវិត រួចប្លន់យកម៉ូតូជនរងគ្រោះទៅបាត់ ដោយបន្សល់ទុកសពជនរងគ្រោះនៅកណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។ អំពើប្លន់នេះ បានកើតឡើងកាលពីម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០ នៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវចោរចាប្លន់យកម៉ូតូទៅបាត់នោះ មានឈ្មោះ ភី យុន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រេជ ឃុំច្រេស ស្រុកមេសាង មុខរបរជាអ្នករត់ម៉ូតូឌុប ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
ប្រភពដដែលនេះបានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឱ្យដឹកគេទៅកាន់ភូមិចំបក់ជ្រំ ចំណែកជនរងគ្រោះដោយឃើញជនសង្ស័យតែម្នាក់ឯង ហើយណាមួយគោលដៅដែលដឹកជនសង្ស័យរូបនោះក៏នៅក្បែរផ្ទះរបស់ខ្លួនដែរ ទើបព្រមដឹកទៅ ។
ប្រភពដដែលបន្តថា លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យប្រើវត្ថុមុតស្រួចចាក់ពីក្រោយជាច្រើនកន្លែង រហូតបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតតែម្តង ចំណែកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ មានអ្នកស្រុកឆ្លងកាត់ក៏ប្រទះឃើញសាកសពជនរងគ្រោះ រួចក៏រាយការណ៍មកសមត្ថកិច្ចចុះទៅហ៊ុមព័ទ្ធកន្លែងកើតហេតុ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ រហូតដល់ព្រឹកឡើង ទើបមន្ត្រីជំនាញចុះទៅពិនិត្យសាកសពជនរងគ្រោះ ក្រោមការចោមរោមមើលពីប្រជាពលរដ្ឋរាប់សិបនាក់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ