ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយប្រាក់​20​លាន​ដុល្លារ​យុទ្ធនាការ​ប្រឆាំង​សារធាតុ​ញៀន និង​ការ​កែប្រែ​លទ្ធផល

9 ឆ្នាំ មុន

ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​មួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់ IOC បាន​សម្រេច​ចាយប្រាក់​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដើម្បី​អនុវត្ត​ឱ្យ​ជោគជ័យ​នូវ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក៏​ដូច​ជា​ការ​កែប្រែ​លទ្ធផល​ប្រកួត ។ សារធាតុ​ញៀន និង​ការ

ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​មួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់ IOC បាន​សម្រេច​ចាយប្រាក់​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដើម្បី​អនុវត្ត​ឱ្យ​ជោគជ័យ​នូវ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក៏​ដូច​ជា​ការ​កែប្រែ​លទ្ធផល​ប្រកួត ។ សារធាតុ​ញៀន និង​ការ​កែប្រែ​លទ្ធផល​ប្រកួត គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស ក៏​ដូច​ជា​ទំនុកចិត្ត​មក​លើ​ព្រឹត្តិការណ៍​ប្រកួត​អូ​ឡាំ​ពិ​ក ។

ប្រធាន​ថ្មី​របស់ IOC លោក Thomas Bach បានឱ្យ​ដឹង​ថា គម្រោង​មូលនិធិ​ថ្មី​នេះ​បាន​កើត​ចេញ​បន្ទាប់​ពី​មានការ​ប្រជុំ​ពិគ្រោះ​យោបល់​ដ៏​កម្រ​មាន​មួយ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​រយៈពេល​៤​ថ្ងៃ ដែល​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ជា​គន្លឹះ​សម្រាប់​អនាគត​អូ​ឡាំ​ពិ​ក ។ សម្រាប់​លោក Bach លទ្ធផល​ការ​ប្រជុំ​លើក​នេះ គឺជា​ការ​បោះ​ជំហាន​មួយ​ក្នុង​ផែនការ​ដែល​លោក​ហៅ​ថា «​របៀបវារៈ​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០» ។

លោក​បាន​ថ្លែង​ថា កញ្ចប់​មូលនិធិ​មាន​ទឹកប្រាក់​១០​លាន​ដុល្លារ គឺ​មាន​គោលដៅ​ចំណាយ​លើ​កិច្ចការ​ស្រាវជ្រាវ​កែ​លំអ និង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ចាប់​អត្ត​ព​លិ​ក​ដែល​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ។ ក្នុង​គម្រោង​នេះ IOC ក៏​មាន​បំណង​សុំ​ឱ្យ​រដ្ឋាភិបាល​សាមី ក៏​ដូច​ជា​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) ចូលរួម​ចំណែក​ផង​ដែរ ។

ឯ​ទឹកប្រាក់​១០​លាន​ដុល្លារ​ផ្សេង​ទៀត នឹង​ត្រូវ​ចំណាយ​លើ​គម្រោង​ទប់ស្កាត់​បណ្តា​អត្ត​ព​លិ​ក​ស្អាតស្អំ​មិន​ឱ្យ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ ការ​ភ្នាល់​មិន​ស្របច្បាប់ ក៏​ដូច​ជា​ធ្លាក់​ចូល​ការ​បោកប្រាស់​របស់​ជន​ទុច្ចរិត ។

កាល​ដើមឆ្នាំ​២០១៤​នេះ IOC បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ភ្នាក់ងារ​ប៉ូលិស​អន្តរជាតិ Interpol និង​ព្រមទាំង​ដាក់​ចេញ​នូវ​កម្មវិធី​ត្រួតពិនិត្យ​ពិសេស​មួយ​ឈ្មោះ​ថា ៖ «​ប្រព័ន្ធ​តាមដាន​ការ​ភ្នាល់ IBIS» ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​អំឡុង​ការ​ប្រកួត​អូ​ឡាំ​ពិ​ក ។ លោក Bach បាន​និយាយ​ថា គណៈកម្មាធិការ IOC ចង់​ស្វែង​យល់​បន្ថែម​ថា ក្រៅពី​ការ​ធ្វើតេស្ត​ទឹកនោម និង​ឈាម តើ​មាន​វិធីសាស្ត្រ​ណាមួយ​ផ្សេង​ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះ​ទេ ។ លោក​បន្ថែម​ថា ៖ «​វា​ពិតជា​អាចជួយ​បាន​យ៉ាងច្រើន ប្រសិនជា​មាន​វិធីសាស្ត្រ​ធ្វើតេស្ត​ថ្មី​ផ្សេង​ពី​នេះ​ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​សារធាតុ​ញៀន​ប្រើ​ក្នុង​ពេល​កន្លង​មក​យ៉ាង​យូរ​។ នេះ​គឺជា​ចំណុច​សំខាន់​ដែល​យើង​ចង់​បង្ហាញ​ជា​ពិសេស​នៅ​ពេល​នេះ​» ៕