កីឡាករជើងថ្មី ថៃ រ៉េត ប្រឹងសាងកេរ្តិ៍ឈ្មោះលើសង្វៀនប្រដាល់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីទីថ្ងៃ ២០ មិថុនា ឆ្នាំ២០២០ កីឡាករជើងថ្មីថៃ រ៉េត ដែលគេមិនសូវឮឈ្មោះក្នុងពិភពប្រដាល់ បានសាងកេរ្តិ៍ឈ្មោះគួរឱ្យសរសើរ…
រាជធានីភ្នំពេញ ៖ កាលពីទីថ្ងៃ ២០ មិថុនា ឆ្នាំ២០២០ កីឡាករជើងថ្មីថៃ រ៉េត ដែលគេមិនសូវឮឈ្មោះក្នុងពិភពប្រដាល់ បានសាងកេរ្តិ៍ឈ្មោះគួរឱ្យសរសើរ…
រាជធានីភ្នំពេញ ៖ កាលពីទីថ្ងៃ ២០ មិថុនា ឆ្នាំ២០២០ កីឡាករជើងថ្មីថៃ រ៉េត ដែលគេមិនសូវឮឈ្មោះក្នុងពិភពប្រដាល់ បានសាងកេរ្តិ៍ឈ្មោះគួរឱ្យសរសើរ ទាក់ទាញអ្នកគាំទ្រឱ្យចាប់អារម្មណ៍ តាមរយៈឱកាសយកឈ្នះគូប្រកួតរបស់ខ្លួន គឺបង្គោលក្រហម សៅ វណ្ណា ដោយលោកប្រឹងប្រកួតឡើងអស់ពីសមត្ថភាព បើទោះជាការប្រកួតរបស់លោក និងដៃគូមិនមានអ្នកទស្សនាផ្ទាល់ដោយសារជាការប្រកួតបិទទ្វារ ព្រោះសល់ចំហាយកូវីដ-១៩ក្ដី ។ គេបានឈ្នះក្នុងសំឡេងកោតសរសើរនៅលើសង្វៀនរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺសង្វៀន«ប្រដាល់អន្តរជាតិជើងឯកខ្សែក្រវាត់ Carabao»ដែលស្ថាប័ននេះផ្អាកការប្រកួតអន្តរជាតិព្រោះតែកីឡាករថៃមកប្រកួតមិនបាន។
ការប្រកួតមិត្តភាព ដែលមានតែអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍នោះ កីឡាករបង្គោលខៀវ ថៃ រ៉េត ត្រូវប៉ះបង្គោលក្រហម សៅ វណ្ណា ដែលសុទ្ធតែជាកីឡាករមិនសូវល្បី និងមានថ្វីដៃល្អមិនខុសគ្នា ។ ការប្រកួតមួយគូនេះម្នាក់ៗមិនរំពឹងថា នឹងល្អមើលនោះទេ ដោយសារតែកីឡាករម្ខាងៗសុទ្ធតែជើងថ្មី ហើយបើនិយាយពីកេរ្តិ៍ឈ្មោះបោះសំឡេងគឺអាចថាមិនមានតែម្ដង ម្យ៉ាងស្ថិតក្នុងកាលៈទេសៈគ្មានអ្នកទស្សនាផ្ទាល់ផង ។
យ៉ាងណាក៏ដោយ នៅពេលអ្នកទាំងពីរបើកឆាកប្រយុទ្ធគ្នាវាយគ្នាទៅវិញទៅមក ធ្វើឱ្យគណៈកម្មការដែលយល់ថាកីឡាករថ្មីអាចប្រកួតមិនកើតក្លាយជាដកកចំហមាត់ និងសរសើរមិនដាច់ពីមាត់ ។ ចប់ទឹកទី៣ ម្នាក់ៗយល់ថា កីឡាករទាំងពីរក្លាយជាគូប្រកួតពិបាកស្វែងរកចាញ់ឈ្នះ ក្នុងពេលដែលកីឡាករបង្គោលក្រហម និងបង្គោលខៀវ សុទ្ធតែបញ្ចេញក្បាច់គុនបានល្អ ដើម្បីស្វែងរកឱកាសបំបាក់គ្នាទៅវិញទៅមកឲ្យខាងតែបាននោះ ។
កីឡាករ ថៃ រ៉េត និងសៅ វណ្ណា ដ្បិតតែមិនទាន់ល្បី និងមិនទាន់មានបទពិសោធន៍ច្រើននៅលើសង្វៀន តែអ្នកទាំងពីរមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយសារពួកគេសម្រុកវាយគ្នាទៅវិញទៅមកបានល្អ ហើយប្រឹងសម្រុកវ័ធកែងផង ម៉ាត់ផង ជង្គង់ផង ហើយបើទោះជាបង្គោលក្រហមវ័ធមួយកែងៗពិបាកទប់ ក៏កីឡាករម្ខាងទៀតសម្រុកចូលធ្វើឲ្យការប្រកួតល្អមើល។មុនបញ្ចប់ការប្រកួត ម្នាក់ៗភ័យអរមិនតិចទេ ដោយសារតែមិនដឹងថាអ្នកណានឹងឈ្នះ ជាពិសេសនៅពេលម្នាក់ៗប្រឹងវាយសម្រុកគ្នាទៅវិញទៅមក ។ ក្រោយលទ្ធផលស្ដែងឡើងថាបង្គោលខៀវឈ្នះដោយពិន្ទុ ម្នាក់ៗសុទ្ធតែលាន់មាត់ថា អ្នកឈ្នះពិតជាមិនធម្មតា បើទោះជាអ្នកចាញ់រាងមិនអស់ចិត្តក្ដី។
កីឡាករវ័យក្មេង ថៃ រ៉េត ទទួលស្គាល់ថា ដ្បិតតែលោកបានទទួលការប្រកួតតិចតួច ហើយមិនសូវមានឈ្មោះបោះសំឡេង ប៉ុន្តែលោកក៏មានវិធានការបង្កើនកម្លាំងឱ្យឈានឡើងរាល់ពេលមានការផ្គូផ្គងម្ដងៗផងដែរ ខណៈដែលលោកក៏តែងប្រកាន់ជំហរប្រកួតមិនខ្លាចគ្រោះថ្នាក់សំខាន់ឱ្យតែឈ្នះ ។
ជាក់ស្ដែងលោកបានធ្វើសកម្មភាពហាត់រត់កុំឱ្យឆាប់ហត់ និងរមែងហ្វឹកហាត់យ៉ាងហោច១សប្ដាហ៍យ៉ាងតិច រាល់មុនពេលឡើងប្រកួតនៅលើសង្វៀនម្ដងៗផង ទើបសមត្ថភាពឡើងប្រកួតទទួលបានការសរសើរបែបនេះ ។ ក្នុងនោះ ការថែរក្សាសុខភាព និងវិធានការបង្វឹកផ្លូវដង្ហើមកុំឱ្យឆាប់ហត់ ក៏មិនប្រហែសនោះដែរ ទើបធ្វើឱ្យការប្រកួតរបស់លោកនៅតែរក្សាបាននូវកម្លាំង និងថាមពល ។ ពួកលោកកំពុងបង្កើនការប្រកួត ដោយប្រឹងហ្វឹកហាត់ ហើយរាល់ពេលឡើងរេញ គឺរឹតតែប្រឹង ទើបធ្វើឱ្យអ្នកទស្សនាមិនខកចិត្ត ដោយមិនមែនសំអាងមកប្រកួតដើម្បីយកលុយ ហើយមិនប្រឹងនោះទេ ។
លោកបន្តថា បង្គោលក្រហម គឺជាជើងខ្លាំងម្នាក់ ដែលលោកក៏បុកពោះដែរ ប៉ុន្តែបណ្ដាលមកពីលោកមិនចុះចាញ់ចំពោះការប្រកួត ហើយចេះតែប្រថុយវាយសម្រុក ទើបលោកចេះតែមានសំណាងវាយចូល ហើយធ្វើឱ្យលោកទទួលបានលទ្ធផលឈ្នះដោយពិន្ទុ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា កីឡាករទាំងពីរ ដ្បិតតែជាកីឡាករមិនទាន់ល្បី ប៉ុន្តែការប្រកួតរបស់ពួកគេ មិនធ្វើឱ្យអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ និងតាមផេកខកចិត្តនោះទេ ។ លោកថា ហេតុផលកីឡាករទាំងពីរមិនសូវបានឡើងរេញ គឺដោយសារតែការប្រកួតដែលរៀបចំដោយសហព័ន្ធប្រដាល់ តម្រូវឱ្យមានការផ្គូផ្គងវិលជុំ ដែលមានន័យថាទម្រាំដល់ គឺអាចច្រើនខែ ។ ម្យ៉ាងមកពីអ្នកទាំងពីរមិនសូវល្បីខ្លាំងផង ទើបយូរៗបានអាចដាក់ឱ្យប្រកួត ដើម្បីកុំឱ្យអ្នកស្ពុនស័រដេញដោល ។
លោកថា នឹងដាក់ប្រកួតឲ្យបានច្រើនដើម្បីឱ្យអ្នកទាំងពីរកសាងកេរ្តិ៍ឈ្មោះ ។ ការប្រកួតរវាងកីឡាករទាំងពីរ លោកថា គឺជាជំនួបសាកល្បងសមត្ថភាព ដោយបង្គោលក្រហមគឺអាចនិយាយបានថា ឡើងប្រកួតដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាកីឡាករត្រូវការបទពិសោធន៍បន្ថែម ។
ចំណែកបង្គោលខៀវត្រូវការបំផុតគឺដណ្ដើមជ័យជម្នះដើម្បីឱ្យគេស្គាល់ច្បាស់ស្រួលបានប្រកួតញឹកសន្សំលុយ ទើបការប្រកួតមួយគូនេះល្អមើលតាំងពីដើមទឹកទី៣ ។ មួយគូនេះ បើមើលមួយភ្លែតបង្គោលក្រហមសមនឹងឈ្នះច្រើនជាង ស្របគ្នាដែលគេក៏វាយចេញត្រូវចំគោលដៅបានច្រើន នៅពេលបើកប្រកួតភ្លាមៗ ។
លោកថា បង្គោលខៀវ ទើបតែរកចំណុចខ្សោយបង្គោលក្រហមឃើញក្រោយបញ្ចប់ទឹកទី២ប៉ុណ្ណោះ ដោយគេចាប់ផ្ដើមទាត់ជើងក្រោម និងវ័ធកែងម្ដងហើយម្ដងទៀត ទើបបង្គោលក្រហមចាញ់ប្រៀប បណ្ដាលឱ្យចប់ការប្រកួតបង្គោលខៀវឈ្នះពិន្ទុ។ ការប្រកួតនៅក្នុងថ្ងៃនោះ ទាំងបង្គោលខៀវ និងក្រហម សុទ្ធតែបញ្ចេញសមត្ថភាពបានល្អ ដោយលោកក៏មានគម្រោងដាក់ឱ្យមួយគូនេះឡើងប្រកួតជាថ្មីម្ដងទៀត តែរង់ចាំឱ្យម្ខាងៗអាចទទួលប្រកួតកើតសិន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ