សឿ​ន ឆ្នើម ត្រូវ​សូត្រ ខេ​វិ​ន ទាត់​បំបាក់​ជើង​ឆ្វេង​ ឱ្យ​ប្រកួត​លែង​កើត​ត្រឹម​ទឹក​ទី​4


រាជធានី​ភ្នំពេញ ៖ សឿ​ន ឆ្នើម មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ តស៊ូ​ប្រកួត​បាន​ត្រឹម​ទឹក​ទី​៤​ប៉ុណ្ណោះ​ត្រូវ​សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ទាត់​ឱ្យ​ខូច​ជើង​ឆ្វេង​ប្រកួត​លែង​កើត​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១ មិថុនា ។

គេ​នៅ​ចាំ​បាន​ថា កាលពី​៣​ខែ​មុន​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ ដោយ​កាល​ណោះ សូត្រ ខេ​វិ​ន ត្រូវ​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៣ បន្ទាប់​ពី​គេ​បាន​ទាត់​ថែម​ទៅ​លើ​កីឡាករ សឿ​ន ឆ្នើម ខុស​ទៅ​នឹង​ឆ្បា​ប់​ប្រកួត ។ លើក​នេះ សឿ​ន ឆ្នើម លែង​មានសំណា​ង​ដូច​មុន​ទៀត​ហើយ​ដោយ​ត្រូវ​សូត្រ ខេ​វិ​ន ផ្ដល់​មេរៀន​យ៉ាង​ចាស់​ដៃ​មុន​ពេល​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៤ ។

បើពិនិត្យ​ទៅ​លើ​មាឌ​និង​កម្ពស់​គឺ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង ប៉ុន្តែ​សឿ​ន ឆ្នើម គ្រាន់តែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ម្នាក់​ប៉ុណ្ណោះ​ធ្វើ​ម៉េច​អាច​តតាំង​ជាមួយ សូត្រ ខេ​វិ​ន ដែល​ជា​ជើង​ចាស់​បាន​ទៅ​នោះ ។ សម្រាប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​១​និង​ទី​២ សឿ​ន ឆ្នើម ពិតជា​វាយ​ចេញ​បាន​ល្អ​មែនទែន ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​បាន​ទាត់​សន្ធាប់​ទៅ​លើ សូត្រ ខេ​វិ​ន ធ្វើ​ឱ្យ​អ្នក​ប្រដាល់​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ម្នាក់​នេះ​ព្រលឹង​ចុង​សក់​ម្ដង​ៗ​ដែរ ។

ទោះជា​យ៉ាងណា សូត្រ ខេ​វិ​ន មិន​បណ្ដោយ​ឱ្យ​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​នេះ​មានសំណាង​ឈ្នះ​ជា​លើក​ទី​២​បន្ត​ទៀត​នោះ​ដែរ ។ ស្នៀត​កណ្ដាប់ដៃ​របស់​សូត្រ ខេ​វិ​ន​បាន​ម៉ាត់​ទៅ​លើ​មុខ សឿ​ន ឆ្នើម មួយ​ៗ​ដៃ​ចង់​ដាច់​ផ្ងារ ម្ដង​ៗ រីឯ​ស្នៀត​ជើង​របស់​គេ​វិញ​បាន​ទាត់​សំដៅ​ជើង​ឆ្វេង​ផ្ទួន​ៗ​ពេល​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣ ធ្វើ​ឱ្យ​សឿ​ន ឆ្នើម​ស្ទើរតែ​មិន​អាច​រក្សា​ជំហរ​ប្រកួត​បន្ត​ទៀត​បាន ។

រហូត​ដល់​ទឹក​ទី​៤ ដោយ​ឃើញ​ស្ថានភាព​របស់ សឿ​ន ឆ្នើម កាន់តែ​ដុនដាប​ខ្លាំង​ទៅ​ហើយ​នោះ​លោក​អាជ្ញាកណ្ដាល ម៉ោង សុ​ខុន ក៏​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ទៅ​បន្ទាប់​ពី​សូត្រ ខេ​វិ​ន ទាត់​ឱ្យ​ខូច​ជើង​ឆ្វេង​។

លោក សួន ប៊ុ​ន​សូត្រ ត្រូវជា​គ្រូបង្វឹក​និង​ត្រូវជា​ឪពុក​សូត្រ ខេ​វិ​ន ផង​នោះ បាន​ប្រាប់​ថា ការ​ប្រកួត​កាលពី​លើក​មុន វា​ជា​កំហុស​ត្រង់​ថា សូត្រ ខេ​វិ​ន បាន​វាយ​ថែម​ទៅ​លើ​គូប្រកួត​ប៉ុណ្ណោះ បើសិនជា​កូនប្រុស​របស់​លោក​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ​ប្រហែលជា​មិន​អាច​ចាញ់​បានទេ ។

ប៉ុន្តែ​លោក​គិត​ថា សឿ​ន ឆ្នើម មានបទ​ពិសោធន៍​ប្រកួត​តិច​ជាង សូត្រ ខេ​វិ​ន​មែន​តែ​សម្រាប់​ក្បាច់​ប្រយុទ្ធ​ពិតជា​ល្អ​ខ្លាំង​ណាស់​គ្រាន់តែ​គេ​នៅ​មាន​ចំណុចខ្សោយ​ត្រង់​ជើង​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​នៅ​មុន​ពេល​ឡើង​សង្វៀន​ប្រកួត លោក​បាន​ប្រាប់​សូត្រ ខេ​វិ​ន ថា ល្វែង​ខាងក្រោម​គូប្រកួត​គឺជា​ចំណុច​ដ៏​សំខាន់​ដើម្បី​យកឈ្នះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ