គេហទំព័រ MCOT របស់ថៃជាភាសាអង់គ្លេសនៅថ្ងៃទី២១ កុម្ភៈ ផ្សាយឱ្យដឹងថា នាយសេនាធិការរងនៃកងយោធាថៃទទួលបន្ទុកចារកម្មនៅថ្ងៃទី២១ ធ្នូ នេះ បាននាំអនុពន្ធយោធាមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទៅកាន់ភូមិមួយឈ្មោះភូមិស្រូល ស្ថិតនៅតាមព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីពិនិត្យមើលប្រតិបត្តិការរបស់យោធា និងពិនិត្យមើលផលប៉ះពាល់នៃការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពថៃ និងកងទ័ពកម្ពុជា កាលពីដើមខែ
កុម្ភៈ ។
នាយសេនាធិការរងយោធាថៃរូបនេះ ឧត្តមសេនីយ៍ឯក Sirichai Ditthakul បានដឹកនាំអនុពន្ធយោធាមកពីប្រទេសជាសមាជិកអាស៊ាន និងដៃគូចរចាមានដូចជាប្រទេសបារាំង-អាមេរិក ឥណ្ឌូណេស៊ី ចិន កូរ៉េ រុស្ស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ទៅកាន់តំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅស្រុក Kantharalak ខេត្តស៊ីសាកេត ។ អនុពន្ធយោធាទាំងនេះទៅដល់ភូមិស្រូល នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ កុម្ភៈ មុនពេលធ្វើដំណើរទៅកាន់តំបន់ភ្នំ Pha Mor E-A Daeng ដើម្បីទទួលបានព័ត៌មានអំពីស្ថានការណ៍នៅតាមព្រំដែន។ ភូមិស្រុកនេះរងផលប៉ះពាល់ដោយការបាញ់កាំភ្លើងធំក្នុងអំឡុងពេលនៃការប៉ះទង្គិចរវាងកងទ័ពថៃ និងកងទ័ពកម្ពុជា កាលពីដើមខែកុម្ភៈ ។
ឧត្តមសេនីយ៍ Sirchai និយាយថា ថៃចង់បង្កើតការយោគយល់គ្នាជាមួយប្រទេសផ្សេងៗពិសេសជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីឱ្យពួកគេដឹងច្បាស់ថា ប្រតិបត្តិការរបស់យោធាថៃ ចំពោះស្ថានការណ៍ព្រំដែនគឺសំដៅដោះស្រាយជម្លោះដោយសន្តិវិធី ។ ទោះបីជាបែបណា លោក Sirichai អះអាងបញ្ជាក់ថា ទស្សនកិច្ចរបស់អនុពន្ធយោធាទាំងនោះនឹងមិនមានផលប៉ះពាល់ជាអវិជ្ជមានដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលរៀបចំឡើងនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ កុម្ភៈ ទេ ៕
ចែករំលែកព័តមាននេះ