ទោះបី​ពិការ និង​មាន​ជំងឺ​ប្រចាំ​កាយ​មែនពិត តែ​តស៊ូ​រស់​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ


ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ធ្លាក់ខ្លួន​ពិការ​យ៉ាងណា​ក្តី បានការ​លើកទឹកចិត្ត​របស់​ស្ត្រី​ជា​ភរិយា បុរស​ជា​ជន​ពិការ ម្នាក់​ដែល​ជិះ​លើ​តែ​រទេះរុញ បាន​តស៊ូ​រស់​ចិញ្ចឹមជីវិត ព្រមទាំង​ក្រុម​គ្រួសារ​ដោយ​ការ​ដុត​ក្រឡាន​លក់ ដោយ​មិន​អស់សង្ឃឹម​ឡើយ​។ គ្រួសារ​ដ៍​កំសត់​មួយ​នេះ មាន​ទីលំនៅ​ភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។ ជួប​ជាមួយ​អ្នក​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ បុរស​ឈ្មោះ ជា សា​វុ​ធ អាយុ​៣៨​ឆ្នាំ បាន​បញ្ជាក់​ថា​៖ គាត់​បាន​ធ្លាក់ខ្លួន​ពិការ​ជាង​១២​ឆ្នាំ ហើយដោយ​គ្រោះថ្នាក់​ការងារ​ពេល​ធ្វើ​សំណង់​។

ចាប់តាំងពី​ពេល​នោះ​មក​គាត់​បាន​អស់សង្ឃឹម​ក្នុង​ជីវិត​រួច​ទៅ​ហើយ មិនដឹង​រំពឹង​លើ​អ្វី​បើ​គាត់​ជា​មេ​គ្រួសារ​។ ប៉ុន្តែ​ដោយសារ​ការ​លើកទឹកចិត្ត​របស់​ប្រពន្ធ និង​ដោយ​មានការ​អាណិត​ដល់​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក គាត់​បានជា​យាម​រស់​បន្ត​ទៀត ដើម្បី​ក្រុម​គ្រួសារ ហើយ​ក៏​បាន​បង្កើត​មុខរបរ​មួយ​នៅ​ចាំផ្ទះ​គឺ​ការ​ដុត​ក្រឡាន ឲ្យ​ប្រពន្ធ​យក​ទៅ​លក់​។ ថ្វី​ត្បិត​តែ​មុខរបរ​នេះ​ជួប​ការ​លំបាក ហើយ​កម្រៃ​បាន​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​ដើម្បី​ក្រុម​គ្រួសារ​របស់​គាត់​ដែរ​។

ទោះបី​គាត់​នៅ​តែ​លើ​រទេះរុញ គាត់​បាន​ព្យាយាម​ធ្វើការ ដុត​ក្រឡាន ដោយ​បាន​ធ្វើការ​កាត់​ឫស្សី​ច្រកអង្ករ​ដុត និង​សក​ឱ្យ​ស្អាត​ជាមួយ​កូន​របស់​គាត់​ម្នាក់​ទៀត​។ ចំណែក​ប្រពន្ធ​គាត់​ជា​អ្នក​ដាំ​ស្ល និង​ចាំ​យក​ក្រឡាន​ទៅ​លក់​តែ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នោះ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឆ​ន ធា​រី​អាយុ​៤០​ឆ្នាំ​បាន​បញ្ជាក់​ថា​៖ គាត់​បាន​ជិះ​កង់​យក​ទៅ​លក់​ដល់​ផ្សារ​ក្រោម ហើយ​ត្រូវ​បាន​អតិថិជន​គាំទ្រ​ច្រើន​ថា ក្រឡាន​គាត់​ឆ្ងាញ់ ខ្លះ​ទៀត​ក៏​បាន​ទូរស័ព្ទ​កុម្ម​ង់​ទិញ ដើម្បី​យក​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ភ្នំពេញ​។

បើ​ទោះបី​យ៉ាងនេះ​ក្តី បុរស​មាន​ពិការ​ភាព ជា សា​វុ​ធ បាន​ត្អូញត្អែ​ថា​៖ បច្ចុប្បន្ន​មុខរបរ​នេះ​គឺ​បាន​ត្រឹមតែ​មួយ​រស់​ប៉ុណ្ណោះ គាត់​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​បាន​ឡើយ​។ រូប​គាត់​មាន​ជំងឺ​រលាក​ក្រពះ និង​រលាក​តម្រងនោម​ធ្ងន់ ព្រោះ​សព្វថ្ងៃ​គាត់​ត្រូវ​ស្ពាយ​ថង់​ទឹកនោម​ជាប់​ជា​ប្រចាំ​បើ​មិន​ដូច្នោះ​ទេ​ផឹកទឹក​ប៉ុណ្ណា​ចេញ​វិញ​ប៉ុណ្ណឹង ពេល​ខ្លះ​មាន​ទាំង​ឈាម​ទៀត​។ គាត់​បាន​ព្យាយាម​ធ្វើការ​ទាំងឈឺទាំងជា ពេល​ខ្លះ​អស់កម្លាំង​ខ្លាំង​ដេក​លក់​មួយភាំង ងើប​វិញ​ធ្វើការ​ទៀត​។

គាត់​គ្មាន​លទ្ធភាព ទៅ​ពេទ្យ​ព្យាបាល​ទេ ហេតុនេះ​ហើយ​គាត់​សូម​លើក​ម្រាមដៃ​ដប់ សំណូមពរ​ដល់​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ដល់​គាត់​ផង ឬ ក៏​មាន​ជំនាញ​គ្រូពេទ្យ​ណា​សូម​មេត្តា​ជួយ​ព្យាបាល​គាត់​ផង​។ សូម​បញ្ជាក់​ថា គ្រួសារ​ជន​មាន​ពី​ការ​ភាព​ខាងលើ​នេះ មាន​សមាជិក​ចំនួន​៦​នាក់ គឺ​កូន​៣​នាក់ ឪពុក​ចាស់ជរា​ម្នាក់ និង​ប្ដី​ប្រពន្ធ​ជា​ជន​ពិការ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ