ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់បៀវត្ស​មន្ត្រីរាជការ​ឆ្នាំ​២០២១ នឹង​មិន​អាច​ដំឡើង​បាន​ឡើយ និង​គ្មាន​ការ​ជ្រើសរើស​មន្ត្រី​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចជាតិ​ដល់​កម្រិត -១,៩% នៅ​ឆ្នាំ​២០២០ ដោយសារ​ការ​វាយប្រហារ​របស់​ជំងឺ​កូ​វី​ដ​១៩​នោះ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​មាន «​គម្រោង​មិន​ធ្វើការ​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០២១» ខាង​មុខ​នេះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចជាតិ​ដល់​កម្រិត -១,៩% នៅ​ឆ្នាំ​២០២០ ដោយសារ​ការ​វាយប្រហារ​របស់​ជំងឺ​កូ​វី​ដ​១៩​នោះ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​មាន «​គម្រោង​មិន​ធ្វើការ​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០២១» ខាង​មុខ​នេះ​ទេ ។

លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ នៅ​ឆ្នាំ​២០២១ ទំនង​មិន​អាច​ធ្វើ​បាន​ទេ ចំណែក​ឆ្នាំ​២០២២ ឬ​ឆ្នាំ​បន្ត​ទៀត​អាស្រ័យ​លើ​ស្ថានភាព​ធូរស្រាល​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វី​ដ​១៩ ។ កម្ពុជា​មាន​មន្ត្រីរាជការ​ស៊ី​វិល​ប្រមាណ​២០​ម៉ឺន​នាក់ ។ ឆ្នាំ​២០២១ ក្រៅពី​គ្រោង​មិន​ដំឡើង​ប្រាក់ខែ​ហើយ ការ​ជ្រើសរើស​មន្ត្រី​ថ្មី​ក៏​មិន​ត្រូវ​អនុញ្ញាត​ដែរ ។ ការ​ជ្រើសរើស​មន្ត្រី​ថ្មី អាច​ធ្វើ​បាន​ត្រឹម​ចំនួន​មួយ​ទៅ​ជំនួស​មន្ត្រី​ដែល​ត្រូវ​ចូល​និវត្ត​ប៉ុណ្ណោះ ។

លោក មាស សុខសាន្ត​ថា ការ​ចំណាយ​សម្រាប់​ប្រាក់បៀវត្ស​មន្ត្រីរាជការ​មាន​ប្រមាណ​៤៩%​នៃ​ការ​ចំណាយ​សរុប​របស់​ជាតិ​ប្រចាំឆ្នាំ ។ មន្ត្រីរាជការ​មាន​ប្រាក់បៀវត្ស​ជា​មធ្យម​ជាង​១​លាន​រៀល ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ត្រីរាជការ​ទទួល​បានការ​ដំឡើង​ប្រាក់បៀវត្ស​ក្នុង​១​ឆ្នាំ​២​ដង ម្តង​នៅ​ខែមករា និង​ម្តង​នៅ​ខែមេសា ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​មិន​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​មន្ត្រីរាជការ នៅ​ឆ្នាំ​២០២១​នោះ ។ សម្រាប់​លោក​ពិធីការ​មិន​ដំឡើង​ប្រាក់ខែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​មន្ត្រីរាជការ ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​រដ្ឋ និង​អាច​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ខ្នាត​តូច​ៗ​ច្រើន​នៅ​តាម​ស្ថាប័នរដ្ឋ ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បញ្ជាក់​ថា​«​នៅ​ពេល​ប្រាក់ខែ​មិន​ដំឡើង​ហើយ មាន​អតិផរណា​ទីផ្សារ​ខ្ពស់​ពី​ជាង​២% រហូត​ដល់​៧%​នោះ មន្ត្រី​រាជា​ការ​ពិបាក​រស់​ណាស់ ។ សាលារៀន​កូន​ឡើងថ្លៃ ទំនិញ​គ្រប់មុខ​ឡើងថ្លៃ ចំណែក​ប្រាក់ខែ​មិន​ឡើង​ពេល​នេះ​គាត់​នឹង​ចេញ​ទៅ​ធ្វើការ​ក្រៅពី​ការងារ​រដ្ឋ ដែល​ធ្វើ​ប្រសិទ្ធិ​ភាព​ការងារ​រដ្ឋ​ធ្លាក់​ចុះ ។ ម្យ៉ាងទៀត​យើង​បារម្ភ​ចំពោះ​អំពើ​រពុក​រលួយ​ខ្នាត​តូច អាច​នឹង​កើត​មាន​ឡើង​ច្រើន​«​។

លោក មាស សុខ​សេន​សាន្ត​ថា ការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​ជា​ទូទៅ​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ដោយសារ​រដ្ឋាភិបាល​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ទុកជា​មុន ។ លោក​បាន​អះអាង​ថាបើ​ករណី​ធ្ងន់ធ្ងរ​រដ្ឋាភិបាល​នឹង​ចាក់​បញ្ចូល​ថវិការដ្ឋ​ដែល​សន្សំទុក​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ ។

មន្ត្រី​អះអាង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​មន្ត្រីរាជការ​ឡើយ ។ មិន​ប៉ះពាល់​ដោយសារ​មន្ត្រី​ទទួល​បាន​ប្រាក់បៀវត្ស​ជា​ធម្មតា គ្រាន់តែ​មិន​បាន​ដំឡើង​ប៉ុណ្ណោះ ។ ទាំង​រាជរដ្ឋាភិបាល និង​ស្ថាប័ន​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​ដ៏​អាក្រក់​នៃ​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១៩ ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា​ដូច​ជា វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម ។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៩៤​មក បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​កាត់​បន្ថយ​ការ​ចំណាយ​ជិត​៥០% លើ​វិស័យ​ជា​ច្រើន​ក្នុង​ឆ្នាំ​២០២១ ។ តាម​ផែនការ​យុទ្ធសាស្ត្រ​ថវិកាជាតិ​ឆ្នាំ​២០២១-២០២៣ រដ្ឋ​គ្រោង​កាត់​ចំណាយ​នានា​ឲ្យ​ទាប​ជាង​ឆ្នាំ​២០២០​ក្នុង​នោះ​វិស័យ​រដ្ឋបាល​ទូទៅ​កាត់​បន្ថយ​ជាង​៦%​ធៀប​ចំណាយ​ឆ្នាំ​២០២០ វិស័យ​ការពារ​ជាតិ​កាត់​បន្ថយ​ជិត​៤% វិស័យ​សង្គមកិច្ច​កាត់​បន្ថយ​ជាង​១១% ហើយ​វិស័យសេដ្ឋកិច្ច​កាត់​បន្ថយ​ជាង ៥%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ