រាជធានីភ្នំពេញ ៖ តាមរយៈការចុះផ្សាយនៅលើគេហទំព័រ និងកាសែតកោះសន្តិភាពនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យសប្បុរសជនមានការអាណិតអាសូរបានផ្តល់ថវិកាសរុបចំនួន១៨ម៉ឺនរៀលជូនដល់លោកតា រស់ ពុំ អាយុ៦៥ឆ្នាំ ដែលមានជំងឺដុះដុំសាច់ពកពេញខ្លួនអង្គុយសុំទាននៅក្បែរផ្សារស្ទឹងមានជ័យចាស់ និងប្រកាសរកសប្បុរសជនជួយដល់រូបគាត់ខណៈកំពុងជួបការលំបាកខ្វះខាតយ៉ាងខ្លាំង ចំណែកប្រពន្ធកំពុងមានជំងឺទៀត ។

ថវិកាសរុបចំនួន១៨ម៉ឺនរៀលគឺបានមកពីសប្បុរសជនរួមមាន លោក សេង គី អ្នកលក់ទាខ្វៃនៅផ្សារច្បារអំពៅ ចំនួន១០ម៉ឺនរៀល និងអ្នកនាង គុជ ណារ៉េន បុគ្គលិកសារព័ត៌មានកោះសន្តិភាព ចំនួន៨ម៉ឺនរៀល ។

តាមរយៈភ្នាក់ងារកាសែតកោះសន្តិភាពបានពាំនាំនូវថវិកាចំនួន១៨ម៉ឺនរៀលយកទៅប្រគល់ជូនលោកតា រស់ ពុំ ដោយផ្ទាល់ដៃរួចហើយកាលពីរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ ។

លោកតា រស់ ពុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនខាងលើ ដែលមានចិត្តធម៌សប្បុរសបានផ្តល់ជាថវិកាដល់រូបគាត់ ហើយលោកតាមានតែម្រាមដៃដប់លើកប្រណព្វបួងសួងដល់វត្ថុសក្តិសិទ្ធិជួយបីបាច់ថែរក្សាដល់សប្បុរសជនទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច ។

លោកតារស់ ពុំ ក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់រូបគាត់ផង ព្រោះរូបគាត់កាន់តែចាស់ណាស់ទៅហើយ គ្មានអ្វីជាទីពឹង និងមិនអាចធ្វើអ្វីកើតឡើយ ម្យ៉ាងទៀតប្រពន្ធមានជំងឺឈឺជាប្រចាំនៅឯផ្ទះ ដោយក្នុងមួយខែៗគាត់ឡើងមកភ្នំពេញដើម្បីសុំទានត្រឹមតែ៤ទៅ១០ថ្ងៃប៉ុណ្ណោះ ត្រូវត្រឡប់ទៅមើលប្រពន្ធឈឺនៅផ្ទះម្នាក់ឯងវិញ ។

ប្រសិនបើសប្បុរសជនមានបំណងចង់ជួយ អាចទាក់ទងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទរបស់លោកតា តាមរយៈលេខ ០៨៧ ២០១ ៩០៣ ។
គួរបញ្ជាក់ថា លោកតា រស់ ពុំ អាយុ៦៥ឆ្នាំ មានប្រពន្ធឈ្មោះ ជុំ សេត មានទីលំនៅក្នុងភូមិស្នោរ ឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង គឺរស់នៅតែពីរនាក់យាយតាឯកោ និងគ្មានកូនចៅពឹងពាក់ដូចគេឡើយ។ ចំណែកឯជីវភាពរស់នៅរបស់ពួកគាត់វិញក៏កំពុងតែជួបការការលំបាកយ៉ាងខ្លាំង ដោយវ័យកាន់តែចាស់ជរា ហើយលោកតាមានជំងឺដុះដុំសាច់ពកលើខ្លួនតាំងពីកំណើត ដោយដុំសាច់នោះក៏កាន់តែដុះធំឡើងៗ ទើបធ្វើអោយគាត់មិនអាចធ្វើការងារអ្វីកើត និងពឹងផ្អែកទៅលើគេឱ្យបាយទឹកហូបប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ