រាជធានីភ្នំពេញ ៖ អង្គការសុខភាពពិភពលោកថ្មីៗនេះ បានប្រគល់ពានពិសេសមួយជូនដល់បុគ្គលទី១នៅកម្ពុជា ដែលបានជំរុញឱ្យមានការអនុម័តច្បាប់ស្ដីពីការ ត្រួតពិនិត្យផលិតផលថ្នាំជក់ នៅក្នុងឆ្នាំ២០១៥ និងការដកការផ្សាយពាណិជ្ជកម្មថ្នាំជក់ នៅហាងមិនជាប់ពន្ធ នៅអាកាសយានដ្ឋាន ការប្រឆាំង និងទប់ស្កាត់ ការជ្រៀតជ្រែក របស់ឧស្សាហកម្មថ្នាំជក់ ទៅលើការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។
ពិធីប្រគល់ពាន ដ៏សំខាន់មួយនេះ ធ្វើឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជក់២០២០ (ថ្ងៃទី៣១ ខែឧសភា) ស្របពេលដែលអង្គការ សុខភាពពិភពលោកទទួលស្គាល់បុគ្គល ឬស្ថាប័ន ចំពោះស្នាដៃឆ្នើម និងសមិទ្ធិផលក្នុងវិស័យត្រួតពិនិត្យ ផលិតផលថ្នាំជក់ ដែលទទួលស្គាល់ដោយការិយាល័យទាំង៦ប្រចាំតំបន់របស់ខ្លួន។ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានចាត់ទុកថា លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា នៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលក្នុងការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅកម្ពុជា។
អស់រយៈកាលជាង២០ឆ្នាំក្នុងការប្រយុទ្ធប្រឆាំង និងថ្នាំជក់នៅកម្ពុជាលោក វេជ្ជបណ្ឌិតបានធ្វើការតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើន ជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យុវជន ស្ត្រី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញឲ្យមានច្បាប់ស្ដីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅកម្ពុជាដែលច្បាប់នោះត្រូវបានអនុម័តនៅឆ្នាំ២០១៥។
លោកវេជ្ជបណ្ឌិត មុំ គង់ បានតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។ លោកក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅក្នុង ជួររដ្ឋាភិបាល ក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយលោកបានជំរុញឱ្យមានការចូលរួមពីយុវជនកម្ពុជានៅក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់។
គួរបញ្ជាក់ផងដែរថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិក នៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៥ ហើយប្រទេសកម្ពុជាបានក្លាយជាសមាជិក ពេញសិទ្ធិនៃអនុសញ្ញានេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១។ ក្នុងកិច្ចការជាសមាជិក ព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តដាក់ចេញជាវិធានការផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ មានជាអាទិ៍ ការអនុម័តនូវ អនុក្រឹត្យស្តីពីការបោះពុម្ពបម្រាមសុខភាពនៅលើកញ្ចប់បារី និងថ្មីៗនេះបានអនុម័តនូវអនុក្រឹត្យមួយទៀត គឺអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់៕ ដោយ ៖ ស្រី គំនិត
ចែករំលែកព័តមាននេះ