ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិបារាំង រាយការណ៍ថា កុងត្រារួមដំបូងស្តីពីការថែរក្សា ក្នុងលក្ខខណ្ឌប្រតិបត្តិការ MCO បណ្តាយន្តហោះយោធាធុន A400m Atlas ត្រូវបានចុះហត្ថលេខារវាងភាគីយោធាបារាំង និងអង់គ្លេស ។
កុងត្រានេះសម្រាប់ជួយដល់ក្រុមហ៊ុន Airbus Defence and Space ក្នុងការថែរក្សាបណ្តាយន្តហោះធុននេះ ហើយក៏រួមបញ្ចូលការបង្កើតស្តុកគ្រឿងបន្លាស់ ទុកផ្លាស់ប្តូរ ព្រមទាំងសេវាកម្មវិស្វកម្មខាងការថែរក្សាជួសជុល សម្រាប់កងទ័ពអាកាសនៃប្រទេសទាំង២ ។
លោក Philip Dunne រដ្ឋមន្ត្រីការបរទេសអង់គ្លេស គូសបញ្ជាក់ថា ការចុះហត្ថលេខាលើកុងត្រារួម ដើម្បីជួយទ្រទ្រង់ដល់កងយន្តហោះ A400m Atlas ជាផ្លែផ្កានៃការចរចាគ្នា រយៈពេលជាច្រើនឆ្នាំរវាងអង់គ្លេស និងបារាំង ហើយនោះជាតម្រុយសំខាន់មួយនៃកិច្ចសហប្រតិបត្តិការកាន់តែកើនឡើងរបស់យើងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទាក់ទិនដល់សន្ធិសញ្ញា Lancaster House ដែលផ្តោតលើកិច្ចសហប្រតិបត្តិការខាងវិស័យការពារ និងសន្តិសុខ ។ លោកបន្តថា កុងត្រាជួយទ្រទ្រង់រួមគ្នានេះ ជាគំរូមួយទៀតនៃកិច្ចសហប្រតិបត្តិការក្នុងផ្ទៃនៃកម្មវិធីពហុជាតិមួយ ដែលនឹងផ្តល់យន្តហោះធុន A400m ដល់ទៅ១៧០គ្រឿង សម្រាប់ប្រទេស៧ជាដៃគូ នាបណ្តាឆ្នាំខាងមុខ ។
ចំណែកលោក Laurent Collet Billon ប្រតិភូទទួលបន្ទុកខាងគ្រឿងសព្វាវុធរបស់កងទ័ពបារាំង រៀបរាប់ថា គោលបំណងនៃការចុះកុងត្រានេះ គឺដើម្បីពង្រីកថែមទៀតនូវបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការដំបូងក្នុងវិស័យ MCO ពេលវាអាចធ្វើទៅបាន ហើយក៏ដើម្បីជួយទប់ដល់ការចំណាយ និងធានាដល់ប្រសិទ្ធភាពផងដែរ ។ កុងត្រានេះដែលទើបចុះហត្ថលេខាបង្ហាញពីការរួមដៃគ្នារវាងបារាំង និងអង់គ្លេសក្នុងការជួយទ្រទ្រង់រួម ។ វាបានបើកផ្លូវដល់ការពង្រឹងភាពជាដៃគូលើយន្តហោះ A400m មុនពេលបោះជំហានទៅមុខទៀត ។
មកទល់ពេលនេះ ក្រុមហ៊ុន Airbus Defence and Space បានប្រគល់យន្តហោះ A400m ដំបូងចំនួន៧គ្រឿង ក្នុងចំណោមយន្តហោះធុននេះ ១៧០គ្រឿងដែលបញ្ជាទិញដោយប្រទេស៧ គឺអាល្លឺម៉ង់ បែលហ្សុិក អេស្ប៉ាញ បារាំង លុចហ្សំបួរ អង់គ្លេស និងតួកគី ។ យន្តហោះធុននេះ៥គ្រឿង ប្រគល់ឱ្យបារាំងរួចហើយ ។ យន្តហោះ A400m Atlas ដំបូងមួយគ្រឿង ប្រគល់ឱ្យអង់គ្លេស ត្រូវបានបង្ហាញកាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៤ នៅឯមូលដ្ឋានអាកាសចរណ៍ Brize Norton ៕
ចែករំលែកព័តមាននេះ