ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ដាច់ស្រយាលដាំ​ត្រសក់​បាន​ទិន្ន​ផល​ខ្ពស់​ ​ដោយ​ប្រើវិធី​​ម្យ៉ាងចេះតពីគ្នា​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​ប្រជា​កសិករ​​បាន​នាំគ្នា​ដាំ​ដំណាំ​គ្រប់​ប្រភេទ មិន​ថា​ស្រុក​ណា ជា​ស្រុក​ណានោះទេ​ ​ដោយ​​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ដាំ​ដុះ​ពី​ការ​រែក​ទឹក​ស្រោច​ មក​ចាប់​យក​បច្ចេកទេស​ដាំ​ដោយ​ប្រើ​ដំណក់ទឹក​ (អ្នកភូមិយកទុយោទឹកបង្កប់ក្នុង​ដី និង​បើកឱ្យទឹកស្រក់តក់ៗតាមគល់​ដំណាំ​)ជំនួស​វិញ​ មិន​ថា​នៅ​ទី​ជនបទ…

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​ប្រជា​កសិករ​​បាន​នាំគ្នា​ដាំ​ដំណាំ​គ្រប់​ប្រភេទ មិន​ថា​ស្រុក​ណា ជា​ស្រុក​ណានោះទេ​ ​ដោយ​​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ដាំ​ដុះ​ពី​ការ​រែក​ទឹក​ស្រោច​ មក​ចាប់​យក​បច្ចេកទេស​ដាំ​ដោយ​ប្រើ​ដំណក់ទឹក​ (អ្នកភូមិយកទុយោទឹកបង្កប់ក្នុង​ដី និង​បើកឱ្យទឹកស្រក់តក់ៗតាមគល់​ដំណាំ​)ជំនួស​វិញ​ មិន​ថា​នៅ​ទី​ជនបទ រហូត​ចុងកាត់មាត់ញក ក៏​ធ្វើការ​ដាំ​ដុះ​ដំណាំ​​ដោយ​​ប្រើ​ពី​ធី​ដំណក់ទឹក​នេះ​ដែរ ព្រោះ​វិធី​នេះ​ងាយ​ស្រួល ចំណេញ ទាំង​កម្លាំង​ពលកម្ម និង​វេលា ហើយ​​ធ្វើ​​ឱ្យដំណាំ​លូតលាស់​បាន​ល្អ​ទៀត ។

លោក សុខ ប៉ូ ជា​កសិករ​រស់នៅ​ភូមិ​ខ្វិត ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ដែល​ជា​ភូមិ​មួយ​នៅ​ដាច់​ស្រយាល ក៏​បាន​ប្រើ​ពិធី​ដាំ​ត្រសក់​ដោយ​ការ​ដំណក់ទឹក​នេះ​ដែរ ។ លោក​បាន​បញ្ជាក់​ថា​ ​វិ​ធី​ដាំ​ដំណាំ​ដោយ​ប្រើ​ដំណក់ទឹក​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ចំណេញ​ទាំង​កម្លាំង​ពលកម្ម មិន​ពិបាកធ្វើ​ស្មៅ ព្រោះ​យើង​បាន​គ្រប​ដោយ​ថង់​​ប្លា​​ស្ទិ​ក​នៅ​តាម​​រង​របស់​វា ហើយ​ម្យ៉ាងវិញទៀត​យើង​ក៏​អាច​ប្រើ​ជីកំប៉ុស​្ត ឬ​ជីធម្មជាតិ​លាយ​ជាមួយ​ទឹក​បញ្ចូល​បាញ់​តាម​ដំណក់ទឹក​បាន​ដែរ ។

កសិករខាងលើ​បាន​បន្ត​ថា ការ​ចេះ​ប្រើ​វិធី​ដាំ​ដោយ​ប្រើ​ដំណក់ទឹក​នេះ គឺ​ចេះ​ត​ៗ​គ្នា តែ​ប៉ុណ្ណោះ មិន​បាន​ទៅ​រៀន​ពីសា​លា​ណា​ទេ​។ បច្ចុប្បន្ន​ដំណាំ​របស់​គាត់​ច្រើន​ប្រភេទ​គឺ​បាន​ដាំ​ដុះ​ដោយ​ការ​ប្រើ​ដំណក់ទឹក​នេះ​ទាំងអស់ ។ ដោយឡែក​ដំណាំ​ត្រសក់​របស់​គាត់​ក៏​ទទួល​បាន​ផល​ល្អ​ប្រសើរ ណាស់ ក្នុង​១​ឆ្នាំ​គាត់​អាច​ដាំ​លើ​ផ្ទៃដី ដដែល​នេះចំនួន​៣​ដង ។ ព្រោះ​ត្រសក់​គាត់​ដាំ​តែ​រយៈពេល​ខ្លី​គឺ​ទទួល​បាន​ផល​ហើយ ដោយ​ចាប់ផ្ដើម​ពី​ការ​ដាំ​រហូត​ដល់ ៣០​ថ្ងៃ​គឺ​អាច​រះ​ជើង​ក្រោម (​បេះ​ផ្លែ​ផ្នែក​ខាងក្រោម​) បានជា​បណ្តើរ​ៗ​ហើយ តែ​មិន​ច្រើន​ទេ​។

កសិករខាងលើ​បាន​បន្ត​ថា បើ​ចាប់ពី​៣៥​ថ្ងៃ​ឡើង​រហូត​ដល់​៥០​ថ្ងៃ គឺ​ក្នុង​រយៈពេល​១៥​ថ្ងៃ ត្រសក់​ពេញ​ហុច​ផល ដែល​ក្នុង​១​ថ្ងៃ​ចំការ​គាត់​អាច​បេះ​បាន​ជាង​១​តោន ។ ចំពោះ​ការ​លក់​ទៅ​ឱ្យ​ម៉ូយ​វិញ ក្នុង​១​គីឡូក្រាម​ថ្លៃ​១៥០០​រៀល ។ បច្ចុ​ប្បន្ន ទោះបី​ផ្ទៃដី​ដាំ​ត្រសក់​គាត់​តូច​ក៏​ពិតមែន ប៉ុន្តែ​គាត់​បាន​ប្រើ​កម្មករ​ចំនួន​៤នាក់ ក្នុង​ម្នាក់​ទទួល​បាន​កម្រៃ​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ​កម្មករ​ទាំងនេះ ធ្វើ​ចាប់ពី​ការ​ដាំ ការ​ចង​ខ្យែ​ជា​ទ្រើង, ​ការ​ចងដៃ​ត្រសក់ រហូត​ដល់​ពេល​បេះ​ផ្លែ​ទើប​អស់​ការងារ​ធ្វើ ។

កសិករ​រួប​នោះ​បាន​បញ្ជា​ក់ថា ចាប់តាំងពី​ចេះ​ដាំ​ដំណាំ​ដោយ​ប្រើ​ដំណក់ទឹក​នេះ​មក ធ្វើ​ឱ្យ​គ្រួសារ​គាត់​មាន​ជីវភាព​សមរម្យ​មួយ​កំរិត​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា​ ​ភូមិ​ខ្វិត គឺជា​ភូមិ​មួយ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ប្រជាពលរដ្ឋ​រស់​អាស្រ័យ​ផល​ដោយ​ធ្វើស្រែ ចំការ និង​កាប់​ឬ​ស្សី​លក់ ។ បើ​ចង់​ឡើង​ទៅ​ផ្សារ ​ឬ​ទៅ​ទី​ប្រជុំជន​ គឺ​​អ្នក​ភូមិ​នេះត្រូវ​ទៅ​ផ្សារ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ឬ​ឡើង​ទៅ​ផ្សារ​ឧត្ត​ង្គ ខេត្តកំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ