រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស្វាយ តុញ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ធ្នូ បានសម្រេចចេញដីកាឃុំខ្លួនប្តីប្រពន្ធ២នាក់ ត្រូវជាឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ពិរុទ្ធដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តែមិនពាក់ព័ន្ធនឹងការសម្លាប់លោកឧកញ៉ា អឹុង មេ៉ងជឺ នោះទេ ។
ការរកឃើញពិរុទ្ធភាពនេះ គឺបន្ទាប់ពីមានការទ្បោមព័ទ្ធផ្ទះ ដើម្បីចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ បែរជារកឃើញអាវុធនិងគ្រាប់មិនស្របច្បាប់ជាច្រើនទៅវិញ ។
នៅព្រឹកថ្ងៃដដែលនោះដែរ ក្នុងការសាកសួរប្អូនប្រុសនិងប្រពន្ធទី២របស់ឧកញ៉ា ថោង សារ៉ាត់ តំណាងអយ្យការមិនបានធ្វើការចោទប្រកាន់ទេ ពោលគឺព្រះរាជអាជ្ញាបានអនុញ្ញាតឱ្យមានសេរីភាពវិលត្រទ្បប់ទៅផ្ទះវិញ និងបានបញ្ជាក់ថា ពួកគេ២នាក់នេះ ពុំមានកំហុស ។ ដោយទ្បែក ឧកញ៉ា ថោង សារ៉ាត់ ដែលជាកូនប្រុសបង្កើតរបស់លោក ថោង ចំរើន ដែលជាប់ពាក់ព័ន្ធជាអ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មទៅលើលោកឧកញ៉ា អឹុង ម៉េងជឺ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ធ្នូ ដែលដីកាចាប់ខ្លួននោះបានដល់ដៃសមត្ថកិច្ចអស់ហើយ គ្រាន់តែសំណួរសួរថា តើដីកាចាប់ខ្លួននោះ ត្រូវអនុវត្តនៅពេលណានិងនៅទីណា ? នេះជាការសម្រេចរបស់តុលាការ ក្រោយពេលតម្រូវឱ្យឃុំខ្លួនក្រុមអង្គរក្ស៤នាក់របស់ឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៥ ធ្នូ ។
លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ជាឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ព្រមទាំងលោក ថោង ប៊ូណា ប្អូនប្រុស និងអ្នកស្រី ទាវ ធីតា ដែលគេដឹងថា ជាភរិយាទី២របស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ធ្នូ នៅបុរី៩៩៩ចាក់អង្រែក្រោម និងភូមិគ្រឹះ២កន្លែង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីសមត្ថកិច្ចចុះទៅឆែកឆេររកចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ។ ការឃាត់ខ្លួននេះ គឺក្រោយពីប្តីប្រពន្ធទាំង២នាក់ បានធ្វើសន្និសីទកាសែត មានបំណងការពារកូនប្រុស(ឧកញ៉ា ថោង សារ៉ាត់)ថា ជាមនុស្សល្អត្រឹមត្រូវ និងបានវាយប្រហារជាពាក្យសម្តីធ្ងន់ៗទៅលើសមត្ថកិច្ចផងដែរ ខណៈពេលដែលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដាក់ខ្នោះបានមួយដង្ហើមចង្រិតជាមួយនឹងក្រុមអង្គរក្ស៣នាក់នោះ ។
នៅពេលសមត្ថកិច្ចចុះទៅឆែកឆេរផ្ទះរកចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ សមត្ថកិច្ចបានធ្វើការដកហូតនូវអាវុធខ្លីទំនើបចំនួន៦ដើម នៅក្នុងលំនៅឋានលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ទើបបានជាសមត្ថកិច្ចមានការឃាត់ខ្លួន២នាក់ប្តីប្រពន្ធ និងកូនប្រុសបង្កើត ព្រមទាំងកូនប្រសាស្រីម្នាក់នាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្រោយពីឃាត់ខ្លួនឪពុកម្តាយនិងកូន២នាក់ទៀតនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ធ្នូ ដែលសំណុំរឿងនេះស្ថិតនៅដៃកញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងសាកសួរ ។ ការសាកសួរនៅដំណាក់កាលតំណាងអយ្យការ ដែលចំណាយពេលពេញ១ថ្ងៃនោះ មិនចប់ទេ ហើយជនជាប់សង្ស័យត្រូវបានផ្ញើទៅសមត្ថកិច្ចវិញ និងតម្រូវឱ្យបញ្ជូនមកនៅថ្ងៃទី៧ ធ្នូ ដើម្បីសាកសួរបន្តទៀត ។ ទោះបីជាថ្ងៃអាទិត្យក្តី ម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៧ ធ្នូ ឪពុកម្តាយនិងកូន ត្រូវសមត្ថកិច្ចនាំទៅជូនតំណាងអយ្យការតាមការកំណត់ ។
នៅម៉ោង៩និង៣០នាទីព្រឹក កញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញារង បានអនុញ្ញាតឱ្យលោក ថោង ប៊ូណា និងអ្នកស្រី ទាវ ធីតា វិលទៅផ្ទះប្រកបមុខរបររកស៊ីធម្មតាវិញ ។ ចំណែកលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ២នាក់ប្តីប្រពន្ធតំណាងអយ្យការ បានចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលបទល្មើសនេះមានចែងតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលតម្រូវឱ្យផ្តន្ទាទោសជនត្រូវចោទដាក់ពន្ធនាគាររយៈពេលពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី១លានរៀល ទៅ៦លានរៀល ។ ក្រោយពីតំណាងអយ្យការចោទប្រកានជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ មានការកត់សម្គាល់ថា ទាំង២នាក់ប្តីប្រពន្ធនេះ ទោះបីតុលាការចេញដីកាឱ្យនាំទៅឃុំខ្លួនក្តី ក៏ពេលរៀបចំទ្បើងរថយន្តរបស់សមត្ថកិច្ចទៅពន្ធនាគារព្រៃស អ្នកស្រី កែវ សារី នៅតែញញឹមហាក់មិនមានការតក់ស្លុត ឬព្រួយបារម្ភអ្វីទ្បើយ ខុសពីអ្នកដទៃដែលខ្លះស្រែករកយុត្តិធម៌ ខ្លះស្រែកយំ ។
ទាំងលោក ថោង ចំរើន ជាប្តី និងអ្នកស្រី កែវ សារី ជាប្រពន្ធ បាននិយាយទៅកាន់អ្នកសារព័ត៌មានទាំងសម្តីប៉ៃទ្បាំថា «ឱ្យខ្ញុំទាំង២នាក់ប្តីប្រពន្ធសុំទោសទៅលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញផង ដែលថ្ងៃនោះខ្ញុំនិងប្រពន្ធមានការឆេវឆាវពេក ដោយបានធ្វើសន្និសីទកាសែតវាយប្រហារទៅលើសមត្ថកិច្ច ពេលនេះខ្ញុំបានដឹងខ្លួនខុសហើយ» ។ ដោយទ្បែកមួយទៀតកាលពីល្ងាចថ្ងៃទី៦ ធ្នូ ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាទៅសមត្ថកិច្ចឱ្យចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ រួចហើយដែរ ដែលដីកាឱ្យស្វែងរកចាប់ខ្លួននោះ បានធ្លាក់ដល់ដៃសមត្ថកិច្ចជំនាញហើយ ។ បន្ទាប់ពីមានដីកាឱ្យស្វែងរកចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ នៅល្ងាចថ្ងៃដដែលនោះ មានប្រព័ន្ធព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រវ៉េបសាយខ្លះ បានផ្សព្វផ្សាយថា សមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសវៀតណាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ បានហើយ ។
គេហទំព័រមួួយចំនួននោះ ខ្លះថា សមត្ថកិច្ចនាំខ្លួនឧកញ៉ា ថោង សារ៉ាត់ មកដល់ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង ខ្លះថាតាមច្រកភ្នំដិន ខេត្តតាកែវ ដែលព័ត៌មាននោះបង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានមន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធ ព្រមទាំងមានការច្រានចោលពីលោកឧត្តមសេនីយ៍ឯក គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។ រហូតមកដល់ពេលនេះ ការតាមប្រមាញ់ចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ នៅមិនទាន់បាននៅទ្បើយទេ ទោះបីជាមានការដាក់មន្ទិលសង្ស័យថា រត់ទៅលាក់ខ្លួននៅប្រទេសវៀតណាមក្តី ។ ប៉ុន្តែបើតាមមន្ត្រីស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ បានប្រាប់ឱ្យដឹងថា រឿងនេះប៉ូលិសអាំងទែរប៉ូលកម្ពុជា បាននិងកំពុងទាក់ទងទៅអាជ្ញាធរប្រទេសវៀតណាមហើយ ដូច្នេះមិនយូរមិនឆាប់គង់តែនាំខ្លួនមេខ្លោងផ្តើមគំនិតក្នុងអំពើឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ មកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន បើសិនជាមានការគេចខ្លួននៅប្រទេសវៀតណាមមែននោះ ។
មានប្រភពព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា ឧកញ៉ា ថោង សារ៉ាត់ ជាថៅកែសាច់ប៉ាតេ និងសំណង់បុរី៩៩៩ មានប្រពន្ធសរុបទាំងអស់៨នាក់ ក្នុងនោះប្រពន្ធផ្លូវការស្របច្បាប់៤នាក់ និងមិនស្របច្បាប់៤នាក់ ។ ប្រភពព័ត៌មានមិនផ្លូវការនេះបន្តថា ភរិយាទាំង៨នាក់ហាក់ដូចជាមានសេចក្តីសុខនឹងគ្នាណាស់ ព្រោះពួកគេមានផ្ទះដែលឧកញ៉ាក្មេងមុខស្រស់ ថោង សារ៉ាត់ ចែកឱ្យម្នាក់មួយ ។ មានគេនិយាយថា មានតែប្រពន្ធ តែមិនច្បាស់ថាទីប៉ុន្មានទេ ដែលនៅក្បែរវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានផ្ទះទល់មុខគ្នា មិនសូវចុះសម្រុងគ្នា ៕
ចែករំលែកព័តមាននេះ