រាជធានីភ្នំពេញ ៖ មន្ដ្រីមកពីមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ដោយសហការជា មួយអាជ្ញាធរខណ្ឌ៧មករា កាលពីវេលាម៉ោង ប្រមាណជាង៥ល្ងាចថ្ងៃទី២១ មករា បានចុះ បង្ក្រាបអ្នករកស៊ីលក់ស្រោមអនាម័យ និង ថ្នាំសំរើប នៅចំណុចកាច់ជ្រុងផ្លូវខាងកើតឆៀងខាងត្បូងផ្សារអូរឫស្សីចំនួន៦កន្លែង ដោយឃាត់ខ្លួនអ្នកលក់៤នាក់ និងធ្វើការរឹប អូសស្រោមអនាម័យ និងថ្នាំសំរើបមួយចំនួន ។នៅក្នុងការចុះបង្ក្រាបអ្នកលក់ស្រោម អនាម័យ និងថ្នាំសំរើបខាងលើនេះត្រូវបានលោកអ៊ីសុខឡេង អភិបាលរងខណ្ឌ៧មករា ឱ្យដឹងថាយោងតាមការណែនាំរបស់លោក សោម សុវណ្ណ អភិបាលខណ្ឌបានចាត់តាំងរូបលោកឱ្យសហការជាមួយមន្ដ្រីមកពីមន្ទីរសុខាភិបាល ដើម្បីចាប់ប្រមូលអ្នកលក់ថ្នាំសំរើប ដែលបានប្រើរូបភាពលក់ស្រោមអនាម័យជាការបិទបាំងភ្នែកសមត្ថកិច្ចលើដងផ្លូវសាធារណៈ ព្រោះរបរនេះធ្វើឱ្យប៉ះពាល់ដល់ច្បាប់ដែលហាមឃាត់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសីលធម៌ផងដែរ។
កន្លងមក អាជ្ញាធរខណ្ឌ៧មករា ដែលមានសមត្ថកិច្ច នគរបាលផងនោះ តែងសហការជាមួយមន្ទីរ សុខាភិបាលបង្ក្រាបកន្លែងធ្វើអាជីវកម្មលក់ ថ្នាំសំរើប និងស្រោមអនាម័យនេះចំនួន២ដង មកហើយ ដោយបានរឹបអូសថ្នាំ និងស្រោម មួយចំនួន ព្រមទាំងឃាត់ខ្លួនអ្នកលក់មកធ្វើ ការអប់រំផងដែរ ប៉ុន្ដែគេនៅតែមិនរាងចាល ។ ឯលើកនេះចាប់ទៀត គឺអ្នកលក់ មុខដដែល ដូច្នេះនេះជាការព្រមានចុង ក្រោយ ហើយបើនៅតែប្រកបមុខរបរនេះ ទៀត លែងមានការអនុគ្រោះ ហើយត្រូវតែ ចាត់វិធានការតាមនីតិវិធី ពោលគឺកសាង សំណុំរឿងទាំងមនុស្សទាំងសំភារ បញ្ជូនទៅ កាន់តុលាការតាមផ្លូវច្បាប់ ដោយគ្មានការ យោគយល់ទៀតឡើយ។
ដោយឡែក ប្រឈមមុខនឹងបញ្ហានេះ ក្រុមអ្នកលក់ស្រោមនិងថ្នាំសំរើបទាំងនោះបានត្អូញត្អែរថាពួកគេរកស៊ីលក់ស្រោមអនា ម័យ និងថ្នាំនេះយូរឆ្នាំហើយ បើអាជ្ញាធរឱ្យ បញ្ឈប់មុខរបរនេះ មិនដឹងជាទៅរកមុខរបរ អ្វីនោះទេ។ ពួកគេបន្ដថា សព្វថ្ងៃបានមុខ របរនេះហើយដែលបានចំណូលពី៥ពាន់រៀល ទៅ២ម៉ឺនរៀល ក្នុង១ថ្ងៃ គ្រាន់តែទិញអង្ករ ច្រកឆ្នាំង ។ ទោះជាបែបណា ការលក់ថ្នាំ បែបនេះ គប្បីមាននៅតាមគ្លីនិក ឬឱសថ ស្ថានស្របច្បាប់ ហើយជាថ្នាំបង្កើនសមត្ថ ភាពផ្លូវភេទដើម្បីសុភមង្គល មិនមែនលក់ ថ្នាំសំរើបសំរាប់ជនខិលខូចបោកប្រាស់នារី ក្មេងៗទៅដាក់ថ្នាំរួចឆក់ឱកាសរំលោភនោះ ឡើយ៕
ចែករំលែកព័តមាននេះ