ប្រវត្តិនៃវត្តលង្កា ដោយការរៀបរៀងក្រងតាមពាក្យដែលជនចាស់ព្រឹទ្ធាចារ្យបាននិយាយជាប់ តៗគ្នាមកខ្លះ តាមព្រះរាជពង្សាវតារដែលសម្ដេចព្រះសង្ឃរាជថ្នាក់ទី១វត្តឧណ្ណាលោម បានចុះផ្សាយក្នុងទស្សនាវដ្ដីនៃ ពន្លឺពុទ្ធចក្រ ជាសេចក្ដីខ្លីនោះខ្លះ តាមសេចក្ដីកត់ហេតុរបស់សម្ដេចព្រះសពព្រះធម្មលិខិតឧត្ដមប្រឹក្សា ល្វី ឯម ដែលបានសរសេរទុក៤បន្ទាត់នៅឈ្នែងសៀវភៅ ប្រាប់ពីពុទ្ធសករាជ និងគ្រឹស្តសករាជ អំពីការរុះរើចេញពីភ្នំដូនពេញ ហើយយកមកសាងនៅកន្លែងសព្វថ្ងៃនេះខ្លះ ដូចមានសេចក្ដីចុះក្នុងងអត្ថបទនេះតទៅ ។
ដូច្នេះខាងដើមនៃប្រវត្តិវត្តលង្កានេះ គួរតែជ្រាបនាមរបស់វត្តសព្វថ្ងៃនេះជាមុន ដែលជាវត្តគេបានស្ថាបនាតាំងទុកនូវព្រះរាជធានី ទីក្រុងភ្នំពេញអស់កាលជាយូរឆ្នាំណាស់មកហើយ នៅក្នុងចំណោមវត្តដែលមាននៅទីក្រុងភ្នំពេញ ជាវត្តមានលទ្ធនាមប្រាកដដែលគេហៅជាប់មកដល់សព្វថ្ងៃថា «លង្កាៗ» ឯនាមថា លង្កាៗ នេះជាឈ្មោះទ្វីបមួយដែលមាននៅក្នុងអាស៊ីទ្វីប ជាកោះមួយធំដីដុះផុះឡើងសម្បើមនៅក្នុងមហាសមុទ្រនៃប្រទេសឥណ្ឌា កើតឡើងបានទៅជានគរ១ធំ ដែលគេនិយមហៅថា «សីហឡៈ Cylan លង្កាទ្វីប» រហូតមកដល់សព្វថ្ងៃនេះ នៅចំទិសខាងលិចបែរឆៀងខាងត្បូងបន្តិចពីប្រទេសខ្មែរយើង ។
នគរនេះកាលជាន់ពុទ្ធសម័យ ព្រះពុទ្ធអង្គបានយាងទៅកាន់ទីកោះលង្កាទ្វីបនោះ៣ដង លុះទ្រង់ចូលបរិនិព្ធានទៅ ពួកព្រះអរហន្តាខីណា ស្រពទាំងឡាយ មានព្រះមហិន្ធត្ថេរជាដើម ក៏បានឆ្លងកាត់មហាសមុទ្រឥណ្ឌា ដោយឥទ្ធិឫទ្ធិរបស់លោកទៅកាន់ទីកោះនោះ ដើម្បីផ្សាយព្រះពុទ្ធសាសនាចំពោះអ្នកស្រុកកោះលង្កាទាំងមូល ។ ចីរកាលតមកខាងក្រោយទៀត ព្រះពុទ្ធឃោសាចារ្យបានទៅចម្លងគម្ពីរព្រះត្រៃបិដកនៅកោះលង្កាទ្វីបនោះ មានឈ្មោះល្បីល្បាញខាងការផ្សាយព្រះពុទ្ធសាសនាទៅក្នុងជម្ពូទ្វីបទាំងមូលដែលជាហេតុឱ្យលេចឮល្បីឈ្មោះថា «លង្កាទ្វីបៗ» តាំងពីកាលនោះមកដល់កាលឥឡូវនេះ ។
ដោយហេតុយ៉ាងនេះហើយ គួរឱ្យមានសេចក្ដីសង្ស័យនឹកពិកាល់ឆ្ងល់ដោយមនោសញ្ចេតនាថា ព្រះរាជាព្រះនាម «ពញាយ៉ាត» ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវត្តអារាមទុកនៅភ្នំដូនពេញក្នុងកាលនោះប្រហែលជាទ្រង់យកឈ្មោះលង្កាទ្វីបនោះ មកឱ្យឈ្មោះវត្តទាំងនោះដូចជា ឈ្មោះវត្តលង្កានេះជាដើមទេដឹង !
តាមរឿងប្រវត្តិវត្តឧណ្ណាលោម ដែលសម្ដេចព្រះសង្ឃរាជរៀបរៀងក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រថា៖ «ព្រះបាទសម្ដេចព្រះបរមរាជា «ពញាយ៉ាត» ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវត្ត៣ គឺ ១-វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ ។ ២-វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ ។ ៣-វត្តព្រះពុទ្ធឃោសារ នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែក នាទិសខាងជើងភ្នំដូនពេញ ។ បានជាទ្រង់ព្រះរាជទាននាមវត្តទាំង៣នេះដូច្នេះ ដើម្បីឱ្យសមនឹងដំណើររឿងដែលថា ព្រះពុទ្ធឃោសាចារ្យ ទៅចម្លងគម្ពីរអំពីកោះលង្កាទ្វីប ។ល។
តាមរឿងនេះគ្មានន័យថា ព្រះពុទ្ធឃោសាចារ្យមកគង់នៅវត្តលង្កាភ្នំដូនពេញនោះទេ គឺប្រហែលជាព្រះរាជាទ្រង់សព្វព្រះរាជហឫទ័យសាកបំបៅចម្លងយកនាមកោះលង្កា និងនាមព្រះពុទ្ធឃោសា មកដាំបណ្ដុះឱ្យមានឈ្មោះបំបែកមែកសាខានៅក្នុងប្រទេសកម្ពុជាយើងនេះទេដឹង ! បានជាកើតមានឈ្មោះហៅថា «វត្តលង្កាៗ» ដូច្នេះ ដោយទ្រង់សព្វព្រះរាជហឫទ័យប្រកបដោយសោមនស្សជ្រះថ្លានឹកមមៃ អាឡោះអាល័យ ស្រឡាញ់នាមទាំងនេះដ៏បរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយព្រះរាជសទ្ធាដ៏ស្មោះត្រង់ទេដឹង បានជាឱ្យឈ្មោះ«វត្តលង្កា» នេះមាននាមាភិធេយ្យប្រាកដជាក់ស្ដែងឡើង នៅក្នុងប្រទេសកម្ពុជាយើង ក្នុងសម័យជាន់នោះអ្នកស្រុកនាំគ្នានិយមរាប់អានស្នេហាហៅថា «វត្តលង្កាៗ» តាមនាមដែលព្រះរាជាបានព្រះរាជទាន នាមប្បញ្ញត្តិឱ្យឈ្មោះនោះហៅដរាបមកដល់សព្វថ្ងៃនេះថា «វត្តលង្កាៗ» ។
វត្តលង្កានេះ កាលដែលឋិតនៅទីភ្នំដូនពេញឯណោះ អស់រយៈកាល២៣ឆ្នាំ លុះដល់ព.ស.២.៤៤១នៅថ្ងៃទី១៩ ខែឧសភា គ.ស.១.៨០៨ រាជការប្រូតិកភូរាត៍អាណានិគមបារាំងសែស ដែលជាជាតិសៃយសាសន៍មិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បញ្ជាឱ្យរុះរើចេញពីភ្នំដូនពេញមកកសាងនៅទីបឹងកេងកងដែលជាជាយគ្រែង នៃព្រះរាជាធានីក្រុងក្នុងសម័យជាន់នោះ ។
តាំងពីវត្តលង្កា រុះរើលាចាកភ្នំដូនពេញចេញមកប្រតិស្ថាននៅកន្លែងសព្វថ្ងៃនេះ បានជាង៨៥ឆ្នាំហើយ(គិតអំឡុងកាលរៀបរៀងប្រវត្តិនេះ) មានសេនាសនគ្គាហបកបុគ្គលគឺចៅអធិការ៤រូបហើយគឺ៖
ចៅអធិការទី១ ព្រះនាម ព្រះបវរវិជ្ជា(អុក) ជីវប្បវត្តិគ្មាន ,ចៅអធិការទី២ព្រះនាម(ខាត់)ជីវប្បវត្តិគ្មាន ,ចៅអធិការទី៣ព្រះនាម សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា ល្វី ឯម ជីវប្បវត្តិមានពិស្ដារក្នុងការស្ថាបនាវត្តនេះ ។ ចៅអធិការទី៤ ព្រះឃោសធម្ម កៅ ស៊ឹម ជីវប្បវត្តិពិស្ដារ ក្នុងការស្ថាបនាជួយរៀបចំកែទម្រង់វត្តនេះតពីសម្ដេចព្រះធម្មលិខិតមក ។
ឯវិហារដែលលោកអ្នកឧកញ៉ាយោមរាជ ម៉ែន និងលោកស្រីជំទាវ ព្រាប បានកសាងមកនោះ លុះចីរកាលតមក ក៏ចាស់ទ្រុឌទ្រោមទៅ ,សម្ដេចព្រះធម្មលិខិត ល្វី ឯម បានបញ្ជាឱ្យរុះរើធ្វើឡើងវិញជាថ្មី នៅថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំមមែ សប្ពស័ក ព.ស.២៤៩៧ គឺថ្ងៃទី១០ វិច្ឆិកា គ.ស.១៩៥៤ ចាប់ផ្ដើមកសាងឡើងរហូតដល់ថ្ងៃ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥០៤ គឺថ្ងៃទី៥ ខែមិថុនា គ.ស.១៩៦២ ទើបធ្វើហើយស្រេច អស់បច្ច័យចំនួន៤៩២១.៣០០រៀល ។
នៅក្រោមព្រះរាជូបូត្ថម្ភក៍នៃព្រះករុណាព្រះមហាកាពា្ចនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រិយានីព្រះមាតាជាតិ ដោយហេតុថា វត្តនេះសម្ដេចព្រះសពព្រះធម្មលិខិត ព្រមទាំងពុទ្ធបរិស័ទ ឧបាសក ឧបាសិកា បានថ្វាយព្រះករុណានិងសម្ដេចព្រះមហាក្សត្រិយានីព្រះមាតាជាតិ ជាអម្ចាស់ជីវិត អស់កាលជាយូរមកហើយ ដល់មកឥឡូវនេះពុទ្ធបរិស័ទ ឧបាសក ឧបាសិកា វត្តលង្កា ដែលមានសុទ្ធចិត្តដ៏ស្អាត សូមថ្វាយវត្តលង្កានេះជាថ្មីម្ដងទៀត សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោស
សូមទទួលដោយព្រះរាជហឫទ័យដ៏ជ្រះថ្លាជាថ្មីម្ដងទៀត ចំពោះយើងខ្ញុំទូលព្រះបង្គំ បានថ្វាយវត្តនេះសម្រាប់ទុកជាព្រះកេររបស់ព្រះអង្គតទៅ មិនតែប៉ុណ្ណោះទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ជាច្រើនជាងរយម៉ឺនរៀលដោយទ្រង់ជាអគ្គសាសនូបត្ថម្ភក៍ចំពោះការកសាងវិហារថ្មីនេះជាកាតព្វកិច្ចដែលជាទីនាំឱ្យជ្រះថ្លាដល់ពួកពុទ្ធបរិស័ទវត្តលង្កា នាំគ្នាសស្រោកសស្រាញ់ចោមចូលព្រះរាជកុសលជួយកសាងឡើង ដោយសេចក្ដីត្រេកអរជាអនេកថ្វាយព្រះអង្គ ទាំងទ្រង់ព្រះមេត្តាប្រោសបានឡាយព្រះហស្តលេខាព្រះរាជទានឱ្យរចនាព្រះសង្ហាប្រតិស្ថានទុកនូវទីហោជាងចំមុខវិហារទិសខាងកើតជានិមិត្តរូប គឺឱ្យសម្គាល់រូបភាពនេះឱ្យដឹងថា ជាវត្តរបស់ព្រះរាជា បានស្ថាបនាទុកជាអនុស្សាវរីយ៍ក្នុងព្រះពុទ្ធសាសនានៅទីនេះ ។
នៅទីហោជាងទិសឧត្តរខាងជើង និងទិសទក្សិណខាងត្បូង បានរចនាជាតួតាកដាក់ជើងពានតម្កល់ព្រះត្រៃបិដកស្លឹករឹតពីលើនៅទីត្រង់កណ្តាលដែលមានផ្កាលតាដុះស្រោបជុំវិញ ថ្វាយជាគ្រឿងសក្ការបូជាអស់កាលជានិច្ច ។ នៅទីខាងលើធ្វើជាវង់ព្រះអាទិត្យដែលមានកាំរស្មីរះឡើងពីទិសបូព៌បញ្ចាំងចោលពន្លឺឱ្យភ្លឺថ្លា ទៅពាសពេញក្នុងពិភពលោកទាំងមូលឱ្យមើលឃើញច្បាស់សត្វវត្ថុល្អអាក្រក់គ្រប់យ៉ាង នេះជានិមិត្តរូបគឺឱ្យសម្គាល់រូបភាពនេះថា ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាយើងនេះ ដែលបានរីកផ្សាយចេញរស្មីគឺវិជ្ជាធម៌ពីវត្តលង្កានេះ ដោយមានសម្អាងក្បួន(ធម្មសាស្ត្រ) គម្ពីរព្រះត្រៃបិដកដែលពួកកុលបុត្រជាបព្វជិត ខំប្រព្រឹត្តសិក្សារៀនសូត្រតស៊ូចំពោះធម៌វិន័យជាដំបូង ហើយបានយកទៅផ្សាយក្នុងជនបទទាំងឡាយក្នុងប្រទេសខ្មែរនេះទុកដូចជាផ្កាលតាក្រអូបទ្រព្រះពុទ្ធសាសនាជាដរាបមក ។
នៅទីហោជាងទិសខាងបស្ចិមខាងលិច គេបានរចនាផ្លិតស្រួច១យ៉ាងធំមានពណ៌ច្រាលឆ្អៅ បញ្ឈរទុកនៅត្រង់កណ្ដាលតួហោជាងមានរចនាជាក្បាច់រំលេចដោយភាពជាខ្សែសយរាងរៅដល់ទៅខាងលើកំពូលស្រួចមើលទៅគួរជាប់ចិត្ត នេះជានិមិត្តរូប គឺឱ្យសម្គាល់រូបភាពនេះថា វត្តលង្កានេះមានព្រះមហាថេរ១អង្គ ជាព្រះរាជាគណៈថ្នាក់ឯក មានអគ្គៈទីជាសម្ដេចព្រះធម្មលិខិតឧត្តមប្រឹក្សាគណៈមហានិកាយព្រះនាមល្វី ឯម ក្នុងឋានៈជាចៅអធិការជាអ្នកគ្រប់គ្រងវត្តលង្កានេះ ឯរូបភាពទាំង៣បែបនេះជានិមិត្តរូបតំណាងវត្តតំណាងវិហារ ដែលគួរឱ្យយើងគ្រប់គ្នានឹកអាឡោះអាល័យស្ដាយរូបភាពនេះថា ៖
រូបកាយយើងនេះស្លាប់បាត់ទៅ តែរូបភាពនៅជានិមិត្ត គេបានរចនាការពិសិដ្ឋ ទុកឱ្យពិនិត្យមើលគ្រប់គ្នា ។
សណ្ឋានភាពនៃតួវិហារនេះ មានវិកតិភាពធ្វើ ប្លែកៗគឺនៅទីថ្នាក់ខាងលើមើលទៅឃើញកំពូលស្រួច៣ជាន់ ដែលបន្ទំក្បាច់ស៊ីម៉ង់ត៍ព័ទ្ធព័ន្ធដោយទីជុំវិញដំបូលលើប្រក់គ្រឿងពណ៌មានលំអដោយរូបនាគមានដងខ្លួនសំយុងចុះមករករងទឹកងើបឡើងរហង់ ហាក់ដូចជានៅរង់ចាំឈ្ងោកមើលរូបព្ធរ៉ា ដែលមានខ្នងរាងអែ៊នស្ទែតពើងទ្រូង ភ្នែកគ្រលួងសម្លឹងចុះមើលមកកាន់ផែនដី ដៃទាំងពីរចាប់កាន់ពិតានរងទឹកក្បាលទូលទ្ររងទឹក ហាក់ដូចជាគេលេងល្បែងរាំងវង់ នៅគ្រប់តែក្បាលសសរជុំវិញនៃព្រះវិហារ ។
សណ្ឋានភាពថ្នាក់ត្រង់កណ្ដាល មានកិត្តិវិលេបនកម្មដ៏ភ្លឺស្អាតរចនាឆ្កូត ក្រឡាជញ្ជាំងជាបន្ទាត់ ផ្ទាំងៗខ្វាត់ខ្វែង ដុះលាងថ្មពណ៌លឿងខ្ចីព័ទ្ធជុំវិញ ជាគ្រឿងប្រៀបគួរឱ្យសម្គាល់បានថា ជាគ្រឿងអាភរណៈស្លៀកពាក់ច្រើនពណ៌លឿង ឬពណ៌ផ្កា ផ្សេងៗ ដូចសម្លៀកបំពាក់នារីដែលស្រស់នៅពេលចូលឆ្នាំ ។
សណ្ឋានភាពថ្នាក់ខាងក្រោមរាងទ្រនាប់ភាពស្រាលទាបបន្តិចរំលេចនូវរបៀបចេញរាងមកខាងក្រៅ ហើយនឹងយ៉ខាងមុខ យ៉ខាងក្រោយឱ្យជាគ្រឿងសម្គាល់ថាវិហារនេះ មានសភាពសក្តិសម រម្យទមល្អអស្ចារ្យគួរដល់កាទស្សនីយភាព ។
សភាពព្រំដែនរបស់វត្តព័ទ្ធជុំវិញ គឺមានបណ្ដោយទិសខាងជើង១៦២ម៉ែត្រ ទទឹងទិសខាងលិច១០៥ម៉ែត្រ ទទឹងទិសខាងកើត៨០ម៉ែត្រ៥៣ បណ្ដោយទិសខាងត្បូង១៥៧ម៉ែត្រ តាមប្លង់ផែនទីក្រសួងសុរិយាដី នៅក្នុងសម័យជាន់អាណានិគមបារាំងសែស ដែលបានប្រគល់ឱ្យមកទុកជាភស្តុតាង ។ ឥឡូវនេះរាជការក្រុងបានបង្ខិតកំពែងរុញចូលមកក្នុងដីវត្តចំនួន៥ម៉ែត្រ៥០ នៅទិសខាងជើង ដីវត្តក៏រួមតូចទៅវិញ ។
នៅទីខាងក្នុងត្រង់កណ្ដាលវត្ត មានតួព្រះវិហារដ៏ល្អអស្ចារ្យដូចបានពណ៌នាមកខាងលើ ដែលជានិមិត្តរូបជាមូលដ្ឋាននៃព្រះពុទ្ធសាសនាមានបណ្ដោយ៣៨ម៉ែត្រដោយគិតទាំងយ៉មុខយ៉ក្រោយរួមចូលផង ។ ទទឹងថ្នាក់លើ១៧ម៉ែត្រ៥០ ដោយគិតរបៀងខាងក្រៅផង ទទឹងខាងក្រោម១៤ម៉ែត្រ កម្ពស់ឡើងលើដល់កំពូលស្រួច៣២ម៉ែត្រ ខ្ពស់ត្រដែតទៅក្នុងនភាល័យប្រទេស ។
វត្តលង្ការនេះឋិតនៅក្នុងសង្កាត់លេខ៦ ក្រុងភ្នំពេញ ដែលជាវត្តព្រះរាជទ្រព្យរបស់ព្រះរាជា ទ្រង់កសាងថ្វាយចំពោះព្រះពុទ្ធសាសនា ទុកជាព្រះកេររបស់ព្រះអង្គសម្រាប់ឱ្យព្រះសង្ឃគង់នៅសិក្សាធម៌វិន័យជាអាចិន្ត្រៃយ៍ក្នុងព្រះពុទ្ធសាសនាតរៀងទៅ ។
ការចាប់ផ្ដើមរៀបចំស្ថាបនា ពីឆ្នាំ១៩៥៨ឱ្យវត្តនេះមានអនាម័យបំបាត់ទីស្មោកគ្រោក ដោយការរុះរើបង្គន់ចាស់២០បន្ទប់នៅទិសនិរតីបញ្ជាឱ្យធ្វបង្គន់ថ្មី៣៥នៅទីកុដិររបស់បព្វជិតក្រុមៗ ធ្វើរបងនៅទិសខាងលិចដោយឈើផ្ចិកខ្លះ គគីរខ្លះឱ្យសមតាមកម្រិតនៃឧបចារវត្ត ឥឡូវនេះបានកសាងអំពីឥដ្ឋបន្តឡើងជាថ្មី ដល់ឆ្នាំ១៩៦១-៦២-៦៣ បានដាក់ម៉ាស៊ីនទឹកទាំងដាក់បំពង់លូក្នុងទីវត្តព័ទ្ធចុះទៅភ្ជាប់នឹងលូធំរបស់រាជការគ្មានទឹកភក់ជ្រាំដកកក់នៅក្នុងទីវត្តនេះបានឡើយ ។
ឆ្នាំ១៩៦២ បានរុះរើកុដ្ឋិ២ខ្នងនៅក្រុមទី២យកទៅកសាងទីដទៃទៀត ដើម្បីរៀបចំដីទីសព្វថ្ងៃនេះឱ្យវាលទូលាយស្អាត រៀបចំបរិវេណផ្លូវ តូចៗក្នុងសួនច្បារ រៀបចំចិញ្ចើមផ្លូវធ្លាក្នុងវត្តព័ទ្ធជុំវិញឱ្យស្អាត បញ្ជាឱ្យបព្វជិតជាមេកុដ្ឋិមេក្រុម រុះរើទម្រង់កុដិចាស់របស់ខ្លួននៅនោះធ្វើជា២ជាន់ឱ្យខ្ពស់ឡើងបិទបាំងជើងសសរឈើដែលមើលទៅឃើញច្រូងច្រាងនោះ ចាក់ដីរៀបឥដ្ឋពណ៌ឲ្យល្អមើលឡើង ទាំងបញ្ជាឲ្យរៀបចំទីខាងក្នុងកុដិឲ្យមានរបៀបរៀបរយគួរល្មមខ្យល់អាកាសធាតុថ្មី ចូលទៅកម្ចាត់បង់នូវកាអាកាសធាតុចាស់ឱ្យអស់ចេញពីក្នុងកុដិ មួយៗ ត្រូវឱ្យមានតុ១ កៅអីយ៉ាងតិចត្រឹម៣ប្រចាំនូវទីកុដិរបស់ខ្លួនជាប្រក្រតី ទើបសមគួរដល់អនាម័យតាមសម័យនិយម ។
ឯកសាររៀបរៀងដោយព្រះឃោសធម្មកៅ ស៊ឹម ចៅអធិការវត្តលង្កា សង្កាត់លេខ៦ ក្រុងភ្នំពេញ ព.ស២៥០៦ គ.ស១៩៦៤ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ