ខេត្តបាត់ដំបង ៖ លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ដែលរងការចោទប្រកាន់ពីរដ្ឋមន្ត្រីក្រសួងបរិ ស្ថានរឿងរំលោភបំពានយកដីរដ្ឋ ពេលនេះបានដកបង្គោលរបងចេញពីដីវិវាទនោះអស់ហើយ តែបានបដិសេធថា ដីនោះមិនមែនជាដីរបស់ខ្លួនទេ គឺជាដីរបស់ប្អូនប្រុសដែលខ្លួនគ្រាន់តែជួយមើលថែឲ្យប្អូនតែប៉ុណ្ណោះ ហើយក៏បានបដិសេធផងដែរ ចំពោះអាវុធដែលសមត្ថកិច្ចរកឃើញនៅទីនោះ។ នេះបើតាមមន្ត្រីការិយាល័យបុគ្គលិក បានប្រាប់កោះសន្តិភាព កាលពីថ្ងៃទី១០ មិថុនា ស្របពេលដែលប្រធានមន្ទីរបរិស្ថានខេត្តអះអាងដែរថា នឹងត្រៀមចេញដីកាដកហូតដីនោះនាពេលខាងមុខនេះ។ គួររំលឹកថា៖ មន្ត្រីការិយាល័យបុគ្គលិកចុះស៊ើបរឿងអធិការស្រុកសំឡូត បែរជារកឃើញកាំភ្លើងលាក់ក្នុងខ្ទម

លោកវ៉េ គឹមស៊ីម ប្រធានការិយាល័យបុគ្គលិកនៃស្នងការខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកកោ ស៊ុនកាំង បានចូលបំភ្លឺនៅការិយាល័យបុគ្គលិករួចហើយ ពាក់ព័ន្ធនឹងរឿងដីធ្លីជាមួយនឹងរឿងអាវុធAK.47មួយដើម ដែលគេរកឃើញនៅក្នុងខ្ទមលើដីទំនាស់ ដែលគ្រប់គ្រងដោយបុរសម្នាក់បានរត់ចោលមុនពេលសមត្ថកិច្ចទៅដល់។
លោកបានបញ្ជាក់ថា ក្រោយពីចូលខ្លួនមកបំភ្លឺ លោកកោ ស៊ុនកាំង បានដកបង្គោលរបងចេញពីលើដីទំនាស់នោះ ហើយក៏បានប្រគល់ដីនោះឲ្យទៅខាងបរិស្ថានវិញផងដែរ។ ប៉ុន្តែលោកកោ ស៊ុនកាំង បានបញ្ជាក់ប្រាប់មន្ត្រីបុគ្គលិកថា «ដីនោះមិនមែនជាដីរបស់ខ្លួនទេ គឺជាដីរបស់ប្អូនប្រុសឈ្មោះ កោ ស៊ុនលី ខ្លួនគ្រាន់តែជួយមើលថែឲ្យប្អូនតែប៉ុណ្ណោះ តែមន្ត្រីមូលដ្ឋានថា ជាដីលោកកោ ស៊ុនកាំង»។ នេះបើតាមលោកវ៉េ គឹមស៊ីម បានស្រង់ចម្លើយលោកកោ ស៊ុនកាំង ។

ដោយឡែក ពាក់ព័ន្ធនឹងរឿងកាំភ្លើងAK មួយដើមនោះវិញ បើតាមលោក វ៉េ គឹមស៊ីម បានស្រង់ចម្លើយលោកកោ ស៊ុនកាំង មកបញ្ជាក់ដែរថា «កាំភ្លើងនោះ ត្រូវពលរដ្ឋរើសបានកាលពីថ្ងៃទី៣១ ឧសភា ហើយបានរាយការណ៍ប្រាប់ខ្លួនឲ្យទៅយកដែរ (កោ ស៊ុនកាំង) តែនៅថ្ងៃទី០១ មិថុនា ខ្លួនជាប់ប្រជុំមិនបានទៅយកកាំភ្លើងនោះ ទើបនាំឲ្យមានបញ្ហាបែបនេះ»។ ប៉ុន្តែយាងណា លោកវ៉េ គឹមស៊ីម បានបញ្ជាក់ដែរថា ពេលនេះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវបន្ត តាមបទបញ្ជាលោកស្នងការនៅឡើយទេ។
ជុំវិញការលើកឡើងដែលថា លោកកោ ស៊ុនកាំង បានប្រគល់ដីឲ្យបរិស្ថានវិញ បើតាមលោកកត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១១ មិថុនា នេះថា លោកកោ ស៊ុនកាំង បានដកបង្គោលរបងចេញពីដីនោះអស់មែន តែមិនទាន់បានប្រគល់ដីមកឲ្យមន្ទីររបស់លោកជាផ្លូវការនៅឡើយទេ។ ហើយពេលនេះ លោកកំពុងរៀបចំសំណើសុំដីកាពីអាជ្ញាធរខេត្ត ដើម្បីដកហូតយកដីនោះក្នុងពេលឆាប់ៗខាងមុខនេះហើយ។

កាលពីថ្ងៃទី១៣ ឧសភា ២០២០ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើលិខិតជាផ្លូវការមួយច្បាប់គោរពជួនលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងកម្មវត្ថុ៖ ករណីឈ្មោះកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុមព័ទ្ធ និងសង់រោង ដើម្បីចាប់យកដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ«ភ្នំសំកុស» ។ ទីតាំងដីនោះនៅចំណុចភូមិសាស្ត្រ«ភ្នំអូរជុំ» ស្ថិតក្នុងភូមិវាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលមានផ្ទៃដីទំហំ១៣,៨០០ម៉ែត្រក្រឡា ។
ក្នុងលិខិតនោះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យអគ្គស្នងការ មានវិធានការវិន័យ ចំពោះបុគ្គលឈ្មោះកោ ស៊ុនកាំង តាមនីតិវិធីច្បាប់ជាធរមានទៀតផង។ អគ្គស្នងការនគរបាលជាតិ ក៏បានចារបញ្ជូនបន្តឲ្យលោកអ៊ុច សុខុន ស្នងការនគរបាលខេត្ត ចាត់វិធានការភ្លាមៗលើសំណុំរឿងលោកកោ ស៊ុន អធិការស្រុកសំឡូត ដែលសំបូរទៅដោយរឿងអាស្រូវរូបនេះ។

នៅថ្ងៃទី០១ មិថុនា មន្ត្រីការិយាល័យបុគ្គលិក បានចុះស៊ើបអង្កេតយ៉ាងស្ងាត់ស្ងៀមបំផុត ដល់ទីតាំងដីទំនាស់ ដោយអនុញាតឲ្យតែមន្ត្រីមូលដ្ឋានប៉ុន្មាននាក់ប៉ុណ្ណោះចូលរួម ។ ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេតស្ងាត់ៗនេះ ពេលមន្ត្រីបុគ្គលិកចុះទៅដល់ ស្រាប់តែគេឃើញបុរសម្នាក់បានរត់ចេញពីក្នុងរោងចាំដី ដោយបន្សល់ទុកកាំភ្លើងវែងធុនAK.47មួយដើមនៅទីនោះ។
លោកសៅ សាម៉ុន ស្នងការរងខេត្ត ទទូលផែនបុគ្គលិក បានប្រាប់កោះសន្តិភាពនៅពេលនោះថា សមត្ថកិច្ចពិតជាបានប្រទះឃើញកាំភ្លើងធុនAK.47មួយដើមនៅក្នុងរោងចាំដីនោះមែន បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានរត់ចោល។ លោកស្នងការរងរូបនេះបានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជននោះនៅឡើយទេ ហើយយើងកំពុងធ្វើការស្រាវជ្រាវតាមបញ្ជាលោកស្នងការ។

ប៉ុន្តែកោះ សន្តិភាព បានទទូលព័ត៌មាននេះ តាំងពីថ្ងៃដំបូងថា បុរសម្នាក់ដែលរត់ចោលកាំភ្លើងនៅក្នុងរោងនោះ គឺឈ្មោះ នុន សុចាន់ អាយុ៣៥ឆ្នាំ រស់នៅភូមិអួរស្ងួត ឃុំតាសាញ ស្រុកសំឡូត។ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនដឹងថា តើសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះហើយឬនៅនោះទេ ? ហើយគេក៏មិនទាន់ដឹងថា តើខ្មាន់កាំភ្លើងនោះ ពាក់ព័ន្ធនឹងលោកកោ ស៊ុនកាំង អធិការស្រុកសំឡូត ដែរឬយ៉ាងណាដែរ ? ប៉ុន្តែបើតាមការស្រង់សំដីដែល លោក កោ ស៊ុនកាំង បានបំភ្លឺនៅការិយាល័យបុគ្គលិក អធិការរូបនេះបានបញ្ជាក់ថា កាំភ្លើងនោះ ត្រូវពលរដ្ឋរើសបាន ហើយបានរាយការណ៍ប្រាប់លោកដែរ តែលោកមិនបានទៅយក ដោយសារជាប់ប្រជុំ។
ជុំវិញការប្រទះឃើញកាំភ្លើងAK មួយដើមខាងលើនេះ មានប្រភពខ្លះបាននិយាយដោយគ្មានភស្ដុតាងថា នៅក្នុងអធិការស្រុកសំឡូត បានបាត់កាំភ្លើងធុនAK ប្រភេទនេះមួយដើមយូរខែហើយ តែគ្មានមន្ត្រីណាហ៊ាននិយាយទេ។ លុះនៅពេលផ្ទុះរឿងនេះឡើង ត្រូវគេសង្ស័យថា កាំភ្លើងដែលរកឃើញនៅរោងលើដីទំនាស់នោះ អាចជាកាំភ្លើងដែលបាត់ពីក្នុងឃ្លាំងអធិការ។ ប៉ុន្តែតាមរយៈនៃការស្រាវជ្រាវប៉ុន្មានថ្ងៃកន្លងទៅនេះ លោកវ៉េ គឹមស៊ីម នាយការិយាល័យបុគ្គលិក បានបញ្ជាក់ដែរថា នៅអធិការនគរបាលស្រុកសំឡូត មិនមានបាត់កាំភ្លើងទេ មន្ត្រីជំនាញបានធ្វើការត្រូតពិនិត្យសព្វគ្រប់អស់ហើយ។

យ៉ាងណាក៏ដោយ គេនៅចាំបានថា អំពើប្លន់ប្រដាប់អាវុធមួយបានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៤ មីនា ២០១៩កន្លងទៅ នៅចំណុច «ចំការឥណ្ឌា» ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលជនរងគ្រោះឈ្មោះ សេង វ៉ាន់ អាយុ៣៧ឆ្នាំ ។ អំពើប្លន់នេះ ប្រព្រឹត្តដោយជនសង្ស័យម្នាក់ បានប្រើប្រាសកាំភ្លើងធុនAK.47 បាញ់ចំនួន០២គ្រាប់ទៅលើផ្ទះជនរងគ្រោះ តែកាលនោះ ប្លន់មិនបានសម្រេចទេ ដោយសារជនរងគ្រោះរត់រួច ហើយស្រែកផ្អើលពេញភូមិ។ សំណុំរឿងនេះ ហាក់ស្ងាត់បាត់ឈឹងដូចចោរលួចសេះរហូតមកដល់សព្វថ្ងៃនេះ សមត្ថកិច្ចស្រុកសំឡូត នៅតែគ្មានតម្រុយអំពីមុខសញ្ញាជន សង្ស័យម្នាក់នោះនៅឡើយ។

ដូច្នេះ ពាក់ព័ន្ធនឹងកាំភ្លើងAK ដែលចោរប្រើប្រាស់បាញ់ប្លន់ពលរដ្ឋ និងកាំភ្លើងAK.47 មួយដើម ដែលលោក កោ ស៊ុនកាំង អះអាងថា ជាកាំភ្លើងដែលពលរដ្ឋរើសបាននោះ អាចជាប់ពាក់ព័ន្ធនឹងគ្នាដែរឬយ៉ាង ណានោះទេ។ ប៉ុន្តែអ្វីដែលមហាជនកំពុងជ្រួញចញ្ចើមងឿងឆ្ងល់ ហើយចោទជាសំនួរនោះ ត្រង់ថា «ចុះបើពលរដ្ឋរើសបានកាំភ្លើងAKមួយដើមនោះ ដូចការអះអាងរបស់លោកកោ ស៊ុនកាំង មែន ហេតុអ្វីចាំបាច់រត់ចោលរោង.. ចោលទាំងកាំភ្លើងបែបនេះ ? ម្ដេចបុរសនោះមិននៅទទួលខុសត្រូវ ?»។
មហាជន នៅតែមានមន្ទិលសង្ស័យថា សំណុំរឿងកាំភ្លើងនេះ អាចមានភាពមិនប្រក្រតី។ ដូច្នេះ ថ្នាក់ដឹកនាំគួរតែធ្វើការស៊ើបអង្កេតលើករណីនេះឲ្យបានហ្មត់ចត់ ចៀសវាងកុំឲ្យមហាជនរិះគន់ថា ធ្វើការសន្និដ្ឋានបែបព្រាវៗ ដើម្បីជួយបិតបាំងកំហុសមន្ត្រីខិលខូច ៕
ចែករំលែកព័តមាននេះ