ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីការិយាល័យបុគ្គលិក នៃស្នងការខេត្តមួយក្រុម ដែលមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំផង បានចុះស៊ើបអង្កេតស្ងាត់ៗ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ដល់ទីតាំងដីរបស់រដ្ឋដែលគេសង្ស័យថា លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត កាប់រុករានទន្ទ្រានយកអស់ជាង១៣,០០០ម៉ែត្រក្រឡា នៅចំណុចភូមិវាលរលឹម ឃុំកំពុង់ល្ពៅ ដែលប្ដឹងចោទប្រកាន់ដោយក្រសួងបរិស្ថាន ប៉ុន្តែបែរជាឆែកឆេររកឃើញកាំភ្លើងAK ១ដើម លាក់នៅក្នុងខ្ទមចាំដីរបស់លោកអធិការរូបនេះទៅវិញ ?

មិនមានព័ត៌មានជាក់លាក់អំពីមេដឹកនាំ ចុះស្រាវជ្រាវលើសំណុំរឿង លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត រំលោភយកដីបរិស្ថាននោះទេ ព្រោះកិច្ចប្រតិបត្តិការនេះ ត្រូវបានគេរឹតត្បិតខ្លាំងបំផុត មិនអនុញ្ញាតឲ្យថតរូបសកម្មភាពផ្ដេសផ្ដាស់ និងមិនអនុញ្ញាតឲ្យទម្លាយព័ត៌មានចេញក្រៅទៀតផង។ នេះបើតាមអ្នកដែលបានដឹងព័ត៌មាននេះ រួចបានទម្លាយឲ្យកោះសន្តិភាព។ ប្រភពបានប្រាប់ថា មានតែអាជ្ញាធរភូមិ-ឃុំចំនួន២រូបប៉ុណ្ណោះ ដែលត្រូវគេអនុញ្ញាតឲ្យចូលរួមចុះទៅកាន់ទីតាំងកើតហេតុ។ ប៉ុន្តែគេគ្រាន់តែដឹងថា មន្ត្រីមួយក្រុមដែលចុះស៊ើបអង្កេតលើសំណុំរឿងដ៏អាស្រូវរបស់លោកកោ ស៊ុនកាំង នេះគឺជាមន្ត្រីការិយាល័យបុគ្គលិក នៃស្នងការខេត្ត។

កោះសន្តិភាព មិនអាចសុំការបញ្ជាក់ពីមន្ត្រីមូលដ្ឋានបានឡើយពាក់ព័ន្ធនឹងករណីនេះ ព្រោះមិនអាចទំនាក់ទំនងបាន ប៉ុន្តែប្រភពច្បាស់ការមួយបានបង្ហើបឲ្យដឹងថា មន្ត្រីបុគ្គលិកបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដីរបស់រដ្ឋ ដែលលោកកោ ស៊ុនកាំង បានកាប់រុករានទន្ទ្រានយកទាំងបំពាន នៅចំណុចភូមិវាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ប្រភពបានប្រាប់ថា កម្លាំងបានចុះទៅដល់ទីតាំងដី ដែលមានហ៊ុំរបងព័ទ្ធ និង មានសង់រោងចាំដីនៅខាងក្នុង។ នៅទីនោះគេបានប្រទះឃើញបុរសម្នាក់ ដែលទំនងជាអ្នកចាំដីឲ្យលោកកោ ស៊ុនកាំង ប៉ុន្តែបុរសនោះមិនបាននៅជួបជាមួយសមត្ថកិច្ច ដើម្បីនិយាយគ្នាទេ ស្រាប់តែដាក់មេប្រូចរត់ចោលខ្ទមលឿនដូចអាម៉ិច។ នៅក្នុងខ្ទមនោះ គេបានឆែកឆេររកឃើញកាំភ្លើងធុន AK.47 ចំនួន១ដើម និង សម្ភារៈប្រើប្រាសថ្នាំញៀនមួយចំនួនផង។

ប្រភពបានខ្សឹបប្រាប់ថា បុរសដែលនៅក្នុងខ្ទមនោះ គេសង្ស័យជាអ្នកចាំការពារដីឲ្យលោកកោ ស៊ុនកាំង ហើយកាំភ្លើងនោះក៏ជាកាំភ្លើងរបស់បុរសនោះដែរ តែគេមិនទាន់ដឹងថា តើជននោះបានកាំភ្លើងស្វ័យប្រវត្តិ១ដើមនេះពីណាមកទេ? ប៉ុន្តែគេបានស្គាល់សាវតាអ្នកចាំខ្ទម ដែលមានកាំភ្លើង AK នោះហើយ។

ជុំវិញករណីមន្ត្រីការិយាល័យបុគ្គលិក ចុះស៊ើបអង្កេតស្ងាត់ៗដល់ទីតាំងដីលោកអធិការស្រុកសំឡូត ខាងលើនេះ លោកសៅ សាម៉ុន ស្នងការរងទទូលផែនបុគ្គលិក បានថ្លែងប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី០២ ខែមិថុនានេះថា មន្ត្រីបុគ្គលិក ពិតជាបានចុះទៅស្រាវជ្រាវដល់ទីតាំងដីទំនាស់របស់លោកកោ ស៊ុនកាំង អធិការស្រុកសំឡូតមែន ហើយក៏បានរកឃើញកាំភ្លើង AK 47 មួយដើមពិតប្រាកដដែរ។

ប៉ុន្តែលោកស្នងការរងរូបនេះ បានបដិសេធថា មិនទាន់ស្គាល់សាវតាអ្នកចាំខ្ទមដែលមានកាំភ្លើងនោះទេ បើទោះជាប្រភពព័ត៌មានដែលកោះសន្តិភាពទទួលបាន បានអះអាងថា គេបានស្គាល់ឈ្មោះខ្មាន់កាំភ្លើងចាំខ្ទមលើដីលោកកោ ស៊ុនកាំងនោះក្ដី។ លោកសៅ សាម៉ុន បានអះអាងដែរថា ពេលនេះយើងកំពុងធ្វើការស្រាវជ្រាវរកសាវតាជនម្នាក់ដែលនៅក្នុងខ្ទមចាំដីនោះ ហើយក៏កំពុងស្រាវជ្រាវផងដែរថា តើជននោះបានកាំភ្លើងពីណាមក យកទៅប្រើប្រាស់?

សូមបញ្ជាក់ថា លោកកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ត្រូវបានលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចោទប្រកាន់ថា «បានរុករាន ឆ្ការដីព្រៃធ្វើរបងហ៊ុំព័ទ្ធ និងសង់រោងដើម្បីចាប់យកដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស» មានផ្ទៃដីទំហ៊ុំ ១៣,៨០០ម៉ែត្រក្រឡា នៅក្នុងភូមិសាស្ត្រ« ភ្នំអូរជុំ» ស្ថិតក្នុងភូមិវាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ លោករដ្ឋមន្ត្រីបានហៅសកម្មភាពដ៏គគ្លើនរបស់ លោក កោ ស៊ុនកាំងថា «ជាទង្វើផ្ទុយនឹងមាត្រា៦២ ចំណុច១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និង មាត្រា ៤៣ នៃច្បាប់ភូមិបាល»។

លោករដ្ឋមន្ត្រី បានចាត់ទុកទង្វើខុសច្បាប់របស់មន្ត្រីរាជការរូបនេះថា មិនត្រិមតែបានបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យបាត់បង់កិត្តិយសមន្ត្រីរាជការ និងជាគំរូមិនល្អ ដល់ពលរដ្ឋតាមមូលដ្ឋាន ដែលកំពុងឃ្លាំមើល និងចាំតែអនុវត្តតាមទៀតផង។ ជាមួយនឹងការចោទប្រកាន់នេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើលិខិតមួយច្បាប់ ចុះថ្ងៃទី១៣ ឧសភា ២០២០ គោរពជូនលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីស្នើឲ្យចាត់វិធានការវិន័យចំពោះបុគ្គល ឈ្មោះ កោ ស៊ុនកាំង នេះតាមនីតិវិធីច្បាប់ជាធរមាន ក្នុងន័យដែលលោកយល់ឃើញថា «ដើម្បីរក្សាការពារភាពថ្លៃថ្នូររបស់មន្ត្រីរាជការ»។

យ៉ាងណាក៏ដោយ លោកសៅ សាម៉ុន ស្នងការរងខេត្ត បានអះអាងហើយថា ពេលនេះយើងបានយកកាំភ្លើងនោះមកបង្ហាញជូនលោកស្នងការខេត្ត ដើម្បីពិនិត្យ ហើយមន្ត្រីជំនាញក៏កំពុងរង់ចាំចំណាត់ការបន្តពីលោកស្នងការខេត្តដែរ ដើម្បីចាត់ការលើសំណុំរឿងលោកអធិការស្រុកសំឡូតនេះ។
គួររំលឹកថា ក្រសួងបរិស្ថានប្ដឹងអគ្គស្នងការចាត់ការតាមច្បាប់លើលោកអធិការស្រុកសំឡូត ៕
ចែករំលែកព័តមាននេះ