ក្រសួងបរិស្ថាន​ប្ដឹង​​អគ្គស្នងការ​ចាត់​ការ​តាម​​ច្បាប់​លើ​​​លោកអធិការ​ស្រុក​សំឡូត​


ខេត្តបាត់ដំបង​ ៖ ក្រសួងបរិស្ថានបាន​ដាក់​បណ្ដឹង​ជា​ផ្លូវការជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កម្មវត្ថុ សូម​ឲ្យ​ចាត់ការ​វិធានការ​តាម​នីតិវិធី​ច្បាប់ចំពោះ​ឈ្មោះកោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត ដែល​បាន​កាប់​រុករាន​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃរបស់​រដ្ឋ​នៅ​តំបន់ការពារធម្មជាតិនៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោកស្នងការ​ខេត្តនៅ​មិន​ទាន់​ចាត់វិធានការ​បែប​ណា​នៅឡើយ​ទេ តែ​បាន​ហៅ​បុគ្គល​រូប​នេះ ​មក​សួរនាំ​ម្ដង​ហើយ ​។ នេះ​បើ​តាម​លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ខេត្ត ដែល​បាន​ប្រាប់​កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា​ ។

លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ខេត្ត​ទ​ទួល​ផែន​បុគ្គលិកបាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​២៧ ឧសភា លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កោះ​អញ្ជើញ លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​អំពី​សំណុំរឿង​រុករាន​ដី​ព្រៃរបស់​រដ្ឋ​នោះ​ហើយ ដែល​ក្រសួងបរិស្ថាន​បាន​ប្ដឹង​ទៅ​អគ្គស្នងការ​នគរ​បាល​ជាតិ សុំ​ឲ្យ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ទៅ​លើ​លោក កោ ស៊ុន​កាំ​ង ​។ លោក សៅ សា​ម៉ុ​ន បាន​បញ្ជាក់​ថា ក្រសួងបរិស្ថានបាន​ដាក់​លិខិត​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​បាន​ចោទ​លោក​កោ ស៊ុន​
កាំ​ង ថា បាន​កាប់​រុករាន​ព្រៃ និង​ធ្វើ​របង​ហ៊ុ​ម​ព័ន្ធ​យក​ដី នៅ​តំបន់ការពារធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុសក្នុងស្រុក​សំឡូត​។

យោង​លិខិត​ជា​ផ្លូវការ​របស់​ក្រសួងបរិស្ថាន លេខ​៦០៩ ចុះ​ថ្ងៃ​ទី​១៣ ឧសភា ២០២០ ដែល​មាន​បោះត្រា និងហត្ថលេខា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គោរព​ជូន​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​កោះសន្តិភាព​ទ​ទួលបាន នៅ​ថ្ងៃ​ទី​២៨ ឧសភា នេះ មាន​ខ្លិ​ម​សារ​នៅ​ក្នុង​កម្មវត្ថុ​យ៉ាង​ដូច្នេះ​ថា «ករណីឈ្មោះ​កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត បាន​រុករាន​ឆ្ការ​ដី​ព្រៃ ធ្វើ​របង​ហ៊ុម​ព័ទ្ធ​និងសង់រោង ​ដើម្បី​ចាប់​យក​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​
កុស​»​។

នៅ​ក្នុង​លិខិត​នោះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជម្រាប​ជូន លោក​នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ​ថា ឈ្មោះ កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត បាន​រុករាន​ឆ្ការ​ដី​ព្រៃ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​និង​សង់រោង ​ដើម្បី​ចាប់​យក​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​«​ភ្នំ​សំ​កុស​» លើ​ផ្ទៃដី​ទំហំ​១៣,៨០០​ម៉ែត្រក្រឡា នៅ​ក្នុងភូមិ​សាស្ត្រ​«​ភ្នំ​អូរ​ជុំ​» ស្ថិត​ក្នុងភូមិ​វាល​រលឹម ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។ លោក​សាយ សំ​អាល់ បាន​ចោទ​ថា សកម្មភាព​នេះ ជា​ទ​ង្វើ​ផ្ទុយ​នឹង​មាត្រា​៦២ ចំណុច​១ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ និង​មាត្រា​៤៣នៃ​ច្បាប់​ភូមិបាល​។

ចំពោះ​ទ​ង្វើ​ខុសច្បាប់​របស់​មន្ត្រីរាជការ​រូប​នេះ មិន​ត្រិ​ម​តែ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដែល​ជា​សម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​របស់​មន្ត្រីរាជការ និង​ជា​គំរូ​មិនល្អ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​កំពុង​ឃ្លាំមើល និងចាំតែ​អនុវត្ត​តាម​ទៀត​ផង​។ លោក​រដ្ឋមន្ត្រី បាន​ធ្វើកា​រវិ​និ​ឆ្ឆ័​យ​ថា «​ដើម្បី​រក្សា​ការ​ពារ​ភាព​ថ្លៃថ្នូរ​របស់​មន្ត្រីរាជការ ក្រសួងបរិស្ថាន​យល់​ឃើញ​ថា គួរ​មាន​វិធានការ​វិន័យ​ចំពោះ​បុគ្គល​ឈ្មោះ កោ ស៊ុន​កាំ​ង តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ខាងលើ​នេះ បើ​តាម លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​រៀបរាប់​ថា សកម្មភាព​រុករាន​រំលោភ​យក​ដី​រដ្ឋ​របស់​លោក​កោ ស៊ុន​កាំ​ង បាន​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​មន្ត្រី​របស់​លោក​ក៏​បាន​ចុះ​ទៅ​ហាមឃាត់​ច្រើន​លើក​ហើយ​ដែរ តែ​លោក​កោ ស៊ុន​កាំ​ង មិន​ព្រម​ដកថយ​ទេ​។ មិន​ត្រិ​ម​តែ​ប៉ុណ្ណោះ បុគ្គល​រូប​នេះ​ថែម​ទាំង​កេណ្ឌ​សាច់ញាតិ ទៅ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ និងសាងសង់​រោង​នៅ​លើ​ដី​នោះ​ទៀត ក្នុង​គោលបំណង​វាទ​យក​ដី​តំបន់ហាមឃាត់​នោះ​កាន់តែ​ខ្លាំង​។

លោក​កត បូរាណ បាន​បញ្ជាក់​ថា សកម្មភាព​លោក​កោ ស៊ុន​កាំ​ង ចាប់ផ្ដើម​កំរើក​កាន់តែ​ខ្លាំង នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន ចាប់ផ្ដើម​ឈូស​ឆាយ​ស្ថាបនា​ផ្លូវជាតិ ចេញពី​ស្រុក​សំឡូត ឆ្ពោះទៅ​ខេត្តពោធិ៍សាត់ ព្រោះ​ដី​តំបន់​នោះ​ឡើងថ្លៃ​។ ប៉ុន្តែ​យ៉ាងណា លោក​ប្រធាន​មន្ទីរ​បរិស្ថាន​រូប​នេះ បាន​បញ្ជាក់​ថា លោក​មិន​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ទេ ព្រោះ​នេះ​ជា​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន ដែល​ប្ដឹង​ឈ្មោះ​កោ ស៊ុន​កាំ​ង នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ សុំ​ឲ្យ​ចាត់វិធានការ​តាម​ច្បាប់​។ ប៉ុន្តែ​លោក​បាន​ចម្លង​ជូន​ទៅ​អង្គភាព និង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​រួច​ហើយ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​លើក​ទី​១ទេ​ ដែល​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​រូប​នេះ បាន​ប្រព្រឹត្ត​កំហុស​ក្នុង​នាមខ្លួន​ជា​មន្ត្រីរាជការ​សាធារណៈ ហើយ​លោកស្នងការ​ខេត្ត ក៏​ធ្លាប់​បាន​បញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ កោះហៅ​បុគ្គល​នេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​កំហុស និងធ្វើ​កិច្ចសន្យា​យ៉ាងតិច​ចំនួន​០២​លើក​មក​ហើយ​ដែរ​។ ប៉ុន្តែ​បុគ្គល​រូប​នេះ​មិន​ស្ដាប់​ការ​ណែនាំ ឬ បទបញ្ជា​របស់​មេ​កើយ និង មិន​គោរព​កិច្ចសន្យា​កែប្រែ​ខ្លួន​ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក​អធិការ​ដ៏​មហិមា​នេះ បាន​ធ្វើ​គ្រប់​សកម្មភាព​ផ្គើន​ថ្នាក់ដឹកនាំ ផ្គើន​នឹង​ច្បាប់​កាន់តែ​ខ្លាំង រហូត​ត្រូវ​បាន​ក្រសួងបរិស្ថាន​ប្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​មន្ត្រី​រំលោភ​អំណាច​រូប​នេះ​។

មន្ត្រី​មួយ​ចំនួន​បាន​ហៅ​ទ​ង្វើ និងសកម្មភាព​លោក​ស័ក្ដិ​៥ កោ ស៊ុន​កាំ​ង ថា ជា​បុគ្គល​មួយ​រូប​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ធ្វើ​ជា​មន្ត្រី​ក្នុង​ការ​ដឹកនាំ​ ។ ហើយ​ថែម​ទាំង​បាន​លើក​ឡើង​ចំ​ៗ​ថា នេះ​ក៏​ដោយសារ​តែ​ថ្នាក់ដឹកនាំ ដែល​ចេះ​តែ​អោបក្រសោប​មន្ត្រី​ខិលខូច មិន​ព្រម​កាត់​សាច់​ស្អុយ​ចោល ទើប​ធ្វើ​ឲ្យ​មន្ត្រី​ខិលខូច​ដូច​លោក​កោ ស៊ុន​កាំ​ង នេះ​ហ៊ាន​ប្រព្រឹត្ត​កំហុស​បំពាន​ច្បាប់​កាន់តែ​ជ្រៅ​ទៅ​ៗ ម្ដង​ហើយ​ម្ដងទៀត ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ថ្នាក់ដឹកនាំ ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ដល់​មន្ត្រី​នានា​នៅ​ក្នុង​អង្គភាព​បែប​នេះ​។ ហើយ​មក​ដល់​ពេល​នេះ បើ​ថ្នាក់ដឹកនាំ​នៅ​តែ​បន្ត​អោម​ក្រសោប ថ្នាក់ថ្នម​មន្ត្រី​ខិលខូច​បែប​នេះ មិន​ហ៊ាន​ចាប់​ដុះក្អែល​ចេញ​ទេ ថ្ងៃក្រោយ​អាច​នឹង​មាន​មន្ត្រី​ខិលខូច​បែប​នេះ រីក​លូតលាស់​ដូច​ផ្កា លំអរ​ពេញ​ស្នងការ​ខេត្ត​តែ​ម្ដង​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក កោ ស៊ុន​កាំ​ង ដែល​រង​ការ​ចោទប្រកាន់​ពី​ក្រសួង​បរិ​ស្ថាន​ខាងលើ​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា នេះ ​។ ប៉ុន្តែ​យ៉ាងណា លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ហើយ​ថា លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កោះហៅ លោក​កោ ស៊ុន​កាំ​ង ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​ជំនាញរួច​ម្ដង​ហើយ កាលពី​ថ្ងៃ​ទី​២៧ ឧសភា​។ ប៉ុន្តែ​ចំណាត់ការ​បន្ត​យ៉ាង​ណា​នោះ លោក​កំពុង​រង់​ចាំ​បទបញ្ជា​លោកស្នងការ​ខេត្ត​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ