ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ​៖ ​​សង្គ្រាម​ឈ្លានពាន​ថៃ​ ​បាន​រុករក​ឃើ​ញ ​និង​កម្ទេច​ចោល​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ជាង៨,៤០០​គ្រាប់ ​មាន​គ្រាប់បែក​ចង្កោម៤,៤៣៦​គ្រាប់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​ស៊ី​ម៉ាក់ ​បានឱ្យ​ដឹង​ថា ​រយៈពេល​៦​ខែ​ ដោយសារ​សង្គ្រាម​ឈ្លានពាន​ថៃ​ មក​ដែន​អធិបតេយ្យ​កម្ពុជា ស៊ី​ម៉ាក់ ​បាន​រុករក​ឃើ​ញ ​និង​កម្ទេច​ចោល​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ​ចំនួន​ជាង​៨,៤០០​គ្រាប់ ដែល​ក្នុង​ចំនួន​នេះ ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​ ៤,៤៣៦​គ្រាប់ ​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករបស់​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​ បានឱ្យ​ដឹង​ថា ​ការ​ដោះស្រាយ​វិបត្តិ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​សៀម​ឈ្លានពាន​ក្នុង​រយៈពេល​៦ ខែ​ (​មក​រា​-​មិថុនា ឆ្នាំ​២០២៦)​នេះ ​អង្គភាព ​CMAC បាន​សម្រេច​លទ្ធផល​គួរ​ឱ្យ​កត់សំគាល់​ដូច​ជា ការងារ​ផ្សព្វផ្សាយ​អប់រំ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​តាម​ក្រុម​គោលដៅ​បាន​ចំនួន ១៤,៤៧៧​លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប ​ចំនួន​១,៣៧៤,៨៨៧​នាក់ ​។

ចំពោះការងារ​ស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សៀម​ឈ្លានពាន​ ៖ ​អង្គភាព ​CMAC បាន​ដំណើរការ​ស្រាវជ្រាវ​ព័ត៌មាន​តំបន់​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​សៀម​ឈ្លានពាន​នៅ​តាម​បណ្តា​ខេត្ត​ទាំង​៧ រួម​មាន ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និង​កោះកុង ក្នុង​២២​ស្រុក ស្មើ​នឹង​៦០​ឃុំ​/​សង្កាត់ ស្មើ​នឹង​៣៣៥​ភូមិ ដោយ​កំណត់​ត្រា​លទ្ធផល​គឺ​ទីតាំង​ទម្លាក់​គ្រាប់បែក​ចំនួន ២៦៥ ពហុកោណ ស្មើនឹង​ផ្ទៃដី​រង​ផល​ប៉ះពាល់​ចំនួន ៤.៨២៩​ហិ​កតា​។ ទីតាំង​គ្រាប់បែក​ចង្កោម​ចំនួន​៣.៨៥៨ ពហុកោណ ស្មើនឹង​ផ្ទៃដី​រង​ផល​ប៉ះពាល់​ចំនួន ២៦២.៥០៦​ហិ​កតា តាម​ការ​ប៉ាន់ស្មាន​អាច​ទាហាន​សៀម​បាញ់​គ្រាប់បែក​ចង្កោម​ប្រភេទ​គ្រាប់​១៥៥​ម​ម ​ចំនួន​ប្រមាណ​១២០.០០០ ទៅ​១៣០.០០០​គ្រាប់ និង​មានកូន​គ្រាប់បែក​ចង្កោម​ប្រភេទ​ M42, M46 និង​M85 ប្រមាណ​៦​លាន​ទៅ​៧​លាន​គ្រាប់ ហើ​យ​អាច​មាន​កម្រិត​មិន​ផ្ទុះ (failure rate)​ប្រមាណ ២៥%​ទៅ​៣០% ។ ទីតាំង​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​ផ្សេង​ៗ​ទៀត ​មាន​ចំនួន​១.៤០១ ពហុកោណ មាន​ផ្ទៃដី​រង​ផល​ប៉ះពាល់​ចំនួន​១១៩.៨៧០​ហិ​កតា ។

សរុប​រួម ​៖ មាន​ចំនួន​៥.៣៤៨ ទីតាំង​(​ពហុកោណ​) ​ស្មើ​នឹង​៣៨៧.២០៦​ហិ​កតា (​ឬ​៣.៨៧២​គីឡូម៉ែត្រ​ការេ​) ជាមួយ​កំណត់​រក​ឃើ​ញ​ភស្តុ​តាង​ជាក់ស្តែង​ជាង​១៨.៥០០ ភស្តុ​តាង ​។

ស៊ី​ម៉ាក់​ថា​ ភូមិសាស្ត្រ​មិន​ទាន់​អាច​ស្រាវជ្រាវ​ព័ត៌មាន​វាយតម្លៃ​តំបន់​ផ្ទៃដី​រង​ផល​ប៉ះពាល់​បាន​មាន​ចំនួន​១៤​ភូមិ​ និង​តំបន់​សមរភូមិ​ជួរ​មុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​ទាំងស្រុង​។ ការ​បោ​សម្អាត​រំដោះ​ផ្ទៃដី​អាទិភាព​សម្រាប់​គាំទ្រ​ជនភៀសសឹក​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​បាន​ចំនួន​៥.៩១១​ខ្នង​ផ្ទះ ស្មើនឹង​ផ្ទៃដី​ប្រមាណ​ជិត​១.៤៥៥​ហិ​កតា តំបន់​ផ្ទៃដី​សាលារៀន​ចំនួន​៨៧​ខ្នង មណ្ឌល​សុខភាព​ស្មើនឹង​ផ្ទៃដី​១៥៤​ហិ​កតា តំបន់​មណ្ឌល​សុខភាព​ចំនួន​២០​ទីតាំង វត្ត​អារាម​មាន​ចំនួន​៦​វត្ត និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ចំនួន​១១៤​ទីតាំង ​។

ជាមួយ​គ្នា​នោះ​ មន្ត្រី​ជំនាញ​ស៊ី​ម៉ាក បាន​រុករក​ឃើ​ញ ​និង​កម្ទេច​ចោល​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ចំនួន​ជាង​៨.៤០០​គ្រាប់ ដែល​ក្នុង​ចំនួន​នេះ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​៤.៤៣៦​គ្រាប់​ ៕