ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បូ​រី​ បញ្ជូន​នាយទាហាន​ប្តូ​ន​វេន​ ២​រូប ​ចូលរួម​សង្កេតការណ៍ និង​ផ្ទៀង​ផ្ទាត់​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សិង្ហ​បូ​រី ​បាន​បញ្ជូន​នាយទាហាន​ប្តូ​ន​វេន​ ចំនួន​ពីរ​រូប មកចូលរួម​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៥:៤០​នាទី ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​សាធារណរដ្ឋ​សិង្ហ​បូ​រី ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​ប្តូ​ន​វេន ​ចំនួន​ពីរ​រូប ​គឺវរសេនីយ៍ត្រី Lim Jun Da និងព្រិ​ន្ទ​បាល​ឯក Tan Jun Wei ដើម្បី​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ប្រទេស​ហ្វី​លី​ពី​ន ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ក្នុង​ការ​ចុះ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ​។

កម្ពុជា ​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ពង្រឹង​តួនាទី​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ ដើម្បី​លើកកម្ពស់​តម្លាភាព ការ​ជឿ​ទុកចិត្ត​គ្នា និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ព្រម​ជាមួយ​គ្នា​នេះ កម្ពុជា​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍ ឬ​ចូលរួម​ជួយ​លើ​កិច្ចការ​សន្តិភាព​ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​ នូវ​សេចក្តី​ប្រកាស​រួម ​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​ និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង​ ៕