មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ ដកហូតឈើខុសច្បាប់ចំនួន ៥០សន្លឹក នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»
- ព្រះវិហារ
ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានចុះប្រតិបត្តិការដកហូតឈើលេខ២ (ប្រភេទក្តារឈើទាល) ចំនួន ៥០សន្លឹក ដែលស្មើនឹង ១ម៉ែត្រគូប កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រតិបត្តិការនេះបានកើតឡើងនៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ។ មុនពេលមន្ត្រីជំនាញទៅដល់ ក្រុមប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្ទាក់ឃាត់ រថយន្តដឹកឈើមួយគ្រឿងដែលរៀបចំផែនការដឹកជញ្ជូនចេញទាំងយប់ រួចបានឡាយវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គម។ ទោះជាយ៉ាងណា រថយន្ត និងជនសង្ស័យ ត្រូវបានក្រុមប្រជាពលរដ្ឋដោះលែងឱ្យទៅវិញ មុនពេលកម្លាំងឧទ្យានុរក្សមកដល់ទីតាំងកើតហេតុ។
បច្ចុប្បន្ន វត្ថុតាងឈើទំហំ ០,០២ម៉ែត្រ x ០,២៥ម៉ែត្រ x ៤ម៉ែត្រ ចំនួន ៥០សន្លឹក ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅស្នាក់ការឧទ្យានុរក្សស្រែវាល ។ ទោះបីជាជនសង្ស័យគេចខ្លួនរួចក៏ដោយ មន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នអយ្យការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់សាធារណជន ឱ្យបន្តចូលរួមរាយការណ៍រាល់បទល្មើសធនធានធម្មជាតិជូនមន្ត្រីជំនាញ ដើម្បីរួមគ្នាក្រសោបការពារ និងអភិរក្សសម្បត្តិធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕




ចែករំលែកព័តមាននេះ