ក្មេងៗប្រទេះឃើញកាបូប១ក្រោមដើមពោធិ៍ក្នុងវត្ត ក៏រើសយកមករូតបើកមើល ឃើញកាំភ្លើង១ដើម
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្មេងៗ១ក្រុមបាននាំគ្នាដើរលេងនៅក្នុងវត្ត ហើយក៏បានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅ១ស្ថិតនៅក្រោមដើមពោធិ៍១ដើមក្បែរស្រះទឹក ក៏បាននាំគ្នារើសយកមករូតបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើម ។ ក្រៅពីនេះក៏ឃើញមាន បង់កាំភ្លើងនោះចំនួន២ដែលមានគ្រាប់ពេញសរុបទាំង២បង់ចំនួន១៦គ្រាប់ និងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ ដោយពុំដឹងថា មានជនសង្ស័យលួចពីមន្ត្រីយោធាណាម្នាក់រួចយកតែប្រាក់និងរបស់មានតម្លៃអាចចាយវាយបាន ហើយកាំងភ្លើងនោះទៅប្លុងចោលនៅទីនោះ ឬក៏ជាករណីអ្វីផ្សេងទៀតឡើយ ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍ ក្បែរស្រះទឹកក្នុងវត្តទួលសុភាឃួន ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោងខាងលើមានក្មេងៗ១ក្រុមបាននាំគ្នាទៅដើរលេងនៅក្នុងវត្តទួលសុភាឃួន លុះពេលដើរទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញកាបូបស្ពាយពណ៍ខ្មៅ១ស្ថិតនៅក្រោមដើមពោធិ៍ក្បែរស្រះទឹកក្នុងវត្ត ។ ខណៈនោះក្មេងៗខាងលើក៏បាននាំគ្នារើសយកមករូតបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើមខាងលើ ក៏បានប្រាប់ឲ្យចាស់ៗនិងព្រះសង្ឃក្នុងវត្តបានដឹង រួចរាយការណ៍ប្រាប់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣បាន ។
សមត្ថកិច្ចបានប្រាប់បន្តថា បន្ទាប់ពីទទួលបានដំណឹងនោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ខាងលើក៏បានចុះទៅកាន់កន្លែងកើតហេតុចុះទៅពិនិត្យមើលជាក់ស្ដែងភ្លាមៗតែម្ដង ពេលទៅដល់បានឃើញឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើម ។ បង់កាំភ្លើងនោះចំនួន២ ព្រមទាំងគ្រាប់ចំនួន១៦គ្រាប់ និងប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ ដោយឡែកប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 លេខ825574 ។
នគរបាលបានបញ្ជាក់ប្រាប់បន្ថែមថា ប័ណ្ណសម្គាលអាវុធខ្លីនេះបានហួសសុពលភាពប្រើប្រាស់៧ខែហើយ ដោយថ្ងៃចេញប័ណ្ណ០២.០១.២០២៥ និងថ្ងៃផុតកំណត់០២.០១.២០២៦ ហើយពុំដឹងថាអ្នកកាន់កាប់អាវុធខ្លីនេះជានរណាទេ ព្រោះមិនបានឃើញលិខិតបញ្ជាបេសកកម្មឡើយ ។ ក្រោយពីបានធ្វើការពិនិត្យរួចរាល់ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានយកអាវុធខ្លីនោះរួមទាំងបង់និងគ្រាប់ ប័ណ្ណសម្គាល់អាវុធខ្លី រួមទាំងកាបូបស្ពាយទៅរក្សាទុកធ្វើការស្រាវជ្រាវរកម្ចាស់ និងមូលហេតុដែលប្លុងចោលនោះហើយ ៕























ចែករំលែកព័តមាននេះ