ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​បេសក​កម្ម​ចុះ​សង្កេតការណ៍ ផ្ទៀត​ផ្ទាត់ និង​រាយ​ការណ៍​អំពី​ស្ថានភាព​ពិត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀត​ផ្ទាត់ និង​រាយការណ៍​​អំពី​ស្ថានភាព​ពិត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា (ASEAN Observer Team – Cam​bodia: AOT-KH) ដឹកនាំ​ដោយ​ឧត្តមនាវីត្រី GLENN Z DIZON ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) និង​ជា​មន្ត្រី​យោធា​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខេត្តសៀមរាប ។

ក្នុង​ឱកាស​នេះ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ក្រោម​អាណត្តិ​ដឹក​នាំ​ដោយ​ប្រទេស​ហ្វី​លី​ពី​ន ដែល​បាន​អញ្ជើញ​មក​កាន់​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៤ នា​ពេល​នេះ ហើយ​ឯកឧត្តម​មេបញ្ជាការ បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​កន្លង​មករ​ហូត​ដល់​បច្ចុប្បន្ន ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ទំនុកចិត្ត​ក្នុង​តំបន់ ក្រោម​យន្តការ​អាស៊ាន​ ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​មេបញ្ជាការ ក៏​បាន​ជម្រាប​ជូន ប្រតិភូ​ក្រុម​អ្នក​ស​ង្កេត​ការណ៍​អាស៊ាន អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប ឧត្តមនាវីត្រីយ៍ GLENN Z DIZON ប្រធាន​បេសកកម្ម​ក្រុម​អ្នក សង្កេតការណ៍​អាស៊ាន (HOM AOT) នៃ​ប្រទេស​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​យោធភូមិ​ភាគ​ទី​៤ ដែល​តែងតែ​សម្របសម្រួល និង​ផ្តល់​ភាព​ងាយស្រួល​គ្រប់​បេសកកម្ម​ទាំង​អស់ ក្នុង​ការ​ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន និង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ចុះ​សង្កេតការណ៍​ផ្ទៀត​ផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ពិត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ពង្រឹង​តួនាទី​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ដើម្បី​លើកកម្ពស់​តម្លាភាព ការ​ជឿ​ទុកចិត្ត​គ្នា និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ព្រម​ជាមួយ​គ្នា​នេះ កម្ពុជា​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ឬ​ចូលរួម​ជួយ​លើ​កិច្ចការ​សន្តិភាព​ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង​៕