ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនផ្អាកការហោះហើរ និងជម្លៀសប្រជាជនជាង៣៤០,​០០០នាក់ ក្រោយព្យុះទីហ្វុង NOUL វា.យប្រហារ

7 ម៉ោង មុន

ប្រទេស​ចិន ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​NOUL​នា​ថ្ងៃ​ទី​២៦ ​កក្កដា បាន​វាយប្រហារ​ភាគ​ខាងត្បូង​ចិន​ ជាមួយ​ខ្យល់​បោកបក់​ខ្លាំង ​និង​ភ្លៀង​ខ្លាំង នាំ​ឲ្យ​មាន​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​។ នោះ​ជា​ព្យុះ​ដ៏​សាហាវ​បំផុត​វាយប្រហារ​ចិន​នា​ឆ្នាំ​នេះ​ ។

មុន​ពេល​ព្យុះ​នេះ ​បោកបក់​មក​ដល់​ដែនដី​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦​ កក្កដា អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ចេញ​ជាង​៣៤០.០០០​នាក់​ហើយ​ផ្អាក​ការងារ​ព្រមទាំង​សេវាកម្ម​ផ្លូវដែក​ ។ ព្យុះ​នោះ​ក៏​បណ្ដាល​ឲ្យ​ស្ទះ​ដល់​បណ្ដា​ជើងហោះហើរ​នៃ​យន្តហោះ​ ។ វា​បាន​វាយប្រហារ​ដល់​ដែនដី​នា​វេលា​ម៉ោង​៣ ​និង​៥០​នាទី​រំលង​អ​ធ្រា​ត ជិត​ទីក្រុង​ពី​ញ​ហៃ​ខេត្ត​ក្វា​ង​ទុង ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ហុងកុង​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​ចិន​CCTV​ ។

ទូរទស្សន៍​នោះ​បញ្ជាក់​ថា ពេល​បោកបក់​មក​ដល់​ឆ្នេរសមុទ្រ​ចិន ព្យុះ​នោះ​មាន​ល្បឿន​ដល់​១៦២​គីឡូម៉ែត្រ​ក្នុង​១​មួយ​ម៉ោង ។ បែប​នេះ​នាំ​ឲ្យ​NOUL​ក្លាយជា​ព្យុះ​ទី​ហ្វុ​ង​ដែល​ខ្លាំង​បំផុត​វាយប្រហារ​លើ​ចិន រហូត​មក​ទល់​ពេល​នេះ​ក្នុង​ឆ្នាំ​២០២៦​ ។ មុន​ពេល​បោកបក់​ដល់​ពីលើ​សមុទ្រ​ចិន​ខាងត្បូង ព្យុះ​នេះ​ដែល​បង្កើន​កម្លាំង បាន​បំផ្លាញ​ធ្ងន់ធ្ងរ​រួច​ហើយ​នៅ​តាម​បណ្ដា​កោះ​ចុង​ខាងជើង​ហ្វ៊ី​លី​ពី​ន​ ។

ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ហ្វ៊ី​លី​ពី​ន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៦​ កក្កដា​ ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់ ​និង​ម្នាក់​ទៀត​បាត់​ខ្លួន​ដោយសារ​ព្យុះ​នេះ​ ។ នៅ​ប្រទេស​នោះ​ មនុស្ស​ជាង​៩៣០០​នាក់​​ត្រូវ​បាន​ជម្លៀស​ចេញ ​និង​ផ្ទះ​២៣៥​ខ្នង រង​ការ​ខូចខាត​។ នា​ភាគ​ខាងត្បូង​ចិន​ថ្ងៃ​ទី​២៦​ កក្កដា មាន​ខ្យល់​បោកបក់​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​។ ផ្លូវ​នានា​គ្របដណ្ដប់​ដោយ​បំណែក​។

ជើងហោះហើរ​នៃ​យន្តហោះ​ចេញ​និង​ចូល​ក្រុង​ហុងកុង​ ដល់​យ៉ាងតិច​៣៥០​ជើង ត្រូវ​លុប​ចោល​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​។ អាជ្ញាធរ​ក្រុង​ហុងកុង​គូសបញ្ជាក់​ថា មនុស្ស​២១​នាក់​រង​របួស ដោយសារ​ព្យុះ​នេះ ចំណែក​ដើមឈើ​៣០០​ដើម​ត្រូវរ​លំបាក់​។ CCTV​រាយការណ៍​ទៀត​ថា ព្យុះ​នោះ​បន្ត​វាយប្រហារ​លើ​ដែនដី​ជាមួយ​ខ្យល់​និង​ភ្លៀង​ខ្លាំង នៅ​ខេត្ត​ជាំ​ងស៊ី ហ៊ូ​ណា​ន់ ​និង​ហ៊ូប៉ី​។ តាម​CCTV​ថា ភ្លៀង​បង្ក​ឡើង​ដោយ​ព្យុះ​នេះ​អាច​ធ្លាក់​បន្ត រហូត​ដល់​ថ្ងៃ​ទី​២៨​ កក្កដា នៅ​ខេត្ត​ហេ​ណា​ន​ និង​សាន​ដុ​ង​៕